ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត ក្រោមគម្រោងសហហិរញ្ញប្បទាន (Co-funded Doctorate) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
កម្មវិធីអាហារូបករណ៍ France Excellence (BFE) នេះ គឺជាកិច្ចសហការរវាងស្ថានទូតបារាំង ជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងស្ថាប័នដៃគូដទៃទៀត។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖ ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ជីវភាពរស់នៅចំនួន ១,៨៥០ អឺរ៉ូ, សំបុត្រយន្តហោះទៅ-មក កម្ពុជា-បារាំង សម្រាប់ឆ្នាំសិក្សានីមួយៗ, ការលើកលែងថ្លៃទិដ្ឋាការ (Visa) និងថ្លៃចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យរដ្ឋក្នុងប្រទេសបារាំង, ការធានារ៉ាប់រងសុខភាព និងអាទិភាពទទួលបានកន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យ។
លក្ខខណ្ឌនៃការជ្រើសរើស
អាហារូបករណ៍នេះផ្ដោតសំខាន់លើជំនាញអាទិភាពមួយចំនួនដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM), បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT), វិទ្យាសាស្ត្រទិន្នន័យ (Data Science) និងវិទ្យាសាស្ត្រសុខាភិបាល។ បេក្ខជនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- មានសញ្ជាតិខ្មែរ និងមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ត្រឹមខែកញ្ញា ឆ្នាំ២០២៦។
- មានសមត្ថភាពភាសាបារាំង ឬភាសាអង់គ្លេស កម្រិត B2 ទៅតាមកម្មវិធីសិក្សាដែលបានជ្រើសរើស។
- មានគម្រោងស្រាវជ្រាវច្បាស់លាស់ និងមានសាស្ត្រាចារ្យណែនាំនៅប្រទេសបារាំង។
- បេជ្ញាចិត្តត្រឡប់មកបម្រើការងារនៅគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំ ក្រោយបញ្ចប់ការសិក្សា។

ការដាក់ពាក្យ ៖ អាហារូបករណ៍នេះមានរយៈពេលសរុប ១៨ ខែ ដែលបែងចែកក្នុងអំឡុងពេល ៣ ឆ្នាំនៃថ្នាក់បណ្ឌិត (៦ ខែក្នុងមួយឆ្នាំ)។ បេក្ខជនត្រូវដាក់ពាក្យតាមរយៈ [ ទម្រង់អនឡាញ (Google Form) ] ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV), លិខិតបញ្ជាក់គោលបំណង (Motivation Letter), លិខិតទទួលយកពីសាកលវិទ្យាល័យនៅបារាំង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ https://kh.ambafrance.org/Campgne-Bourses-France-Excellence-2026-2027-doctorat
ចាប់ទទួលពាក្យពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ (ត្រឹមម៉ោង ១០ យប់)។ បេក្ខជនម្នាក់អាចដាក់ពាក្យបានតែ ១ សំណុំបែបបទប៉ុណ្ណោះ ។ ឯកសារដែល មិនពេញលេញ ឬមិនត្រឹមត្រូវ នឹងត្រូវចាត់ទុកជាមោឃៈ៕





























