ដើម្បីជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយលើការស្វែងរកកន្លែងស្នាក់នៅប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ”បំណង” បានប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់នៅសរុបចំនួន ២១០ កន្លែង ដល់សិស្ស-និស្សិតដែលត្រូវបន្តការសិក្សានៅរាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ តាមរយៈគម្រោងអន្តេវាសិកដ្ឋាននិស្សិតបំណងទាំង ៣ ទីតាំង។
ទីតាំងគម្រោងអន្តេវាសិកដ្ឋាន
គម្រោងទី ៤៖ ផ្ទះលេខ ៨៤ ផ្លូវលេខ ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ស្ថិតនៅជិត RUPP, IFL និង ITC)
គម្រោងទី ៥៖ ផ្ទះលេខ ៦៦ ផ្លូវ A5 ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ស្ថិតនៅជិត AUPP និង CADT)
គម្រោងទី ៦៖ ផ្លូវលេខ ៩៩ កែងផ្លូវលេខ ១០១ ភូមិ ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន (ស្ថិតនៅជិត RULE)
កម្រិត និងចំនួនអាហារូបករណ៍
គម្រោងទី ៤ និងទី ៥ (សរុប ១០០ កន្លែង)៖ ផ្ដល់ជូនអាហារូបករណ៍ 10% សម្រាប់និស្សិតដែលមានអាណាព្យាបាលជានគរបាល, គ្រូបង្រៀន, យោធា, បុគ្គលិកសុខាភិបាល, មន្ត្រីពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ និងមន្ត្រីស្ថាប័នរដ្ឋផ្សេងៗទៀត។
គម្រោងទី ៦ (សរុប ១១០ កន្លែង)៖
- អាហារូបករណ៍ 15% ចំនួន ៣០ កន្លែង
- អាហារូបករណ៍ 20% ចំនួន ៣០ កន្លែង
- អាហារូបករណ៍ 25% ចំនួន ៥០ កន្លែង (ផ្ដល់ជូនសម្រាប់តែនិស្សិតជានារីប៉ុណ្ណោះ)

លក្ខខណ្ឌពិសេសសម្រាប់សិស្ស-និស្សិតថ្មី (ប្រឡងបាក់ឌុបឆ្នាំ ២០២៦)
ចំពោះសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ ២០២៦ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 10% ក្នុងការស្នាក់នៅរយៈពេល ១ ឆ្នាំពេញ សម្រាប់គ្រប់គម្រោងទាំងអស់។ ដោយឡែក សិស្សដែលទទួលបាននិទ្ទេស A ចាប់ពី ១ មុខវិជ្ជាឡើងទៅ នឹងទទួលបានការបន្ថែមអាហារូបករណ៍ ២% ក្នុង ១ មុខវិជ្ជា។
បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំ តម្រូវឱ្យភ្ជាប់មកជាមួយនូវឯកសារចាំបាច់រួមមាន៖ លទ្ធផលប្រឡងបាក់ឌុប និងកាតសិស្សប្រឡងបាក់ឌុបឆ្នាំ ២០២៦។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ https://t.me/bamnangrecruitment ៕














































































