ក្នុងឆ្នាំសិក្សា២០២៥-២០២៦ កន្លងមកនេះ សិស្សវិទ្យាល័យ និងអនុវិទ្យាល័យនៅជនបទប្រមាណជាង១ម៉ឺននាក់ ក្នុងនោះសិស្សស្រីមានរហូតដល់ ៥៥% កំពុងទទួលបានឱកាសសិក្សាមុខវិជ្ជាបច្ចេកវិទ្យាឌីជីថល តាមរយៈ «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» ដែលជាកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា។
លោក ហេង ទីគា អ្នកសម្របសម្រួលមូលធនមនុស្សឌីជីថល នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា បច្ចុប្បន្ន មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ កំពុងអនុវត្តនៅខេត្តតាកែវចំនួន១៩ទីតាំង, ខេត្តកណ្តាល ១ទីតាំង និងខេត្តកំពង់ចាម ១ទីតាំងផងដែរ។ តាមរយៈមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ បានជួយឱ្យគ្រូបង្រៀន សិស្សានុសិស្សទាំងអស់ អាចមានលទ្ធភាពរៀនបច្ចេកវិទ្យាផ្ទាល់។
បើតាមលោក ហេង ទីគា សិស្សានុសិស្សបានសម្តែងការពេញចិត្តចំពោះមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលជួយពួកគេមានលទ្ធភាពយល់ដឹងពីបច្ចេកវិទ្យាទាន់សម័យ ខណៈមជ្ឈមណ្ឌលនេះ ក៏មានកម្មវិធីដែលគាំទ្រពីសាលារៀនជំនាន់ថ្មី ដោយយកកម្មវិធីសិក្សាទៅដាក់ឱ្យអនុវត្តនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ផ្ទាល់តែម្តង។
កាលពីមុនយើងគិតថាសិស្សដែលនៅតាមបណ្តាខេត្តមានគម្លាតឌីជីថល ពេលខ្លះគាត់អត់អាចមានលទ្ធភាពរៀនបច្ចេកវិទ្យា ប៉ុន្តែនៅពេលដែលយើងមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ចូលទៅតំបន់គាត់ នោះសហគមន៍ គ្រូបង្រៀន និងសសានុសិស្សទាំងអស់ អាចមានលទ្ធភាពរៀនបច្ចេកវិទ្យាផ្ទាល់តែម្តង

បច្ចុប្បន្នមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មានសរុបចំនួន ២១ទីតាំង ដោយមានបុគ្គលិកប្រតិបត្តិសរុបចំនួន ៨២នាក់ ដែលជ្រើសរើសចេញពីសមាសភាពគ្រូបង្រៀន តាមវិទ្យាល័យ និងសហគមន៍មូលដ្ឋានផ្ទាល់។ មជ្ឈមណ្ឌលនេះ ដើរតួនាទីក្នុងការផ្តល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញឌីជីថលដល់សិស្សវិទ្យាល័យ មន្ត្រីរាជការ អាជីវករ កសិករ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ឱ្យបានយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ចេះប្រើប្រាស់ ឧបករណ៍ឌីជីថលសម្រាប់ទាញយកប្រយោជន៍បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងអាចស្វែងរកសេវាសាធារណៈតាម ប្រព័ន្ធអនឡាញជាដើម ក្នុងគោលបំណងជំរុញការបង្កើនធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់ បន្ថយគម្លាតឌីជីថល ហើយក្នុងពេលតែមួយផ្តល់សេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ លោក ហេង ទីគា មានប្រសាសន៍ថា បន្ទាប់ពីការសាកល្បងបានជោគជ័យ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ គ្រោងនឹងពង្រីកចំនួន ៥៥៨ទីតាំងទៀតនៅទូទាំងប្រទេស នាឆ្នាំបន្តបន្ទាប់៕





























