គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ ចំនួន ២ ២៩៨នាក់ (ស្រី ១ ១៨៤នាក់) បានបញ្ចប់វគ្គបណ្តុះបណ្តាលផ្ទាល់រយៈពេល ២សប្តាហ៍ ដោយជោគជ័យនៅវិទ្យាស្ថានជាតិអប់រំ (NIE) និងកំពុងត្រៀមខ្លួនចេញទៅបង្រៀនផ្ទាល់នៅតាមសាលាគោលដៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ការបណ្ដុះបណ្ដាលគរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការបណ្ដុះបណ្ដាលរយៈពេល ២សប្ដាហ៍ នេះ គឺផ្ដោតសំខាន់ទៅលើ វិធីសាស្រ្តបង្រៀន ការសរសេរកិច្ចតែងការ និងការប្រើប្រាស់យុទ្ធវិធីក្នុងការបង្រៀន ដើម្បីជួយគ្រូបង្រៀនចេញថ្មី មានមូលដ្ឋានគ្រឹះ ចេះពីវិធីសាស្រ្តបង្រៀន មានចំណេះដឹងគរុកោសល្យ និងបង្រៀនសិស្សដោយទំនុកចិត្ត។
បន្ទាប់ពីនេះទៅ គរុនិស្សិត នឹងត្រូវបន្តការបណ្តុះបណ្តាលរយៈពេល២ឆ្នាំថែមទៀតតាមបែបចម្រុះ (Blended Learning) ដែលក្នុងនោះ ការបង្រៀនផ្ទាល់ (Face-to-face) នៅវិទ្យាស្ថានជាតិអប់រំ និងការបង្រៀនតាមប្រព័ន្ធអនឡាញ (Virtual Learning)។

អ្នកគ្រូ ជុំ ឃុនសុជាតា គ្រូបង្រៀនមុខវិជ្ជាវិធីសាស្រ្តបង្រៀន នៃវិទ្យាស្ថានជាតិអប់រំ (NIE) មានប្រសាសន៍ថា តាមរយៈការបណ្ដុះបណ្ដាលរយៈពេល២សប្ដាហ៍ ពោលគឺក្រោយឆ្លងកាត់ការអនុវត្តរបស់គរុនិស្សិត ដែលបានឡើងបង្រៀនសាកល្បងអំពីវិធីសាស្រ្តបង្រៀន ដែលវិទ្យាស្ថានជាតិអប់រំបានដាក់ឱ្យ និងយុទ្ធវិធីក្នុងការបង្រៀនមួយចំនួន លោកមើលឃើញថា គរុនិស្សិតអាចធ្វើបាន រួមមាន អាចធ្វើកិច្ចតែងការបង្រៀន អាចឡើងបង្រៀននូវអ្វីដែលពួកគាត់បានធ្វើ ដោយមិនចម្លងពីអ្នកដទៃ។
អ្នកគ្រូ ជុំ ឃុនសុជាតា បន្ថែមថា នេះជាជំហានដំបូងដែលគរុនិស្សិតនឹងចេញទៅបង្រៀន ប៉ុន្តែពួកគាត់អាចធ្វើបាន ហើយប្រសិនជាមានចំណុចខ្វះខាត ឬខ្វះចន្លោះ គរុនិស្សិតនៅតែអាចសាកសួរលោកគ្រូ អ្នកគ្រូ ដែលបានបណ្ដុះបណ្ដាលពួកគាត់ តាមប្រព័ន្ធអនឡាញ ឬសួរមិត្តភក្ដិជាដើម។ អ្នកគ្រូ បន្តថា អ្វីដែលគរុនិស្សិតបានរៀន និងយកទៅអនុវត្តពេលទៅបង្រៀនដោយផ្ទាល់ ហើយជួបប្រទះបញ្ហាប្រឈម ដូច្នេះនៅពេលបន្តការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ឬវគ្គក្រោយទៀត យើងនឹងបន្តជួយដោះស្រាយ។
«អ្វីដែលខ្ញុំរំពឹងគឺគរុនិស្សិតយកវិធីសាស្រ្តថ្មីទៅអនុវត្ត»។
កញ្ញា វឿន ស្រីណា ជាគរុនិស្សិតឯកទេសភាសាខ្មែរ ដែលត្រៀមខ្លួនចេញទៅបង្រៀននៅ វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ខេត្តកំពង់ចាម លើកឡើងថា កញ្ញាមានអារម្មណ៍សប្បាយចិត្តដែលបានទទួលការបណ្ដុះបណ្ដាលរយៈពេល ២សប្ដាហ៍នៅវិទ្យាស្ថានជាតិអប់រំ (NIE) និងចាត់ទុកថា ជាស្ពានចម្លងដ៏សំខាន់បំផុត មុនពេលឈានជើងចូលប្រឡូកក្នុងអាជីពជាគ្រូបង្រៀនពេញសិទ្ធិ។
គរុនិស្សិតឯកទេសភាសាខ្មែរ រូបនេះ បន្ថែមថា អ្វីដែលកញ្ញាទទួលបានពីការបណ្ដុះបណ្ដាលនេះ គឺ ទី១.ពង្រឹងមូលដ្ឋានគ្រឹះគរុកោសល្យ និងទំនុកចិត្ត ៖ វគ្គបណ្ដុះបណ្ដាលនេះ បានផ្តល់នូវបច្ចេកទេសបង្រៀនទំនើបៗ ការគ្រប់គ្រងថ្នាក់រៀន និងការរៀបចំកិច្ចតែងការបង្រៀនបានយ៉ាងច្បាស់លាស់ ដែលជួយឱ្យនាងខ្ញុំមានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ក្នុងការឈរពន្យល់សិស្ស, ទី២.ការផ្លាស់ប្តូរបទពិសោធន៍ និងបណ្តាញទំនាក់ទំនង ៖ ទទួលបានដំបូន្មានល្អៗពីគ្រូឧទ្ទេសដែលមានបទពិសោធខ្ពស់ និងបានផ្លាស់ប្តូរគំនិតជាមួយមិត្តរួមជំនាន់មកពីគ្រប់ខេត្ត-ក្រុង ធ្វើឱ្យកញ្ញាមើលឃើញពីវិធីសាស្ត្រដោះស្រាយបញ្ហាក្នុងថ្នាក់រៀនបានកាន់តែទូលំទូលាយ និង ទី៣.បណ្តុះឆន្ទៈ និងក្រមសីលធម៌វិជ្ជាជីវៈ ៖ ក្រៅពីចំណេះដឹង វគ្គនេះបានដាស់ស្មារតីឱ្យកាន់តែស្រលាញ់អាជីពជាគ្រូបង្រៀន មានការទទួលខុសត្រូវខ្ពស់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយអភិវឌ្ឍធនធានមនុស្សនៅតាមសាលាគោលដៅ។

កញ្ញា វឿន ស្រីណា បន្ថែមថា នៅពេលចេញទៅបង្រៀននៅសាលាគោលដៅ ក្នុងនាមជាគ្រូបង្រៀន កញ្ញានឹងយកចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាល នៅ NIE ដោយបត់បែនតាមស្ថានភាពជាក់ស្តែងរបស់សិស្ស ដោយផ្តោតលើវិធីសាស្ត្រសំខាន់ៗរួមមាន៖
- វិធីសាស្ត្របង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល (Student-Centered) រួមមាន 5E / IBL៖ ជំរុញឱ្យសិស្សចេះសួរសំណួរ ពិភាក្សាជាក្រុម វិភាគអត្ថបទ និងស្វែងរកចម្លើយដោយខ្លួនឯង ជាជាងការអង្គុយចាំតែស្តាប់ និងកត់ត្រាតាមគ្រូ។
- ការបញ្ជ្រាបបច្ចេកវិទ្យា (ICT) និងសម្ភារៈឧបទេសសម្បូរបែប៖ ប្រើប្រាស់ស្លាយបទបង្ហាញ រូបភាព វីដេអូ ឬល្បែងសិក្សាផ្សេងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្ស ធ្វើឱ្យម៉ោងសិក្សាអក្សរសាស្ត្រខ្មែរមានភាពរស់រវើក និងមិនធុញទ្រាន់។
- ការវាយតម្លៃផ្សារភ្ជាប់នឹងសមត្ថភាពទាំង ៣ (វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា)៖ មិនត្រឹមតែបង្រៀនឱ្យសិស្សចេះតែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះបំណិនក្នុងការគិតត្រិះរិះពិចារណា ការប្រើប្រាស់ភាសាក្នុងជីវភាពប្រចាំថ្ងៃ និងបណ្តុះគុណធម៌ សីលធម៌ ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ជាមួយគ្នានេះ លោក ជុំ វេត ជាគរុនិស្សិតដែលនឹងទៅបង្រៀននៅវិទ្យាល័យហ៊ុនសែនស្នួល ខេត្តក្រចេះ លើកឡើងថា ការចូលរួមបណ្ដុះបណ្ដាលរយៈពេល ២សប្ដាហ៍នេះ បានធ្វើឱ្យលោកកាន់តែបង្កើនសមត្ថភាពបង្រៀនល្អជាងមុន តាមរយៈការរៀនជាមួយគ្រូឧទ្ទេសដែលមានបទពិសោធបង្រៀនល្អ។
លោក ជុំ វេត បន្ថែមថា នេះជាបទពិសោធថ្មីមួយ ដែលលោកទទួលការបណ្ដុះបណ្ដាលអំពីវិធីសាស្រ្តថ្មី និងនេះប្រើប្រាស់យុទ្ធវិធីក្នុងការបង្រៀនសិស្ស។ សម្រាប់ការចេញទៅបង្រៀនសិស្ស នាពេលខាងមុខ លោក ជុំ វេត ប្ដេជ្ញាថា នឹងបំពេញការងារឱ្យបានល្អ ហើយអនុវត្តការបង្រៀនស្របតាមនិយាមគរុកោសល្យ និងគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀនឱ្យបានខ្ជាប់ខ្ជួន។
គួរជំរាបជូនថា គរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ផ្អែកលើកិច្ចព្រមព្រៀងជំនាន់ទី១ ដែលកំពុងធ្វើការបណ្តុះបណ្តាល មានចំនួន ២២៩៨នាក់ (ស្រី១១៨៤នាក់) ត្រូវបានបែងចែកតាមមុខវិជ្ជាឯកទេសចំនួន៨ រួមមាន ១. ឯកទេសអក្សរសាស្ត្រខ្មែរ ២. ឯកទេសប្រវត្តិវិទ្យា ៣. ឯកទេសភាសាអង់គ្លេស ៤. ឯកទេសគណិតវិទ្យា ៥. ឯកទេសរូបវិទ្យា ៦. ឯកទេសគីមីវិទ្យា ៧. ឯកទេសជីវវិទ្យា និង៨. ឯកទេសបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍៕






























