សាលារៀនប្រមាណ២០០ នៅទូទាំងប្រទេស មានលទ្ធភាពអនុវត្តកម្មវិធីសិក្សា «៤ម៉ោង+២» ដែលសិស្សរៀនសរុប៦ម៉ោងក្នុងមួយថ្ងៃ ខណៈរាជរដ្ឋាភិបាលគ្រោងពង្រីកកម្មវិធីនេះជាជំហានៗ ដើម្បីពង្រឹងចំណេះដឹង និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីនៅខេត្តកំពង់ធំ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា តាមការសិក្សា និងការអនុវត្តសាកល្បង ការរៀន៦ម៉ោងក្នុងមួយថ្ងៃ ចែកជា២វេន មានលទ្ធផលល្អប្រសើរជាងការរៀនត្រឹម៤ម៉ោង។
សម្តេចធិបតីបានបញ្ជាក់ថា ការបន្ថែមម៉ោងសិក្សាមិនមែនផ្តោតតែលើការបង្កើនពេលវេលារៀននោះទេ ប៉ុន្តែត្រូវមានការវាយតម្លៃលើលទ្ធផលសិក្សាជាក់ស្តែង ជាពិសេសសមត្ថភាពសិស្សដែលរៀនខ្សោយ ដើម្បីពិនិត្យមើលថាតើការបន្ថែមម៉ោងអាចជួយលើកកម្ពស់គុណភាពចំណេះដឹងបានកម្រិតណា។
សម្តេចធិបតីបានឱ្យដឹងថា សាលារៀនប្រមាណ២០០នេះ នឹងត្រូវយកមកអនុវត្តសាកល្បងកម្មវិធី «៤ម៉ោង+២» តាមរូបមន្តសាលារៀនគំរូ មុននឹងពង្រីកទៅសាលារៀនផ្សេងទៀត។ កម្មវិធីនេះមិនតម្រូវឱ្យមានការចំណាយច្រើនលើឧបករណ៍ទំនើបនោះទេ ដោយអាចប្រើប្រាស់ធនធានដែលមានស្រាប់ និងបន្ថែមពេលវេលាសិក្សា។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការពង្រីកកម្មវិធីនេះមិនអាចធ្វើឡើងទូទាំងប្រទេសក្នុងពេលតែមួយបានទេ ដោយត្រូវដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ចំនួនគ្រូបង្រៀន និងពង្រឹងគុណភាពអប់រំជាមុន។ ទោះជាយ៉ាងណា ចក្ខុវិស័យរបស់រដ្ឋាភិបាល គឺធ្វើយ៉ាងណាឱ្យសិស្សមានលទ្ធភាពរៀន៦ម៉ោងក្នុងមួយថ្ងៃពេញមួយរយៈពេល១២ឆ្នាំនៃការសិក្សា។
ចំពោះខ្លឹមសារនៃការបន្ថែមម៉ោងសិក្សា សម្តេចធិបតីបានបញ្ជាក់ថា នឹងផ្តោតលើមុខវិជ្ជាសំខាន់ៗ រួមមាន វិទ្យាសាស្ត្រ ភាសាខ្មែរ គណិតវិទ្យា និងសីលធម៌ ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពសិស្ស ព្រមទាំងកាត់បន្ថយពេលវេលាទំនេរដែលអាចនាំឱ្យយុវជនប្រព្រឹត្តសកម្មភាពមិនសមរម្យក្នុងសង្គម។
ចំពោះទិសដៅនេះ លោកស្រី វុធ ស្រីមាស អាណាព្យាបាលសិស្សមួយរូប បានបង្ហាញការគាំទ្រចំពោះការបន្ថែមម៉ោងសិក្សា ដោយយល់ថា វានឹងផ្តល់ពេលវេលារៀននៅសាលាកាន់តែច្រើនដល់កូនៗ និងជួយកាត់បន្ថយការដើរលេងផ្តេសផ្តាសនៅពេលទំនេរ។
«បើរដ្ឋថែមមួយពេលថ្ងៃទៀត ខ្ញុំជាម្តាយគាំទ្រ ព្រោះមិនសូវបារម្ភរឿងកូនដល់ម៉ោងអាចដើរលេងផ្តេសផ្តាស ហើយគាត់មានម៉ោងរៀននៅសាលាបានច្រើន ខ្ញុំគាំទ្រការបន្ថែមម៉ោងរៀននេះ»
ជាមួយគ្នានេះ សាស្ត្រាចារ្យ ហង្ស ពណ្ណរាយ ដែលបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏បានបង្ហាញការគាំទ្រចំពោះគោលដៅបន្ថែមម៉ោងសិក្សានេះ ដោយចាត់ទុកថា ជាទិសដៅមួយក្នុងការលើកកម្ពស់គុណភាពអប់រំ និងសមត្ថភាពសិក្សារបស់សិស្ស។
គួរបញ្ជាក់ថា ការពង្រីកម៉ោងសិក្សាដល់៦ម៉ោងក្នុងមួយថ្ងៃ គឺជាទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សកម្ពុជា ដោយអនុវត្តជាជំហានៗ ស្របតាមលទ្ធភាពហេដ្ឋារចនាសម្ព័ន្ធ និងធនធានរបស់សាលារៀននីមួយៗ៕













































































