ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ ក៏ដូចជាល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ស្នាដៃទាំងនេះមិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់វប្បធម៌បុរាណ ទៅនឹងសម័យកាលទំនើបផងដែរ។
លោក សួន ម៉ៃសុផានិត ជាអ្នករចនាពុម្ពអក្សរខ្មែរដ៏ល្បីមួយរូបនៅកម្ពុជា បានប្រាប់ AMS ថា លោកបានរចនាគំនូរតុក្កតាឌីជីថល អមដោយឈ្មោះល្បែងប្រជាប្រិយខ្មែរ និងបានដាក់ឱ្យប្រើប្រាស់សេរី គឺដើម្បីជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដែលគួរត្រូវបានផ្សព្វផ្សាយទៅកាន់មនុស្សជំនាន់ក្រោយ។ ការរចនា និងដាក់ឱ្យប្រើប្រាស់ដោយសេរីនេះ ក៏ព្រោះតែលោកចង់ឱ្យមនុស្សគ្រប់គ្នាអាចប្រើប្រាស់បានងាយស្រួល ក្នុងការអប់រំ និងទូលំទូលាយ ក៏ដូចជាលើកទឹកចិត្តយុវជនឱ្យស្គាល់ និងចូលចិត្តវប្បធម៌ប្រពៃណីតាមរយៈរចនាបថទំនើប។


អ្នករចនាពុម្ពអក្សរខ្មែរ រូបនេះ បន្ថែមថា លោកបានប្រើរយៈពេលពីពីរសប្ដាហ៍ ទៅមួយខែដើម្បីរចនាគំនូរឌីជីថលនេះឡើង ដោយរំលេចឈ្មោះល្បែងប្រជាប្រិយខ្មែរសរុបចំនួន ១៦ រួមមាន ពង្រាត់កូនក្រមុំ រាំដណ្ដើមកៅអី ចាប់កូនខ្លែង បោះអង្គុញ បូមទឹកដាក់ដប វាយខ្អម គ្របមាន់ ដណ្ដើមស្លឹកឈើ ញ៉ាំប៉ិកួៈ ឡើងសសរខ្លាញ់ លោតបាវ ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ បីដកមួយ និងស្ដេចចង់។
លោក សួន ម៉ៃសុផានិត បញ្ជាក់ថា ក្នុងឱកាសអបអរបុណ្យចូលឆ្នាំខ្មែរ ការចូលរួមកិច្ចការសង្គមតាមរយៈសិល្បៈឌីជីថល គឺមានភាពសម្បូរបែបក្នុងការប្រើប្រាស់អ្វីដែលជារបស់ខ្មែរ។ ម៉ៃសុផានិត យល់ថា យុវជនផ្សេងទៀតក៏អាចប្រើឌីជីថលផ្សារភ្ជាប់សិល្បៈច្នៃប្រឌិត ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរច្រើនវិធី រួមមាន បង្កើត poster, illustration, animation អំពីល្បែងប្រជាប្រិយ ក៏ដូចជាផលិតវីដេអូខ្លី បង្ហាញល្បែង ឬប្រពៃណីរចនាប្រើនៅលើបណ្តាញសង្គម ចែករំលែកស្នាដៃនៅលើ Facebook, Instagram ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរផងដែរ។
ជាមួយគ្នានេះ កញ្ញា ម៉ម លីសា ដែលជាវិចិត្រករសហសម័យ ក៏បានជ្រើសរើសការគូសគំនូរឌីជីថលទេវត្តាឆ្នាំថ្មី ដោយលើការផ្ដោតតុបតែងលើគ្រឿងអលង្ការរចនាបទខ្មែរ ហើយក៏បានដាក់ឱ្យប្រើប្រាស់នៅក្នុងតេលេក្រាមផងដែរ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន។


វិចិត្រករសហសម័យរូបនេះ ចង់ឃើញយុវជនខ្មែរដែលមានទេពកោសល្យ និងស្នាដៃក្នុងការគូសគំនូរ មិនថា គំនូរប្រើប្រាស់ទឹកថ្នាំ ទឹកប៊ិក ឬគំនូរឌីជីថល គឺអាចចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ឬពិធីបុណ្យផ្សេងៗ តាមរយៈស្នាដៃគំនូរ និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់សិល្បៈគំនូរនៅប្រទេសកម្ពុជា ហើយក៏ធ្វើឱ្យស្នាដៃគំនូររបស់កូនខ្មែរកាន់តែរីកចម្រើន។
លោក ផាត សោភ័ណ្ឌ ជាអ្នករចនា (Graphic design) ក៏បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈគំនូរតុក្កតា អបអសាទរពិធីបុណ្យចូលឆ្នាំខ្មែរ, ដោយថា លោកចង់បង្ហាញស្នាដៃរបស់ខ្លួន ដើម្បីឱ្យវិស័យនេះមានអ្នកស្គាល់កាន់តែច្រើន ជាពិសេសចង់ចែករំលែកបទពិសោធន៍ដែលខ្លួនមាន។


លោក សោភ័ណ្ឌ យល់ថា ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរ យុវជនអាចចូលរួមប្រើប្រាស់ឌីជីថលផ្សារភ្ជាប់ជាមួយសិល្បៈចៃ្នប្រឌិត ដោយផ្សព្វផ្សាយថារយៈគំរូឌីជីថល ( Digital art ) គឺជាការជួយគ្នាផ្សព្វផ្សាយអ្វីដែលជាវប្បធម៌ខ្មែរ ទំនៀមទំលាប់ ប្រពៃណី ប្រវត្តិសាស្រ្ត ឱ្យកាន់តែទូលំទូលាយ។
ដូចគ្នានេះដែរ លោក ផល រ៉ាណន់ ជាវិចិត្រករ ដែលបានរចនាគំនូរតុក្កតាឌីជីថលអបអរបុណ្យចូលឆ្នាំខ្មែរនៅលើបណ្ដាញសង្គម យល់ថា ការប្រើប្រាស់បច្ចេកវិទ្យា (Digital Art) ដើម្បីបង្ហាញពីភាពស្រស់ស្អាតនៃបរិយាកាសកំឡុងពេលពិធីចូលឆ្នាំថ្មី គឺជាការរួមបញ្ចូលគ្នារវាង “អនុស្សាវរីយ៍កាលពីក្មេងវ័យ និងវ័យពេលបច្ចុប្បន្ន” គឺយើងនៅរក្សារបាននូវទំនៀមទំលាប់នេះបានគង់វង់ ដែលធ្វើឱ្យយុវជនជំនាន់ក្រោយងាយនឹងទទួលយក និងមានមោទនភាពចំពោះវប្បធម៌ខ្លួនឯងកាន់តែខ្លាំង។


“សូមកុំខ្លាចក្នុងការសាកល្បងអ្វីដែលថ្មី ព្រោះរាល់ស្នាដៃច្នៃប្រឌិតរបស់អ្នក គឺជាចំណែកមួយក្នុងការថែរក្សា និងអភិវឌ្ឍមរតកដូនតាឱ្យរស់រវើកជានិច្ចក្នុងសម័យកាលបច្ចេកវិទ្យានេះ!”
សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម បានកោតសរសើរដល់យុវជនខ្មែរទាំងនេះ ដែលចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរចនាគំនូរឌីជីថលអបអរបុណ្យចូលឆ្នាំថ្មី ជាពិសេសទាក់ទងល្បែងប្រជាប្រិយខ្មែរ, មិនតែប៉ុណ្ណោះផ្ដល់ឱកាសឱ្យសាធារណៈជនទាញយកដោយសេរី។ នេះបង្ហាញពីសមត្ថភាពយុវជនខ្មែរ កំពុងតែដើរទាន់សម័យ។
អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម សង្ឃឹមថា ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការធ្វើការងារនេះ ជាមួយប្អូនៗយុវជន ដើម្បីធ្វើឱ្យប្រទេសយើងមានសមាហរណកម្មរវាងអ្វីដែលបុរាណជាមួយបច្ចេកវិទ្យាទំនើប៕






























