ការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ JAMA បានរកឃើញថា ទម្លាប់ញ៉ាំកាហ្វេ ឬតែ ដែលមានសារធាតុជាតិកាហ្វេអ៊ីន (Caffeine) ជាប្រចាំរាល់ថ្ងៃ មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការ កាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ (Dementia) និងការថយចុះសមត្ថភាពខួរក្បាល។
អ្នកស្រាវជ្រាវបានតាមដានប្រវត្តិរបបអាហារ និងសុខភាពរបស់បុគ្គលិកសុខាភិបាល និងគិលានុបដ្ឋាយិកានៅសហរដ្ឋអាមេរិកជាង ១៣០,០០០ នាក់ ក្នុងរយៈពេលជិត ៤០ ឆ្នាំ។ ក្នុងនោះ គេបានរកឃើញថា ការញ៉ាំកាហ្វេដែលមានជាតិកាហ្វេអ៊ីនពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យជំងឺវង្វេងបានចន្លោះពី ១៥% ទៅ ២០% (ការសិក្សាចុងក្រោយបង្ហាញថា អាចបញ្ចុះបានរហូតដល់ ៣៥% ចំពោះមនុស្សដែលមានអាយុក្រោម ៧៥ ឆ្នាំ)។ សម្រាប់អ្នកចូលចិត្តតែវិញ ការញ៉ាំពី ១ ទៅ ២ ពែងក្នុងមួយថ្ងៃ ក៏ផ្តល់អត្ថប្រយោជន៍ការពារខួរក្បាលប្រហាក់ប្រហែលគ្នានេះដែរ។
ហេតុអ្វីបានជាកាហ្វេ និង តែ អាចការពារខួរក្បាលបាន?
អ្នកវិទ្យាសាស្ត្របានពន្យល់ថា នៅក្នុងកាហ្វេ និងតែ មានផ្ទុកនូវសារធាតុសកម្មជីវសាស្ត្រសំខាន់ៗដូចជា កាហ្វេអ៊ីន (Caffeine) និង ប៉ូលីហ្វេណុល (Polyphenols/Antioxidants) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការ ប្រឆាំងការរលាក (Anti-inflammation), កាត់បន្ថយជាតិពុលក្នុងខួរក្បាល, ជួយឱ្យលំហូរឈាមរត់ទៅចិញ្ចឹមខួរក្បាលបានល្អប្រសើរ។

⚠️ សារដាស់តឿន
ទោះបីជាកាហ្វេ និងតែ ត្រូវគេរកឃើញថាមានអត្ថប្រយោជន៍ក៏ដោយ តែក្រុមអ្នកស្រាវជ្រាវបានសង្កត់ធ្ងន់លើពាក្យថា “កម្រិតមធ្យម” (Moderation)។ ការញ៉ាំកាហ្វេលើសពី ៣ ពែង ឬច្រើនហួសប្រមាណក្នុងមួយថ្ងៃ មិនបានជួយបង្កើនលទ្ធផលការពារខួរក្បាលឱ្យកាន់តែខ្លាំងជាងមុននោះទេ ពោលគឺអត្ថប្រយោជន៍របស់វានៅទ្រឹងត្រឹមកម្រិតល្មមដដែល (Plateau Effect)។ ម្យ៉ាងវិញទៀត ការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឱ្យមានបញ្ហាគេងមិនលក់ ឬឡើងសម្ពាធឈាមចំពោះបុគ្គលមួយចំនួន៕






























