តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌ និងទំនៀមទម្លាប់ល្អរបស់ខ្មែរ ជាពិសេសត្រូវអប់រំកូនចៅ និងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរពព្រឹទ្ធាចារ្យ។
សម្តេចធិបតីលើកឡើងថា ការប្រតិបត្តិក្នុងសង្គមខ្មែរ ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពចាស់ព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការគោរព និងការដឹងគុណមនុស្សចាស់នេះក្លាយទៅជាគោល នៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារ និងកសាងប្រទេសជាតិរបស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានរបស់ចាស់ទុំ គឺជាផ្នែកមួយ នៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង។
ទិវាមនុស្សចាស់ឆ្នាំនេះ ត្រូវបានប្រារព្ធក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ», រាជរដ្ឋាភិបាលបានចាត់ទុកទិវាមួយនេះ ជាទិវាមួយសម្រាប់រម្លឹកគុណដល់មនុស្សវ័យចាស់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមនុស្សចាស់នៅទូទាំងពិភពលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងទាំងអស់គ្នាក្នុងការចូលរួមកសាងសង្គមជាតិមួយឱ្យរីកចម្រើនរួមគ្នា។

សម្តេចរដ្ឋមន្រ្តីមានប្រសាសន៍ថា ជារួមប្រវត្តិសាស្រ្ត និងបទពិសោធនៃសង្គមនីមួយៗបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាព និងសមធម៌ ទាមទារឱ្យមានការអភិវឌ្ឍផ្នែកអប់រំសីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។ ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានសុជីវធម៌ គុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។
សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌សម្បូណ៍បែប និងសមិទ្ធផលទាំងឡាយដែលត្រូវបានរក្សាគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំទូន្មានប្រៀនប្រដៅប្រកបដោយគតិបណ្ឌិត នៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្រ្តីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្រ្ត ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិប្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្រ្តជាដើម។
យ៉ាងណា ដើម្បីឱ្យសង្គមជាតិមានការអភិវឌ្ឍ មាននិរន្តរភាព មានសុខដុមរមនា និងមានសន្តិភាព ទាមទារឱ្យមានសារមគ្គីភាព សហការគ្នារវាងកម្លាំង និងគំនិតច្នៃប្រឌិតរបស់យុវជន គួបផ្សំជាមួយកេរដំណែលដ៏ល្អផូរផង់ ដំបូន្មាននិងបទពិសោធល្អរបស់មនុស្សចាស់ ជាពិសេសការគោរពដឹងគុណជានិច្ចចំពោះមនុស្សចាស់ ដែលជាការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់នៅព្រះរាជាណាចក្រកម្ពុជា និងនៅទូទាំងពិភពលោក ក្នុងការពង្រឹងប្រព័ន្ធគាំពារ និងថែទាំសុខុមាលភាពមនុស្សគ្រប់វ័យ។

ដើម្បីឱ្យក្មេងមានកម្លាំង និងស្គាល់ផ្លូវ រាជរដ្ឋាភិបាលទាំងអាណត្តិមុនៗ ក៏ដូចជាអាណត្តិទី៧នេះ បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ និងគោលនយោបាយជាតិនានាពាក់ព័ន្ធនឹងវិស័យអប់រំ និងវិស័យការងារផងដែរ។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ក៏បានរំលេចឡើងអំពីការត្រៀមខ្លួនរបស់ប្រជាជនវ័យក្មេង ដើម្បីឈានចូលវ័យចាស់ ដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការវិនិយោគលើយុវជនវ័យក្មេង ដែលមានន័យថា ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះ សម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត៕










































































