មនុស្សម្នាមកពីគ្រប់មជ្ឈដ្ឋានសរុបជាង ២,៥០០នាក់ បានរួមគ្នាក្នុងស្មារតីសាមគ្គីភាព បោះជំហានរត់ក្នុងព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងប្រមូលមូលនិធិសប្បុរសធម៌ ជួយទ្រទ្រង់ដល់ការសិក្សារបស់កុមារជាង ៦,០០០នាក់ ដែលកំពុងបន្តស្នាក់នៅក្នុងជំរុំភៀសសឹក។
លោក ហុង លីម ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា (FESC) មានប្រសាសន៍ថា សហព័ន្ធមិនត្រឹមតែបំពេញបេសកកម្មលើវិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើការងារសង្គម ដើម្បីពង្រឹងសាមគ្គីភាព បណ្តុះស្មារតីជួយគ្នាទៅវិញទៅមក និងបង្កើតផលវិជ្ជមានដល់សហគមន៍, លោកថា ព្រឹត្តិការណ៍ «រត់ដើម្បីការអប់រំកុមារព្រំដែន» បានឆ្លុះបញ្ចាំងពីស្មារតីរួបរួម និងការចូលរួមគាំទ្រការអប់រំរបស់សង្គមទាំងមូល។
លោកបន្តថា «រាល់ជំហានដែលពួកយើងបានបោះទៅមុខក្នុងថ្ងៃនេះ គឺជាជំហានឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងរបស់កុមារនៅតាមតំបន់ព្រំដែនដាច់ស្រយាល ជាពិសេសក្មួយៗសិស្សានុសិស្សដែលទទួលរងផលប៉ះពាល់ពីសង្គ្រាមកន្លងមក»។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងទទួលការគាំទ្រពីក្រុមហ៊ុនជីប ម៉ុង ក្នុងគោលបំណងប្រមូលមូលនិធិសប្បុរសធម៌ប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឱ្យកុមារដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ អាចបន្តការសិក្សា និងអភិវឌ្ឍខ្លួនជាធនធានមនុស្សសម្រាប់ប្រទេសជាតិ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែជាការប្រមូលមូលនិធិជួយដល់សាលារៀន និងកុមារនៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ស្មារតីស្នេហាជាតិ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈវិស័យកីឡា ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងរួមគ្នាគាំទ្រអនាគតរបស់កុមារកម្ពុជា។
សូមជម្រាបថា រហូតមកទល់ពេលនេះនៅមានកុមារប្រមាណជាង៦,០០០នាក់ បន្តស្នាក់នៅក្នុងជំរុំភៀសសឹក បន្ទាប់ពីភូមិករ និងផ្ទះសំបែងរបស់ពួកគេត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន៕






























