រាជធានីភ្នំពេញ ៖ នាយទាហានកម្ពុជា ចំនួន ៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យ បន្ទាប់ពីសិក្សាអស់រយៈពេល ៦ឆ្នាំ។
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានឱ្យដឹងកាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ថា នាយទាហានកម្ពុជា ទាំង ៤រូប នោះរួមមាន លោកអនុសេនីយ៍ទោ ពូន សំរ៉ុង, លោកអនុសេនីយ៍ទោ ស៊ុន ចាំ, លោកអនុសេនីយ៍ទោ មាស ភារ៉ូ និងលោកអនុសេនីយ៍ទោ វង់ ភក្តី។
បណ្ឌិត្យសភាយោធាការពារដែនអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ទីក្រុងស្មូឡិនស្ក៍ ជាគ្រឹះស្ថានឧត្ដមសិក្សាយោធា ឈានមុខគេមួយរបស់សហព័ន្ធរុស្ស៊ី ក្នុងការបណ្ដុះបណ្ដាលនាយទាហានជំនាញ ផ្នែកការពារដែនអាកាស។
អ្នកឃ្លាំមើលចាត់ទុកការបញ្ចប់ថ្នាក់អនុបណ្ឌិតយោធារបស់ទាហានខ្មែរ ៤រូប លើជំនាញការពារដែនអាកាស ពីប្រទេសរុស្ស៊ី ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី គូសបញ្ជាក់ថា ការបញ្ជូននិស្សិតកម្ពុជាឱ្យទៅសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសរុស្ស៊ី ឆ្លុះបញ្ចាំងពីចក្ខុវិស័យយ៉ាងស៊ីជម្រៅ នៃការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។ «បង្ហាញថា កម្ពុជាយើងកន្លងមក បានសិក្សាស៊ីជម្រៅហើយអំពីការរុញអ្នកជំនាញៗទៅសិក្សានៅទីនោះ ដើម្បីជួយកម្ពុជានៅពេលនេះ»។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជ្យបណ្ឌិតសភាកម្ពុជា យល់ឃើញថា ការបញ្ចប់ថ្នាក់អនុបណ្ឌិតយោធារបស់ទាហានខ្មែរ ៤រូប លើជំនាញការពារដែនអាកាស ពីប្រទេសរុស្ស៊ី កំពុងឆ្លើយតបនឹងតម្រូវការធនធានមនុស្ស និងកំណែទម្រង់លើវិស័យយោធានៅក្នុងប្រទេសកម្ពុជា។
”ការបញ្ចប់ការសិក្សារបស់គាត់នេះ គឺស្របនឹងតម្រូវការរបស់យើងកំពុងធ្វើកំណែទម្រង់កងទ័ព ពង្រឹងវិស័យយោធា”
យោងតាមតួលេខក្រៅផ្លូវការដែលសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ផ្ដល់ឱ្យបណ្ដាញ AMS មាន និស្សិតកម្ពុជា ចន្លោះពី ១៦០នាក់ ទៅ២០០នាក់ ជាជនស៊ីវិល និងចន្លោះពី ៣០០នាក់ ទៅ ៥០០នាក់ ផ្នែកយោធា ដែលបាន និងកំពុងសិក្សាលើជំនាញផ្សេងៗ នៅប្រទេសរុស្ស៊ី។
ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានឱ្យដឹងទៀតថា វិស័យសំខាន់ៗ ដែលប្រទេសរុស្ស៊ី តែងជួយកម្ពុជា កន្លងមក ភាគច្រើនមាន វិស័យយោធា, សន្តិសុខជាតិ, វេជ្ជសាស្ត្រ, សេដ្ឋកិច្ច និងផ្នែកច្បាប់ ជាដើម៕
ដោយ ៖ ខន ណារី AMS











































































