តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក បានសម្រេចអនុញ្ញាតឱ្យរដ្ឋអូហៃអូអនុវត្តច្បាប់ថ្មី ដែលតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមទទួលបានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល មុនពេលអនុញ្ញាតឱ្យកុមារអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់សេវាបណ្តាញសង្គមរបស់ខ្លួន។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៨ មិថុនា ថា ការសម្រេចនេះធ្វើឡើងដោយតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក សម្រាប់តំបន់ទី៦ដែលមានមូលដ្ឋាននៅទីក្រុង Cincinnati ដោយបានលុបចោលសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលធ្លាប់ផ្អាកការអនុវត្តច្បាប់នេះកាលពីមុន។
ច្បាប់របស់រដ្ឋអូហៃអូ ត្រូវបានអនុម័តនៅឆ្នាំ២០២៣ និងមានគោលបំណងការពារកុមារពីផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គម។ តាមច្បាប់នេះ គេហទំព័រ និងវេទិកាឌីជីថលដែលអាចទាក់ទាញអ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំ ត្រូវតែផ្ទៀងផ្ទាត់អាយុ និងទទួលបានការយល់ព្រមពីឪពុកម្តាយជាមុនសិន។
ក្រុម NetChoice ដែលតំណាងឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា TikTok, YouTube, Facebook និង Instagram បានជំទាស់ថា ច្បាប់នេះអាចប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការទទួលព័ត៌មាន និងភាពឯកជនរបស់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណា តុលាការបានយល់ថា ច្បាប់នេះមិនរំលោភរដ្ឋធម្មនុញ្ញទេ ហើយជាវិធានការសមស្របដើម្បីការពារកុមារ។

ចៅក្រមតុលាការឧទ្ធរណ៍ លោក Eric Clay បានបញ្ជាក់ថា ច្បាប់នេះគ្រាន់តែតម្រូវឱ្យមានការយល់ព្រមពីឪពុកម្តាយប៉ុណ្ណោះ ដែលជាបន្ទុកតិចតួច ប៉ុន្តែអាចជួយកាត់បន្ថយហានិភ័យដែលកុមារអាចប្រឈមនៅលើបណ្តាញសង្គម។
ការសម្រេចរបស់តុលាការអាមេរិកកើតឡើង ស្របពេលប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងបង្កើនវិធានការរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមរបស់កុមារ ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់លើសុខភាពផ្លូវចិត្ត សុវត្ថិភាព និងការអភិវឌ្ឍរបស់យុវជន។ អូស្ត្រាលី និងប្រទេសមួយចំនួនទៀត ក៏កំពុងជំរុញច្បាប់ស្រដៀងគ្នានេះផងដែរ៕






























