រាជធានីភ្នំពេញ ៖ «អ្នកមិនផឹកស្រា ក៏អាចត្រូវបង់ពន្ធជំនួសអ្នកផឹកដែរ»។ នេះជាការព្រមានរបស់អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលលើកឡើងថា ផលប៉ះពាល់ពីគ្រឿងស្រវឹងមិនត្រឹមតែបំផ្លាញសុខភាព និងបង្កបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងមូលនៅថ្ងៃអនាគត។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសការប្រកួតវោហារសព្ទជាក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ឥទ្ធិពលនៃគ្រឿងស្រវឹង» នៅរាជបណ្ឌិតសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានអះអាងថា ការផឹកគ្រឿងស្រវឹងជ្រុលហួសហេតុ បង្កផលប៉ះពាល់សំខាន់ៗចំនួនបី គឺសុខភាព សង្គម និងសេដ្ឋកិច្ច។ ក្នុងនោះ បញ្ហាសុខភាពគឺជាក្តីបារម្ភធំបំផុត ដោយសារជំងឺមិនឆ្លងជាច្រើន ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺរ៉ាំរ៉ៃផ្សេងៗ អាចកើតឡើងដោយមិនមានសញ្ញាព្រមានជាមុន។
លោកបានជំរុញឱ្យយុវជនផ្តោតលើការកសាងសមត្ថភាព និងថែរក្សាសុខភាពខ្លួនឯង ដោយលើកឡើងថា យុវជនគួរតែមានកម្លាំង មានចំណេះដឹង និងមានសមត្ថភាពចូលរួមអភិវឌ្ឍប្រទេស ជាជាងបណ្តោយឱ្យគ្រឿងស្រវឹងប៉ះពាល់ដល់អនាគតរបស់ខ្លួន។
ក្រៅពីបញ្ហាសុខភាព អ្នកជំនាញសេដ្ឋកិច្ចរូបនេះក៏បានចង្អុលបង្ហាញពីផលប៉ះពាល់សង្គមដែលបង្កឡើងដោយគ្រឿងស្រវឹង រួមមានគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងការបាត់បង់ធនធានមនុស្ស ដែលជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ប៉ុន្តែអ្វីដែលលោកចាត់ទុកថា ជាបញ្ហាធ្ងន់ធ្ងរនាពេលវែងនោះ គឺបន្ទុកហិរញ្ញវត្ថុដែលរដ្ឋាភិបាលត្រូវរ៉ាប់រងក្នុងការព្យាបាល និងផ្តល់សេវាសុខាភិបាលដល់អ្នកដែលរងផលប៉ះពាល់ពីគ្រឿងស្រវឹង។
លោកបានពន្យល់ថា ការកើនឡើងនៃជំងឺពាក់ព័ន្ធនឹងគ្រឿងស្រវឹង នឹងធ្វើឱ្យរដ្ឋត្រូវចំណាយថវិកាកាន់តែច្រើនលើវិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដូចជាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខណៈប្រភពថវិកាទាំងនេះ គឺបានមកពីពន្ធដែលប្រជាពលរដ្ឋបង់ជូនរដ្ឋ។
រដ្ឋាភិបាលមិនមែនបោះពុម្ពលុយយកមកចំណាយទេ។ នៅពេលការចំណាយលើសុខាភិបាល និងសុខុមាលភាពសង្គមកើនឡើង រដ្ឋត្រូវរកចំណូលបន្ថែម។ ចំណូលនោះគឺបានមកពីពន្ធ
លោកបណ្ឌិត គី សេរីវឌ្ឍន៍
លោកបានព្រមានថា ប្រសិនបើកម្ពុជាមិនអាចទប់ស្កាត់ ឬកាត់បន្ថយផលប៉ះពាល់ពីគ្រឿងស្រវឹងឱ្យមានប្រសិទ្ធភាពទេ ក្នុងរយៈពេល១០ឆ្នាំ ២០ឆ្នាំ ឬ ៣០ ឆ្នាំខាងមុខ បន្ទុកចំណាយរបស់រដ្ឋអាចនឹងកើនឡើងយ៉ាងខ្លាំង ដែលអាចនាំឱ្យមានសម្ពាធលើការបង្កើនពន្ធ ឬកាត់បន្ថយថវិកាសម្រាប់វិស័យអភិវឌ្ឍន៍ផ្សេងៗ។
លោកបន្តថា «បើរដ្ឋត្រូវយកលុយទៅដោះស្រាយបញ្ហាសុខភាព និងសុខុមាលភាពកាន់តែច្រើន នោះលុយសម្រាប់សាងសង់ផ្លូវ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក៏អាចនឹងត្រូវប៉ះពាល់ដែរ» ។
តាមការលើកឡើងរបស់លោក បញ្ហាគ្រឿងស្រវឹងមិនមែនជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នកផឹកប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសាធារណៈដែលមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងមូល ព្រោះនៅទីបំផុត សង្គមទាំងមូលអាចជាអ្នកទទួលរ៉ាប់រងថ្លៃចំណាយដែលកើតចេញពីផលវិបាកនៃគ្រឿងស្រវឹង។
តាមការសិក្សាស្រាវជ្រាវរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុង១ឆ្នាំៗ ពលរដ្ឋកម្ពុជាម្នាក់អាចចំណាយថវិកាប្រមាណជា ៤៨៦ដុល្លារ លើការទិញគ្រឿងស្រវឹង។ ដោយឡែកក្នុង១ឆ្នាំៗ មានពលរដ្ឋខ្មែរអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ជាង ៤លាននាក់ បានចំណាយថវិកាប្រមាណ ១,៩៤៤លានដុល្លារ លើការទិញគ្រឿងស្រវឹងនេះ៕












































































