«នៅពេលដែលបរាជ័យ សូមកុំប្តូរគោលដៅ តែត្រូវប្តូរយុទ្ធសាស្ត្រ», នេះជាការលើកឡើងរបស់ លោកស្រី ទិត ស្រីល័ង នាយិការងសាលាបឋមសិក្សា ថ្លុកជ្រៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្នុងឱកាសចែករំលែកបទពិសោធជោគជ័យ នៃការដឹកនាំសាលារហូតទទួលបានពានរង្វាន់ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។
នៅក្នុងអង្គសិក្ខាសាលានោះ លោកស្រី ទិត ស្រីល័ង បានធ្វើបទបង្ហាញទី៤ ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ដែលជាលក្ខណៈវិនិច្ឆ័យទី៣ នៃការវាយតម្លៃ។
គន្លឹះយុទ្ធសាស្ត្រឆ្ពោះទៅរកភាពជោគជ័យ
នៅក្នុងបទបង្ហាញ លោកស្រីនាយិការងបានលាតត្រដាងពីសាវតា ស្ថានភាពទូទៅ និងចំណុចខ្លាំងរបស់សាលាបឋមសិក្សាថ្លុកជ្រៅ។ លោកស្រីបានគូសរំលេចថា ទម្រាំទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងកម្រិតជាតិដ៏ស្វិតស្វាញនេះ គណៈគ្រប់គ្រងសាលាត្រូវឆ្លងកាត់ការអនុវត្ត និងការសាកល្បងជាច្រើន ដែលជារឿយៗមិនប្រាកដថាគោលដៅដែលកំណត់ទុកនឹងជោគជ័យភ្លាមៗនោះឡើយ។ អ្វីដែលសំខាន់ គឺការមិនបោះបង់ចោលគោលដៅ ប៉ុន្តែត្រូវបត់បែនស្វែងរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រថ្មីៗមកជំនួសវិញ។

សារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុតាមសាលារៀន
ទាក់ទិននឹងការគ្រប់គ្រងថវិកា លោកស្រី ទិត ស្រីល័ង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំផែនការ ការអនុវត្តថវិកា ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ហិរញ្ញវត្ថុព្រមទាំងសមិទ្ធកម្មឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ការអនុវត្តបានល្អនូវលក្ខណៈវិនិច្ឆ័យហិរញ្ញវត្ថុនេះ នឹងជួយបង្កើនស្វ័យភាពក្នុងការគ្រប់គ្រងសាលារៀនសាធារណៈ ព្រមទាំងពង្រឹងគណនេយ្យភាពលើការគ្រប់គ្រងថវិកាឱ្យមានតម្លាភាពខ្ពស់។ ជាមួយគ្នានេះ វាក៏ជួយឱ្យសាលារៀនអនុវត្តបានត្រឹមត្រូវតាមប្រព័ន្ធគ្រប់គ្រង ស្របតាមគោលការណ៍ស្នូលនៃអភិបាលកិច្ចល្អ និងធានាបាននូវភាពឆ្លើយតបទៅនឹងសមិទ្ធផលសិក្សារបស់សិស្សានុសិស្សផ្ទាល់ផងដែរ។
លើសពីការអនុវត្តន៍ការងារឱ្យស្របតាមផែនការ គឺចាំបាច់ត្រូវមានការចូលរួម និងសហការល្អជាមួយមាតាបិតា សហគមន៍ អាជ្ញាធរ សប្បុរសជនជាតិ និងអន្តរជាតិ ដើម្បីបង្កើនគុណផលសិក្សា និងអភិវឌ្ឍបរិស្ថានសិក្សា ។ ទន្ទឹមនោះ សិស្សមានវិន័យ សីលធម៌ សុខភាព គុណភាព ភាពច្នៃប្រឌិត, បុគ្គលិកអប់រំ និងសិស្ស ត្រូវសាមគ្គីភាព យោគយល់ អធ្យាស្រ័យ និងគាំទ្រសហការគ្នាក្នុងការបំពេញការងារ ជំនាញ ការប្រើប្រាស់ភាសា បច្ចេកវិទ្យាស្របទៅនឹងការអប់រំសតវត្សរ៍ទី២១ ជាពិសេស បរិស្ថានសាលារៀនស្អាត គ្មានសំរាម ផាសុកភាព សោភ័ណភាព និងសុវត្ថិភាព។
ការចែករំលែកបទពិសោធពីបណ្តាសាលាគំរូ
គួរជម្រាបជូនផងដែរថា នៅក្នុងសិក្ខាសាលានោះ មានគណៈគ្រប់គ្រងសាលាបឋមសិក្សាចំនួន ៥ ដែលជាជ័យលាភី បានមកចូលរួមចែករំលែកបទពិសោធលើប្រធានបទផ្សេងៗគ្នា ទៅតាមលក្ខណៈវិនិច្ឆ័យវាយតម្លៃ។ ក្នុងនោះ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព បានធ្វើបទបង្ហាញលើស្តង់ដា ឬនិយាមនៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ខណៈសាលាបឋមសិក្សា ថ្លុកជ្រៅ ផ្ដោតលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយឡែក សាលាបឋមសិក្សា ក្រវ៉ាន់ បានចែករំលែកលើការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ហើយសាលាបឋមសិក្សា ស្វាយជ្រំ ធ្វើបទបង្ហាញលើការរៀបចំ និងកែលម្អបរិស្ថានអង្គភាព។ សម្រាប់សាលាបឋមសិក្សា សម្តេច ជា ស៊ីម វិញ បានធ្វើបទបង្ហាញលើទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ ដៃគូអភិវឌ្ឍ ការវាយតម្លៃពីអ្នកប្រើប្រាស់សេវា និងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។

បទពិសោធន៍ និងវិធីសាស្ត្រល្អៗដែលបានចែករំលែកក្នុងសិក្ខាសាលានេះ គឺជាទុនដ៏មានតម្លៃសម្រាប់សាលារៀនដទៃទៀត យកទៅអនុវត្តតាម ដើម្បីលើកកម្ពស់គុណភាពអប់រំ និងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕






























