ឆ្លើយតបទៅនឹងការកើនឡើងកម្ដៅយ៉ាងគំហុកនៅក្នុងតំបន់ប្រជុំជន ពិសេសនៅរាជធានីភ្នំពេញ ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការជាមួយអ្នកជំនាញការមកពីប្រទេសអាល្លឺម៉ង់ រួមគ្នាសិក្សាស្រាវជ្រាវ និងស្វែងរកដំណោះស្រាយវិទ្យាសាស្ត្រ សំដៅកាត់បន្ថយកម្ដៅ និងលើកកម្ពស់ផាសុកភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ។
ក្នុងបាឋកថាសាធារណៈមួយស្ដីពី «ការរចនាអាកាសធាតុទីក្រុង និងផាសុកភាពបង្កឡើងដោយកម្ដៅ» (Urban Climatope Design and Thermal Comfort) កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សាស្រ្តាចារ្យជំនួយ សែ ប៊ុនលេង ប្រធានក្រុមស្រាវជ្រាវការប្រែប្រួលអាកាសធាតុ និងទឹក នៃដេប៉ាតឺម៉ង់ ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា រយៈពេលមួយទស្សវត្សចុងក្រោយនេះ មិនថា នៅក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀត រមែងទទួលឥទ្ធិពលនៃបរិបទអាកាសធាតុសកល ប៉ុន្តែបញ្ហាអាកាសធាតុសកលនេះ មិនមែនជារឿងមួយដាច់ខាតដែលធ្វើឱ្យមានកំណើនកម្ដៅក្នុងទីក្រុងនោះទេ។

សាស្រ្តាចារ្យជំនួយ សែ ប៊ុនលេង បន្ថែមថា ករណីសំខាន់មួយដែលមិនទាន់បានសិក្សា គឺទាក់ទងនឹងនគរូបនីយកម្ម ដោយមានន័យថា ការរីកចម្រើននៃទីក្រុង ជាពិសេសអគារ។ តាមការអះអាងរបស់លោកសាស្រ្តាចារ្យជំនួយ នៅពេលដែលមានអគារកាន់តែច្រើន និងកាន់តែខ្ពស់ វានឹងធ្វើឱ្យកម្ដៅកាន់តែកើនឡើង, ហើយបញ្ហាកម្ដៅ វាពាក់ព័ន្ធយ៉ាងខ្លាំងទៅលើសុខភាពមនុស្ស និងការអភិវឌ្ឍមូលដ្ឋាន នៃការរស់នៅ។
ប្រធានក្រុមស្រាវជ្រាវការប្រែប្រួលអាកាសធាតុ និងទឹក នៃដេប៉ាតឺម៉ង់ ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះ បានផ្តល់យោបល់ថា នៅក្នុងលក្ខខណ្ឌទប់ស្កាត់កម្ដៅ គឺត្រូវបង្កើននូវខ្យល់បក់ ដោយមានន័យថា មានខ្យល់ចេញចូលគ្រប់គ្រាន់ ដូច្នេះលោកយល់ថា អគារក្នុងទីក្រុងគួរកាត់បន្ថយការប្រើប្រាស់សម្ភារៈសំណង់ដែលមានផ្ទៃខ្មៅខ្លាំង ដែលវានឹងជួយកាត់បន្ថយការស្រូបកម្ដៅខ្ពស់ ហើយជាមួយគ្នានេះ គួរបង្កើតឱ្យមានម្លប់ដើមឈើឱ្យបានច្រើន ដែលវាមានសារៈសំខាន់ក្នុងការកាត់បន្ថយកម្ដៅក្នុងទីក្រុងផងដែរ។ លោកសាស្រ្តាចារ្យជំនួយ សែ ប៊ុនលេង យល់ថា គួរតែមានផែនការមួយក្នុងការបង្កើតឱ្យមានគម្របរុក្ខជាតិសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើងក្នុងទីក្រុង ក៏ដូចជាបង្កើតកន្លែងសម្រាកលំហែបៃតង ដែលនឹងធ្វើឱ្យមានផាសុខភាពផ្នែកអារម្មណ៍កាន់តែប្រសើរ។
«ប្រសិនបើតំបន់មួយចំនួនមាន ផ្ទៃបៃតង ផ្ទៃទឹក និងខ្យល់បក់ចេញចូលគ្រប់គ្រាន់ នោះសុខមាលភាពរស់នៅរបស់មនុស្សនឹងកាន់តែប្រសើរ»
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ អ៊ុន លាង ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាចែករំលែកការស្រាវជ្រាវរួមគ្នាជាមួយអ្នកជំនាញអាល្លឺម៉ង់ ពីអាកាសធាតុទីក្រុងភ្នំពេញ និងផាសុកភាពបង្កដោយកម្តៅនេះ ដោយថា វាបានអនុញ្ញាតឱ្យយើងគិតឡើងវិញថា តើប៉ុន្មានឆ្នាំទៅមុខទៀតអាកាសធាតុទីក្រុងប្រែប្រួលមានទម្រង់បែបណា?

សាស្ត្រាចារ្យមានប្រសាសន៍ថា ”យើងអាចមានលទ្ធភាពគិតឡើងវិញ អំពីលទ្ធភាពដែលនៅពីក្រោយខ្នង រួមទាំងអ្វីដែលមើលឃើញដូចគ្នា ហើយផ្ដល់អត្ថន័យសម្រាប់ណែនាំសកម្មភាពនាពេលអនាគត។ ក្នុងន័យនេះ ផ្នែកតូចមួយនៃសកម្មភាពអនាគត គឺអាកាសធាតុ“។
កញ្ញា ផល្លា ណារិន និស្សិតឆ្នាំទី២ ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមស្តាប់បាឋកថាសាធារណៈនេះ លើកឡើងថា វេទិកាចែករំលែកនេះ បានជំរុញឱ្យរូបនាងយល់ដឹងកាន់តែច្រើនអំពីការរៀបចំទីក្រុង ដើម្បីកាត់បន្ថយការកើនកម្ដៅ។ កញ្ញាបន្តថា ទិន្នន័យដែលទទួលបានពីការស្រាវជ្រាវនេះ គឺមានប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងកិច្ចការស្រាវជ្រាវរបស់នាងយ៉ាងខ្លាំង ហើយកញ្ញាសង្ឃឹមថា នឹងមានការរៀបចំវេទិកាចែករំលែកបែបនេះបន្ថែមទៀត ដើម្បីនិស្សិតទទួលបានព័ត៌មាន និងចំណេះដឹងកាន់តែច្រើន។
កិច្ចសហការស្រាវជ្រាវរវាងអ្នកជំនាញខ្មែរ និងអាល្លឺម៉ង់នេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ផែនដីបានឡើងកម្ដៅកាន់តែលឿនខ្លាំងនៅឆ្នាំ២០២៥ និងផ្ទុកកម្ដៅក្នុងបរិមាណជាអតិបរមា ដែលអាចបង្កផលវិបាកដល់ពាន់ឆ្នាំខាងមុខ។ ទន្ទឹមគ្នានេះ ការប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យរលកកម្ដៅ (Heat waves) កើតឡើងកាន់តែញឹកញាប់ កាន់តែខ្លាំងក្លា និងមានរយៈពេលកាន់តែវែងជុំវិញសកលលោក ចាប់ពីតំបន់អាស៊ី និងអឺរ៉ុប រហូតដល់អាហ្វ្រិក និងអាមេរិកខាងជើង៕














































































