កម្ពុជា-អូស្ត្រាលី បានប្រកាសពីកិច្ចសហការរួមគ្នាលើការពង្រឹងសន្តិសុខទឹក ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុបាននិងកំពុងបន្តកើនឡើង។ ការប្រកាសនេះ បានធ្វើឡើងក្នុងសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦ ដែលមានរយៈពេល ២ ថ្ងៃពេញ (២៦-២៧) ក្រោមប្រធានបទ “នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក” ។
សន្និសីទនេះប្រព្រឹត្តទៅ ស្របពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងសម្ពាធប្រភពទឹក។ ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យ ដែលពាក់ព័ន្ធនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងការផ្លាស់ប្តូររបបទឹកភ្លៀង។ ហានិភ័យទាំងនេះកើនឡើងស្របពេលនឹងកំណើននៃតម្រូវការសេវាទឹកស្អាត ដែលដាក់សម្ពាធបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានដែលមានស្រាប់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការទទួលបានទឹកស្អាត និងមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ។
ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ខណៈដែលកម្ពុជាកំពុងប្រឈមនឹងសម្ពាធ នៃការប្រែប្រួលអាកាសធាតុ រួមមានគ្រោះរាំងស្ងួត និងទឹកជំនន់ ការបន្តជំរុញនវានុវត្តន៍ និងភាពជាដៃគូរឹងមាំរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់កាន់តែខ្លាំង ដើម្បីធានាការផ្គត់ផ្គង់សេវាទឹកស្អាតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ»។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីតួនាទីរបស់អូស្ត្រាលីក្នុងការធ្វើការជាមួយប្រទេសកម្ពុជា លើវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត។ តាមរយៈភាពជាដៃគូអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងវិស័យទឹកស្អាត អូស្ត្រាលី បានជួយឱ្យប្រជាជនកម្ពុជា ចំនួន ១,៣លាននាក់ ទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់។
ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុ និងតម្រូវការទឹកបន្តកើនឡើង ឯកឧត្តម ដេរិក យីប បានអះអាងថា អូស្ត្រាលីនឹងបន្តគាំទ្របច្ចេកវិទ្យានវានុវត្តន៍ និងយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដែលអាចជួយប្រតិបត្តិករផ្គត់ផ្គង់សេវាទឹកស្អាតចាំបាច់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ការគាំទ្ររបស់អូស្ត្រាលីបានជួយឱ្យប្រតិបត្តិករឯកជនពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ទៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ហើយកំពុងបន្តពង្រឹងសមត្ថភាពវិស័យ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ជាមួយគ្នានេះ លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា ប្រតិបត្តិករផ្គត់ផ្គង់ទឹកឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីការចែករំលែកបទពិសោធន៍ សន្និសីទនេះក៏ផ្តល់ជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ក្នុងការតាំងបង្ហាញ សិក្សា និងចាប់យកបច្ចេកវិទ្យាថ្មីៗ ពង្រឹងភាពជាដៃគូ និងកំណត់ដំណោះស្រាយជាក់ស្តែង ដែលអាចជួយពង្រីកសេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត និងតម្លៃសមរម្យនៅទូទាំងប្រទេស។
គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងកំពុងបន្តឆ្ពោះទៅសម្រេចគោលដៅផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនគ្រប់រូបត្រឹមឆ្នាំ២០៣០។ ទោះជាយ៉ាងណា ការផ្តល់សេវាទឹកស្អាតប្រកបដោយភាពជឿទុកចិត្ត តម្លៃសមរម្យ និងនិរន្តរភាព ដល់សហគមន៍នៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល នៅតែជាបញ្ហាប្រឈម៕













































































