ការជ្រើសរើសដើរឡើងជណ្តើរជើងជំនួសឱ្យការជិះជណ្តើរយន្ត ឬជណ្តើរយន្តស្វ័យប្រវត្តិ ប្រហែលជាជម្រើសដ៏សាមញ្ញមួយ ប៉ុន្តែផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់អាយុជីវិត។ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សដែលដើរឡើងជណ្តើរជាប្រចាំ មានការថយចុះហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងប្រមាណ ៤០% និងកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុដោយសារមូលហេតុផ្សេងៗរហូតដល់ ២៤% ទៅ ២៥%។
ការវិភាគនេះ ត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ American Journal of Cardiovascular Drugs ដោយប្រមូលទិន្នន័យពីការសិក្សាចំនួន ៩ លើមនុស្សពេញវ័យជាង ៤៨០,០០០ នាក់ ដែលមានអាយុចន្លោះពី ២៥ ដល់ ៨៤ ឆ្នាំ និងបានតាមដានជាមធ្យមរយៈពេល ១៤ ឆ្នាំ។ ក្នុងចំណោមអ្នកចូលរួម មានទាំងអ្នកដែលមានសុខភាពល្អ និងអ្នកដែលមានប្រវត្តិបញ្ហាបេះដូង។
សាស្ត្រាចារ្យវេជ្ជសាស្ត្របេះដូង Vassilios Vassiliou មកពីសាកលវិទ្យាល័យ East Anglia នៃចក្រភពអង់គ្លេស ដែលជាប្រធានដឹកនាំការសិក្សា បានគូសបញ្ជាក់ថា «ការណែនាំអំពីការធ្វើលំហាត់ប្រាណជួនកាលហាក់ដូចជាមានភាពតឹងរ៉ឹង ដូចជាការតម្រូវឱ្យទៅកន្លែងហាត់ប្រាណ (Gym) ឬការឆ្លៀតពេលជាក់លាក់ណាមួយ។ ប៉ុន្តែការរកឃើញរបស់យើងបង្ហាញថា សកម្មភាពរាងកាយដែលប្រមូលផ្តុំក្នុងជីវិតប្រចាំថ្ងៃ ដូចជាការដើរឡើងជណ្តើរ ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ដោយមិនចាំបាច់ចំណាយពេលបន្ថែម មិនត្រូវការឧបករណ៍ ឬសមាជិកភាពក្លឹបហាត់ប្រាណនោះឡើយ»។
លោកសាស្ត្រាចារ្យបន្ថែមថា ការដើរឡើងជណ្តើរក៏ផ្សារភ្ជាប់ទៅនឹងការថយចុះនៃហានិភ័យនៃជំងឺគាំងបេះដូង (Heart attack) ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) និងជំងឺខ្សោយបេះដូង (Heart failure) ផងដែរ។

ហេតុអ្វីបានជាការដើរឡើងជណ្តើរផ្តល់អត្ថប្រយោជន៍ខ្ពស់?
លោកបណ្ឌិត Alex Rothstein អ្នកសម្របសម្រួលផ្នែកវិទ្យាសាស្ត្រលំហាត់ប្រាណនៅវិទ្យាស្ថានបច្ចេកវិទ្យាញូវយ៉ក (New York Institute of Technology) បានពន្យល់ថា ការដើរឡើងជណ្តើរគឺជាការប្រកួតប្រជែងរវាងប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធសាច់ដុំ-គ្រោងឆ្អឹង ប្រឆាំងនឹងទំនាញផែនដី ដែលធ្វើឱ្យរាងកាយត្រូវបញ្ចេញថាមពលច្រើនជាងការដើរធម្មតា។
អត្ថប្រយោជន៍ចម្បងៗនៃការឡើងជណ្តើររួមមាន៖
- បង្កើនសមត្ថភាពបេះដូង និងសួត (Cardiorespiratory fitness)៖ ជួយឱ្យរាងកាយស្រូបយក និងប្រើប្រាស់អុកស៊ីសែនកាន់តែមានប្រសិទ្ធភាព។
- ធ្វើឱ្យសូចនាករសុខភាពប្រសើរឡើង៖ ជួយគ្រប់គ្រងសម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល និងបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីន (Insulin sensitivity)។
- រក្សាមុខងារចលនារាងកាយ៖ ការឡើងជណ្តើរជួយឱ្យសាច់ដុំជើងរឹងមាំ និងរក្សាសមត្ថភាពចលនាក្នុងជីវិតប្រចាំថ្ងៃឱ្យបានយូរអង្វែង។
ទោះជាយ៉ាងណា ការសិក្សានេះគឺជាការសង្កេត (Observational study) ដែលបង្ហាញពីទំនាក់ទំនងរវាងសកម្មភាព និងលទ្ធផលសុខភាព ប៉ុន្តែមិនទាន់អាចបញ្ជាក់កម្រិតជាក់លាក់ថា តើក្នុងមួយថ្ងៃត្រូវឡើងប៉ុន្មានជាន់ ឬប៉ុន្មានកាំនោះទេ។ ក្រៅពីនេះ ការថែរក្សាសុខភាពបេះដូងឱ្យបានល្អពេញលេញ នៅតែទាមទារការទទួលទានអាហារត្រឹមត្រូវ ការរក្សាទម្ងន់សមស្រប ការមិនជក់បារី និងការពិនិត្យសុខភាពជាប្រចាំ។
គន្លឹះចាប់ផ្តើមឡើងជណ្តើរដោយមិនឱ្យប៉ះពាល់ដល់សន្លាក់ជង្គង់
សម្រាប់អ្នកដែលមិនធ្លាប់ ឬមិនចូលចិត្តការឡើងជណ្តើរ លោកបណ្ឌិត Rothstein បានណែនាំនូវវិធីសាស្ត្រមួយចំនួនដើម្បីចាប់ផ្តើមដោយសុវត្ថិភាព និងមានប្រសិទ្ធភាព៖
- ចាប់ផ្តើមពីតិចទៅច្រើន៖ មិនចាំបាច់រត់ ឬបង្ខំខ្លួនឯងរហូតដល់ហត់ខ្លាំងនោះទេ។ អាចចាប់ផ្តើមដោយការដើរឡើងជណ្តើរត្រឹមតែ ១ ទៅ ២ ជាន់ រួចបន្តជិះជណ្តើរយន្ត។
- បត់ត្រគាកទៅមុខបន្តិច (Hinge at the hips)៖ ពេលបោះជំហានឡើង ចូរបត់ត្រគាកទៅមុខបន្តិច ដើម្បីជំរុញឱ្យសាច់ដុំគូទ (Glutes) និងសាច់ដុំភ្លៅខាងក្រោយ (Hamstrings) ធ្វើការ ដែលជួយកាត់បន្ថយសម្ពាធទម្ងន់ធ្លាក់ទៅលើសន្លាក់ជង្គង់។
- ជាន់ឱ្យពេញបាតជើង៖ ដាក់ផ្ទៃបាតជើងទាំងមូលឱ្យរាបស្មើនៅលើកាំជណ្តើរ រួចរុញច្រានទម្ងន់ឡើងតាមរយៈបាតជើងទាំងមូល។ ចៀសវាងការដើរដោយប្រើតែចុងម្រាមជើង ព្រោះវានឹងបង្កើនសម្ពាធខ្លាំងលើជង្គង់៕













































































