ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការរូមធូរីដកម្ពុជា រួមគ្នាពង្រឹងគុណភាពបណ្ណាល័យនៅកម្រិតបឋមសិក្សាចំនួន 265 សាលា ដើម្បីបណ្ដុះទម្លាប់អានដល់កុមារ។ ការងាររៀបចំអំណានក្នុងថ្នាក់ដំបូងនេះ មានគោលបំណងបង្រៀនសិស្សឱ្យចេះអាន ចេះសរសេរ និងរីករាយក្នុងការអាន។ ទន្ទឹមគ្នានេះ ជំរុញឱ្យមានការចូលរួមពីលោកគ្រូអ្នកគ្រូ ពង្រឹងគុណភាពនិងសមត្ថភាពបណ្ណារក្ស ពិសេសការចូលរួមពីម្តាយឪពុក ឬអាណាព្យាបាលសិស្ស។ នេះប្រសាសន៍លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា នៅក្នុងទិវាជាតិអំណានលើកទី 6 កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2021។
លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា៖
“ ដើម្បីបណ្តុះទម្លាប់នៃការអាន យើងបានអនុវត្តអនុកម្មវិធីចំនួនប្រាំ រួមមានទីមួយអភិវឌ្ឍវិជ្ជាជីវៈ គ្រូបង្វឹក នាយកសាលា គ្រូ និងបណ្ណារក្ស, ទីពីរចងក្រងនិងបោះពុម្ពសៀវភៅអំណាន, ទីបីបង្កើតនិងរៀបចំបណ្ណាល័យ, ទីបួនពង្រឹងបំណិនអាន និងសរសេរភាសាខ្មែរក្នុងថ្នាក់រៀន, ទីបួនបង្កើនការចូលរួមក្នុងសហគមន៍ មាតាបិតា អាណាព្យាបាលសិស្សនិងសាសាលារៀន និងជាពិសេសលើកទឹកចិត្តសិស្សឱ្យចូលរៀនឱ្យបានទៀងទាត់…”
លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា
ទន្ទឹមគ្នានេះនាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា បានបញ្ជាក់ថា ការផ្លាស់ប្ដូរពិភពលោកចាប់ផ្ដើមចេញពីកុមារដែលទទួលបានការអប់រំ។ យើងមានចក្ខុវិស័យឆ្ពោះទៅបញ្ចប់ភាពមិនអាចទៅរួចក្នុងការរួមចំណែកបង្កើតពិភពលោកមួយដែលគ្មានភាពមិនចេះអក្សរ និងវិសមភាពយេនឌ័រ។ ដើម្បីសម្រេចចក្ខុវិស័យនេះរូធូរីដមានគោលដៅច្បាស់លាស់ក្នុងការពង្រីកផលជះរបស់ខ្លួនដល់កុមារចំនួន 40លាននាក់ក្នុង 16 ប្រទេសក្នុងឆ្នាំ 2025 នៅទូទាំងពិភពលោក។
ចាប់តាំងពីឆ្នាំ 2003 តាមរយៈការគាំទ្ររបស់រូមធូរីដក្រសួងអប់រំបានអនុវត្តកម្មវិធីចំនួនពីរ មានកម្មវិធីអំណាន និងកម្មវិធីសមភាពយេនឌ័រនៅតាមគ្រឹះស្ថានសិក្សារដ្ឋ នៅក្នុងនោះមានខេត្តចំនួនប្រាំពីរ រួមមារខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ។
សូមជម្រាបថា រូមធូរីដកម្ពុជា ជាអង្គការផ្ដួចផ្ដើមផលិតសៀវភៅរឿងសម្រាប់កុមារ និងប្រមូលសៀវភៅកុមារពីគ្រប់ស្ថាប័នបោះពុម្ពផ្សាយនានា ដើម្បីដាក់ឱ្យប្រើប្រាស់នៅតាមបណ្ណាល័យសាលាបឋមសិក្សារដ្ឋទូទាំងប្រទេសកម្ពុជា។ នៅក្នុងបរិបទកូវីដ-19 រូមធូរីដកម្ពុជាបានដាក់សៀវភៅអានដល់គ្រូបង្រៀន សិស្ស មាតាបិតា ឬអាណាព្យាបាលនៅលើ Literacy Cloud ចំនួន 24 ភាសា និង 1658 ចំណងជើង ព្រមទាំងដាក់តំណរភ្ជាប់ឯកសារទាំងនោះនៅក្នុងគេហទំព័ររបស់ក្រសួងអប់រំ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យបណ្ដាញសារព័ត៌មាន AMS Education ។