ដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខ លើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកល ដែលបណ្តាលមកពីសង្រ្គាមនៅមជ្ឈិមបូព៌ា ហើយស្របពេលនឹងរដូវប្រាំងដែលអាកាសធាតុក្តៅផង អគ្គិសនីកម្ពុជា តាមរយៈសេចក្តីអំពាវនាវចេញផ្សាយកាលពីថ្ងៃទី២៣ មីនា បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី ដូចជា កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាពជាដើម។
ស្របនឹងការអំពាវនាវនេះដែរ អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញពីវិធីងាយៗ ដើម្បីចូលរួមសន្សំសំចៃថាមពលអគ្គិសនី ដែលមានដូចជា ៖
ឆ្នាំងដាំបាយ ៖ ជ្រើសរើសទំហំដែលសមស្របសម្រាប់គ្រួសារលោកអ្នក, ជៀសវាងបើកគម្របឆ្នាំង ពេលបាយមិនទាន់ឆ្អិន, ដកខ្សែភ្លើងចេញពេលបាយឆ្អិន។
កង្ហារ ៖ សម្អាតកង្ហារឱ្យបានញឹកញាប់, ជ្រើសរើសទំហំកង្ហារដែលសមល្មមនឹងតម្រូវការ, ដកខ្សែភ្លើងចេញពេលឈប់ប្រើ។
អំពូលភ្លើង ៖ ប្តូរប្រើអំពូលដែលស៊ីភ្លើងតិចដូចជាអំពូល LED ជាដើម, សម្អាតអំពូល ចានអំពូល ឱ្យបានញឹកញាប់។
ម៉ាស៊ីនត្រជាក់ ៖ ធ្វើការសម្អាតម៉ាស៊ីនត្រជាក់រាល់ ៦ខែម្តង, កុំយករបស់ក្តៅចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់, កម្រិតសីតុណ្ហភាពកុំឱ្យត្រជាក់ពេក អាចត្រឹម ២៥អង្សា, ជ្រើសរើសទំហំម៉ាស៊ីនត្រជាក់ដែលសមស្របនឹងទំហំទីតាំង រឺទំហំបន្ទប់, បិទទ្វារ និងបង្អួចនៅពេលដែលម៉ាស៊ីនត្រជាក់កំពុងដំណើរការ។

ឆ្នាំងអ៊ុត ៖ អ៊ុតខោអាវច្រើនតែម្តង កុំអ៊ុតខោអាវតិចៗច្រើនដង ហើយពេលអ៊ុតកុំបាញ់ទឹកសើមពេក, គ្រលាស់ខោអាវមុនហាល កាត់បន្ថយកុំឱ្យមានភ្លីច្រើន ដែលធ្វើឱ្យត្រូវអ៊ុតយូរ។
កំសៀវដាំទឹក ៖ ដាំទឹកក្នុងចំណុះដែលត្រូវការប្រើ, ដកខ្សែភ្លើងចេញពេលទឹកពុះ, សម្អាតកំសៀវដាំទឹកឱ្យស្អាតជានិច្ច ជៀសវាងការថយចុះ នៃកំដៅរបស់កំសៀវ។
ទូរទស្សន៍ ៖ កុំបិទទូរទស្សន៍ដោយប្រើតេឡេ ត្រូវចុចប៊ូតុងបិទទូរទស្សន៍តែម្តង ហើយដកខ្សែភ្លើងចេញពេលឈប់មើល, ដាក់ទូរទស្សន៍ឱ្យឃ្លាតពីជញ្ជាំងយ៉ាងតិច ១០ស.ម និងកន្លែងដែលមានខ្យល់ចេញចូល។
ទូរទឹកកក ៖ ដាក់ទូរទឹកកកយ៉ាងតិច ១៥ស.ម ពីជញ្ជាំង, រើសទំហំទូរទឹកកកដែលសមរម្យ ហើយកុំក្លាស្សេរបស់ដែលមិនចាំបាច់, ជ្រើសរើសកន្លែងដាក់ទូទឹកកកដែលឆ្ងាយពីរបស់ដែលមានចំហាយក្តៅ, ជៀសវាងបើកទូរទឹកកកញឹកញាប់។
កុំព្យូទ័រ ៖ បិទម៉ូនីទ័រមិនប្រើលើសពី ១០នាទី, ជ្រើសរើសកុំព្យូទ័រដែលមានប្រព័ន្ធសន្សំសំចៃអគ្គិសនី, បិទកុំព្យូទ័រនៅពេលមិនប្រើប្រាស់យូរ (ច្រើនជាង ៣០នាទី)។
ម៉ាស៊ីនបោកខោអាវ ៖ ដាក់ខោអាវឱ្យច្រើនតាមដែលម៉ាស៊ីនកំណត់, ត្រាំខោសអាវមុនដាក់បោក ជួយឱ្យការសម្អាតបានស្អាតល្អ។

សរុបមកវិញ ការសន្សំសំចៃថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ នឹងចូលរួមចំណែកយ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ពីការកើនឡើង នៃថ្លៃប្រេងឥន្ធនៈសាកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រ់ើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋផងដែរ៕





























