ការលង់ទឹក គឺជាបញ្ហាសុខភាពសាធារណៈគួរឱ្យកត់សម្គាល់មួយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានឆក់យកជីវិតមនុស្សច្រើនជាង ៨ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ នៅកម្ពុជា ការលង់ទឹកមានអត្រាប្រមាណ ៧.៦ ក្នុងចំណោមមនុស្ស ១ម៉ឺននាក់ ខ្ពស់ជាងអត្រាមធ្យមសកល ៣.៨ និងអត្រាមធ្យមក្នុងតំបន់ ៤.៣។
ការលង់ទឹកអាចបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ ដែលជាការឈឺចាប់បំផុតសម្រាប់គ្រួសារ។ វាក៏អាចបណ្តាលឱ្យប៉ះពាល់ខួរក្បាល និងបណ្តាលឱ្យមានពិការភាពបន្ថែមបន្ទុកសម្រាប់គ្រួសារ បាត់បង់ចំណូល ដែលបន្សល់នូវការសោកស្តាយអស់មួយជីវិត។

នៅក្នុងយុទ្ធនាការយល់ដឹងជាសាធារណៈ ស្ដីពី សុវត្ថិភាពដឹកជញ្ជូនតាមផ្លូវទឹក រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) និងអង្គការសុខភាពពិភពលោក (WHO) លោកស្រីបណ្ឌិត អេដា ម៉ូដស៊ីរី (Dr. ADA MOADSIRI) តំណាងអង្គការសុខភាពពិភពលោក បានលើកឡើងថា នៅកម្ពុជា ការលង់ទឹកប្រមាណ៨០% កើតមានចំពោះអ្នកធ្វើដំណើរតាមផ្លូវទឹក ដែលមានអាយុក្រោម៥០ឆ្នាំ ដែលជាវ័យផលិតផលសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) មានប្រសាសន៍ថា គ្រោះថ្នាក់កើតឡើងដោយសារការលង់ទឹកអាចបង្ការបាន ប៉ុន្តែគួរឱ្យសោកស្តាយការធ្វើដំណើរតាមផ្លូវទឹកកន្លងមកមិនសូវបានពាក់អាវសុវត្ថិភាពទេ រួមទាំងអ្នកមិនចេះហែលទឹក និងកុមារតូចៗដែរ។
លោកវេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់ថា ការពាក់អាវពោងសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក មានសារសំខាន់ណាស់ ក្នុងការកាត់បន្ថយហានិភ័យ និងការស្លាប់បណ្តាលមកពីការលង់ទឹក។ អ្នកធ្វើដំណើរតាមផ្លូវទឹកទាំងអស់ គួរពាក់អាវពោងជាស្រេចពេលចុះយានជំនិះផ្លូវទឹក មិនថាផ្លូវជិត ផ្លូវឆ្ងាយ អ្នកចេះហែលទឹក ឬមិនចេះហែលទឹក។

លោក ឡេ សុវណ្ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឱ្យមានការពាក់អាវពោងសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវទឹក “ម្ចាស់នាវា ម្ចាស់កំពង់ចម្លង និងប្រតិបត្តិករដឹកជញ្ជូនទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរជាចម្បង។ សូមកុំឱ្យអាយុជីវិតបងប្អូនយើងបាត់បង់ដោយសារការធ្វេសប្រហែស”។
គួរជម្រាបជូនថា អ្នកមិនចេះហែលទឹក អាវពោងធ្វើឱ្យរាងកាយអ្នកកំពុងលង់ទឹកអណ្តែត រក្សាក្បាល និងមុខឱ្យនៅលើផ្ទៃទឹក បង្ការការឈ្លក់ទឹកនិងថប់ដង្ហើម។ ការណ៍នេះ ធ្វើឱ្យអ្នកសង្រ្គោះ ងាយរកឃើញអ្នកកំពុងលង់ទឹក និងសង្រ្គោះជីវិតទាន់ពេលវេលា។ រីឯអ្នកចេះហែលទឹកស្រាប់ នៅពេលលង់ទឹក អាចប្រឈមនឹងការប្រឹងហែលទប់ទល់នឹងចរន្តទឹកហូរ ឬការបោកខ្ទប់របស់រលកធំៗជាដើម។ ការពាក់អាវពោង កាត់បន្ថយភាពនឿយហត់ពេលប្រឹងហែលទឹក និងភាពស្លន់ស្លោបាត់ម្ចាស់ការ។ ដូចនេះ ក្នុងពេលធ្វើដំណើរតាមទឹកពេលមានភ្លៀង ខ្យល់ រលកធំៗ ឬទឹកហូរខ្លាំង តាមសមុទ្រ បឹងឬទន្លេធំៗ តាមទូកកំសាន្តតូចៗ អ្នកធ្វើដំណើរត្រូវពាក់អាវពោងជាចាំបាច់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕













































































