ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ចំនួន២៧១៥កន្លែង។
ជំនាញដែលផ្តល់ជូនរួមមាន ៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ (៣០០នាក់), ការថែទាំ និងជួសជុលបរិក្ខារត្រជាក់អេឡិចត្រូនិក (១៥០នាក់), សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន (៣០០នាក់), សេវាកម្មកុំព្យូទ័រ (១៥០នាក់), រចនាក្រាហ្វិកដោយកុំព្យូទ័រ (១៥០នាក់), សេវាកម្មកាត់សក់បុរស (១៥០នាក់), ការចម្អិនម្ហូប (១៥០នាក់), សេវាកម្មម្ហូប អាហារ និងភេសជ្ជៈ (១២០នាក់), ធុរកិច្ចភេសជ្ជៈ (១៥០នាក់)។ ជំនាញទាំងនេះ សិក្សាក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយសិក្សារយៈពេល ៤ខែ។
សម្រាប់ជំនាញ រៀបឥដ្ឋ (៣០នាក់), បូក និងសម្អាតជញ្ជាំង (១៥នាក់), ការថែទាំ និងជួសជុលទុយោទឹកក្នុងផ្ទះ/អគារ (១៥នាក់), ដំឡើងបណ្តាញអគ្គិសនីសម្រាប់ការបំភ្លឺក្នុងផ្ទះ/អគារ (៤៥នាក់), ដំឡើងប្រព័ន្ធសុវត្ថិភាពសម្រាប់គេហដ្ឋាន (១៥នាក់), រៀបការ៉ូ (១៥នាក់), ដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រទៅមុខ ឈប់ ត្រឡប់ក្រោយ (១៥នាក់), ដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព (១៥នាក់), ដំឡើងកម្មវិធីកុំព្យូទ័រ (៣០នាក់), រចនា និងបង្កើតក្រាហ្វិកសម្រាប់បោះពុម្ព (៣០នាក់), រចនាឯកសាររដ្ឋបាលដោយកុំព្យូទ័រ (៣០នាក់), គណនា និងគ្រប់គ្រងទិន្នន័យតាមតារាងដោយកុំព្យូទ័រ (១៥នាក់), កាត់សក់បុរស (១៥នាក់), ថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់ពីរកំណាត់ (៣០នាក់), ប្រតិបត្តិការងារគេហកិច្ចក្នុងបន្ទប់ (៤៥នាក់), ធ្វើម្ហូបខ្មែរ (៤៥នាក់) និងផលិតនំប៉័ង (៣០នាក់)។ ជំនាញទាំងនេះ ស្ថិតក្នុងកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ ដោយធ្វើការសិក្សារយៈពេល ១ខែ។

ដោយឡែកជំនាញ ធ្វើភេសជ្ជៈធម្មជាតិ (២២០នាក់), កែច្នៃបន្លែ និងផ្លែឈើបំពង (២២០នាក់) និងកែច្នៃអាហារដោយការផ្អាប់ និងបន្ថែមកំហាប់ស្ករ (២២០នាក់)។ ជំនាញទាំងនេះ សិក្សារយៈពេល១សប្តាហ៍ ដោយទទួលវិញ្ញាបនបត្រវិជ្ជាជីវៈ។
លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាអតីតពលករវិលត្រឡប់ពីប្រទេសថៃទាំង២ភេទ, ឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ) ឬ លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) ឬ ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ឬ លិខិតបញ្ជាក់ថា ជាអតីតពលករ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់វិទ្យាស្ថានផ្ទាល់ ដែលមានអាសយដ្ឋាន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខាងកើតផ្សារសាមគ្គី ៧០ម៉ែត្រ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០៨៩ ៤៨៣ ៦២៣៕





























