និស្សិតឆ្នាំទី១ ប្រមាណ ២៨៦នាក់ ចូលរួមសិក្ខាសាលាទម្រង់ទិស The Next-Gen Engagement Program – Batch III ដើម្បីត្រៀមលក្ខណៈឱ្យរួចរាល់មុនបន្តការសិក្សាឆ្នាំទី២ ដែលរៀបចំដោយបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT) នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
លោកបណ្ឌិត ឌុច ឌីនីល ព្រឹទ្ធបុរសរងនៃសាលាបច្ចេកវិទ្យាឌីជីថល នៃ CADT បានមានប្រសាសន៍កោតសរសើរនិស្សិតឆ្នាំទី១ទាំងអស់ ដែលបានយកពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីនេះ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាត្រៀមខ្លួនសម្រាប់ចាប់យកជំនាញសិក្សានៅឆ្នាំទី២។

ព្រឹទ្ធបុរសរងនៃសាលាបច្ចេកវិទ្យាឌីជីថល នៃ CADT បញ្ជាក់បន្ថែមថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងជួយឱ្យប្អូនៗនិស្សិតដែលទើបតែបញ្ចប់ការសិក្សាឆ្នាំទី១ ទទួលបានឱកាសរៀនបំប៉នមុខវិជ្ជាមួយចំនួន ដើម្បីត្រៀមខ្លួនរួចរាល់នៅឆ្នាំទី២។ លោកបណ្ឌិត បន្តថា សម្រាប់កម្មវិធីរដូវកាលទី៣នេះ គឺមានដេប៉ាតឺម៉ង់ចំនួន៣ចូលរួម រួមមាន ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តកុំព្យូទ័រ, ប៉ាតឺម៉ង់ Telecoms and Networking និងប៉ាតឺម៉ង់អាជីវកម្មឌីជីថល។
លោកបណ្ឌិត ឌុច ឌីនីល បន្ថែមថា CADT មាននិស្សិតជំនាន់ទី១១ រៀនឆ្នាំទី២ ធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្ត ដើម្បីបង្រៀននិស្សិតជំនាន់ទី១២ រៀនឆ្នាំទី១ រយៈពេល ៥សប្ដាហ៍។ លោកបណ្ឌិត ឌុច ឌីនីល សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ចូលរួមវគ្គសិក្សានេះ និស្សិតឆ្នាំទី១ នឹងត្រៀមខ្លួនរួចរាល់ទៅរៀនជាមួយលោកគ្រូ អ្នកគ្រូ នៅឆ្នាំទី២ ដោយទំនុកចិត្ត។

ជាមួយគ្នានេះ កញ្ញា សៀត ស្រីឡេន អ្នកសម្របសម្រួលកម្មវិធី រដូវកាលទី៣ ប្រាប់ AMS ថា កញ្ញាពិតជាមានអារម្មណ៍សប្បាយចិត្តក្នុងការរៀបចំកម្មវិធីនេះឡើង ជាពិសេសមាននិស្សិតចូលរួមច្រើន ក៏ដូចជាមានអ្នកចូលរួមរៀបចំគម្រោងមកពីសាលាផ្សេងៗ ហើយកម្មវិធីនេះ រៀបចំដោយយកចិត្តទុកដាក់ក្នុងការបង្រៀនដល់និស្សិតជំនាន់ក្រោយ។
អ្នកសម្របសម្រួលកម្មវិធី រដូវកាលទី៣ បញ្ជាក់បន្ថែមថា ការបង្រៀនដោយស្ម័គ្រចិត្តរបស់សិស្សច្បងឆ្នាំទី២ នៃ CADT ផ្ដោតលើ ១២មុខវិជ្ជា ក្នុងនោះនិស្សិតឆ្នាំទី១ អាចជ្រើសរើសមុខវិជ្ជាដែលខ្លួនចូលចិត្តទៅតាមដេប៉ាតឺម៉ង់នីមួយៗបានផងដែរ។ កញ្ញា សៀត ស្រីឡេន បន្តថា តាមរយៈការចូលរួមកម្មវិធីនេះ និស្សិតឆ្នាំទី១ នឹងទទួលបានការរៀនជំនាញតាមមុខវិជ្ជាដោយឥតគិតថ្លៃ និងឱកាសកសាងទំនាក់ទំនងរវាងសិស្សប្អូន និងសិស្សច្បងផងដែរ។
លោក អឿន វណ្ណមុនីរក្ស និស្សិតឆ្នាំទី២ សន្តិសុខសាយប័រ នៃ CADT និងជាគ្រូបង្រៀនស្ម័គ្រចិត្ត លើកឡើងថា រូបលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ចំណេះដឹងដល់សិស្សប្អូនឆ្នាំទី១ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សប្អូន មានភាពច្បាស់លាស់ទៅលើជំនាញដែលពួកគេនឹងរៀននៅឆ្នាំទី២។
សម្រាប់កញ្ញា លីម សាវលៀន និស្សិតឆ្នាំទី១ ជំនាញអាជីវកម្មឌីជីថល នៃ CADT និយាយថា រូបនាងមានក្ដីរំភើបដែលបានចូលរួមក្នុងកម្មវិធីមួយនេះ ព្រោះមានទំនាក់ទំនងជាមួយសិស្សច្បងជាច្រើន និងស្គាល់មិត្តភក្ដិរួមជំនាន់ផ្សេងទៀត។ លើសពីនេះ កញ្ញាបានរៀនជំនាញទុកមុនក្នុងអំឡុងពេលវិសម្សកាល ដែលជួយជំរុញឱ្យរូបនាងមានទំនុកចិត្តនៅពេលចូលរៀនឆ្នាំទី២។
គួរជំរាបជូនថា The Next-Gen Engagement Program – Batch III មានរយៈពេល៥សប្ដាហ៍ ដែលគ្រោងនឹងអនុវត្តពីចុងខែកក្កដា ដល់ចុងខែកញ្ញា ឆ្នាំ២០២៦៕
































