កំពង់ចាម ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការលើកកម្ពស់សុខភាព និងការអភិវឌ្ឍយុវជនគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងវិបុលភាព។ ឯកឧត្តមបណ្ឌិតសភាចារ្យ លើកឡើងបែបនេះ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជានិមិត្តរូបនូវ “បន្ទប់សុខភាពនៅតាមគ្រឹះស្ថានសិក្សា” និង “ម៉ូបាលអ៊ែបសម្រាប់យុវជន” នៅវិទ្យាល័យហ៊ុន សែន ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ មីនា ២០២៣កន្លងទៅ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា បន្ទប់សុខភាពនៅតាមគ្រឹះស្ថានសិក្សាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកសិក្សា និងបុគ្គលិកអប់រំមកទទួលសេវាថែទាំសុខភាពបឋម ហើយជាកន្លែងផ្តល់ប្រឹក្សាសុខភាពផ្លូវកាយ ផ្លូវចិត្ត សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងជាកន្លែងផ្តល់ព័ត៌មានពីការអប់រំសុខភាព។

រដ្ឋមន្រ្តីក្រសួងអប់រំ បន្តថា ដោយឡែក ម៉ូបាលអ៊ែប (Mobile App) សុខភាពយុវជន ជាគំនិតផ្តួចផ្តើមថ្មីមួយដែលជានវានុវត្តន៍ក្នុងការលើកកម្ពស់ការសិក្សាតាមប្រព័ន្ធឌីជីថល និងជាជំនួយស្មារតីដល់យុវជនទាំងក្នុង និងក្រៅសាលារៀនមានឱកាសទទួលបានព័ត៌មានពិតបែបវិទ្យាសាស្រ្តឆ្លើយតបទៅនឹងសេចក្តីចង់ចេះចង់ដឹងរបស់យុវជននាសតវត្សរ៍ទី២១។
ជាមួយគ្នានេះ បន្ទប់សុខភាពនៅវិទ្យាល័យខ្ចៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ជាផ្នែកមួយនៃការអនុវត្តគម្រោង “លើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់យុវវ័យ (Young People’s Empowerment and Engagement)” ដែលជាជំនួយឧបត្ថម្ភពីអង្គការ UNFPA ក្រោមការគាំទ្រហិរញ្ញប្បទានពីប្រទេសជប៉ុន កាលពីឆ្នាំ២០២២កន្លងទៅនេះ។

គួរជម្រាបជូនថា ការរៀបចំបន្ទប់សុខភាពនៅតាមគ្រឹះស្ថានសិក្សា កើតចេញពីការគាំទ្រផ្នែកនយោបាយពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ ព្រមទាំងឆន្ទៈចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងទ្វេភាគី និងពហុភាគី ជាអាទិ៍ការចូលរួមគាំទ្រពីអង្គការ UNFPA អង្គការរ៉ាក់ (RHAC) អង្គការប៉េអេសអឺ (PSE) អង្គការ Save The Children សាកលវិទ្យាល័យមួយចំនួននៃប្រទេសជប៉ុន អង្គការដៃគូជាច្រើន និងជាពិសេសបានពីការកៀរគររបស់គ្រឹះស្ថានសិក្សាផ្ទាល់ជាមួយសប្បុរសជនជិតឆ្ងាយ៕






























