នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ក្រៅតែពីការជួបជុំគ្រួសារ រៀបចំទទួលទេវតាឆ្នាំថ្មី ជាប្រពៃណីក្នុងគ្រួសារខ្មែរទូទៅ តែងតែមានការរៀបចំជាទេយ្យទាន ដូចជាបាយសម្លម្ហូបចំណី លុយកាក់ ជូនដល់មាតាបិតា ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងភាពកត្តញ្ញូ។ តើនៅពេលជូនទេយ្យទាន ឬគ្រឿងឧបភោគបរិភោគ ដល់មាតាបិតា យុវជនគួរត្រូវប្រកាន់ឥរិយាបទបែបណាខ្លះ ?
លោក សៅ សាមម៉ាឌី បច្ចុប្បន្នជាបុគ្គលិកអប់រំ នៃស្ថាប័នមួយបាននិយាយថា សម្រាប់រូបលោក នៅពេលជូនទេយ្យទានដល់អ្នកមានគុណក្នុងឱកាសពិធីចូលឆ្នាំថ្មី លោកតែងតែរៀបចំខ្លួនឱ្យបានសមរម្យ ស្លៀកសម្លៀកបំពាក់សមសួន រួចអង្គុយបត់ជើង និងក្រាបក្បាលសំពះដល់បាតជើងអ្នកមានគុណចំនួន៣ដង មុនជូនទេយ្យទាន រួមទាំងលើកទេយ្យទានដោយដៃទាំងពីរជូនលោកអ្នកមានគុណទាំងទ្វេ និងលើកដៃប្រណមសំពះលោកអ្នកមានគុណ។
លោក សាមម៉ាឌី បញ្ជាក់ថា ឥរិយាបថបែបនេះ ម្ដាយរបស់លោកតែងតែប្រាប់ជានិច្ច កាលពីលោកនៅកុមារភាពម្ល៉េះ ហើយលោកតែងតែប្រតិបត្តិឥរិយាបទបែបនេះជាមួយឪពុកម្ដាយជារៀងរាល់ឆ្នាំមក។
“ពេលខ្ញុំធ្វើលើកដំបូងខ្ញុំហាក់បីមានភាពអៀន និងភ័យលាយឡំនិងរំភើប! តែពេលធ្វើយូរៗទៅក៏ប្រែក្លាយទៅជាទម្លាប់មួយ ឱ្យតែថាពេលមានពិធីបុណ្យទានចូលឆ្នាំថ្មី ឬភ្ជុំបិណ្ឌ ក្នុងអារម្មណ៍របស់ខ្ញុំវាទោទន់ទៅរកសម្មភាពមួយនេះចំពោះខ្ញុំទៅកាន់ប៉ាម៉ាក់ខ្ញុំជានិច្ច”
លោក សាមម៉ាឌី យល់ឃើញថា ប្រសិនបើយុវជនជំនាន់ថ្មី មានឥរិយាបទល្អក្នុងការជូនទេយ្យទានដល់អ្នកមានគុណក្នុងឱកាសចូលឆ្នាំ គឺពិតជាល្អ ព្រោះថាទង្វើទាំងអស់នោះ គឺបានបង្ហាញឱ្យឃើញនូវការដឹងគុណចំពោះអ្នកមានគុណ ការគោរពប្រតិបត្ដិក្នុងនាមជាកូនទៅកាន់ឪពុកម្ដាយ បង្ហាញការស្រឡាញ់ទៅកាន់លោកទាំងពីរ ក៏ដូចជាកតញ្ញូភាពចំពោះឪពុកម្ដាយ។
ក្នុងយុគសម័យថ្មីនេះ លោក សៅ សាមម៉ាឌី ចង់ឃើញយុវជនក្មេងៗប្រុសស្រី ប្រតិបត្ដិនូវវប្បធម៌មួយនេះក្នុងជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដើម្បីបង្ហាញពីតម្លៃដ៏ល្អរបស់យើងផ្ទាល់ទាំងក្នុងគ្រួសារ និងជាគម្រូល្អដល់សង្គមជាតិ។
ស្រដៀងគ្នានេះដែរ កញ្ញា ដន ធីតា ក៏បានលើកឡើងពីបទពិសោធន៍របស់ខ្លួន នៅពេលជូនទេយ្យទានដល់អ្នកមានគុណក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយថា កញ្ញាតែងតែស្លៀកពាក់សមរម្យ អង្គុញបត់ជើងថ្វាយបង្គុំអ្នកមានគុណចំនួន៣ដង ទើបលើកទេយ្យទានជូន ហើយនៅពេលពួកគាត់ឱ្យពររួច កញ្ញាតែងថ្វាយបង្គំចំនួន៣ដងថែមទៀត។ កញ្ញា ធីតា បន្តថា ទេយ្យទានដែលកញ្ញាតែងរៀបចំជូនអ្នកមានគុណ មានដូចជា ប្រដាប់ប្រដាសម្រាប់ធ្វើបុណ្យ ភេសជ្ជៈ សម្លៀកបំពាក់ និងថវិកាមួយចំនួន។
កញ្ញា ដន ធីតា បន្ថែមថា ឥរិយាបថទាំងនេះ កញ្ញាបានរៀនពីពុកម៉ែ ដែលបានបង្រៀនតាំងពីនៅតូចមកម្ល៉េះ ហើយក៏ធ្លាប់ឃើញពួកគាត់ធ្វើជាមួយយាយតាដូចគ្នា។
“ពេលធ្វើលើកដំបូងខ្ញុំមានអារម្មណ៍ថាជ្រះថ្លា សប្បាយចិត្តដែលអាចបង្ហាញការគោរពដឹងគុណដល់អ្នកមានគុណ”
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម លើកឡើងថា ក្នុងឥរិយាបទរបស់ខ្មែរ ប្រសិនបើវ័យក្មេងៗដូចគ្នា គេអាចហុចរបស់ឱ្យគ្នាធម្មតា ប៉ុន្តែជាមួយមនុស្សចាស់ មនុស្សជាទីគោរព យុវជនត្រូវតែមានឥរិយាបទពិសេស។ លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា ប្រសិនបើយុវជនយើងមិនរៀនធ្វើ នោះនឹងផ្ដល់ជាគំរូមិនល្អដល់អ្នកជំនាន់ក្រោយ។
លោកបណ្ឌិត ឈត ប៊ុនថង លើកទឹកចិត្តដល់យុវជនខ្មែរ គួរស្វែងយល់អំពីបែបបទខ្មែរឱ្យបានច្បាស់ ដើម្បីដឹងថា នៅពេលសម្ដែងភារវកិច្ចចំពោះមនុស្សចាស់ និយាយជាមួយមនុស្សចាស់ ព្រះសង្ឃ ត្រូវមានឥរិយាបទរបៀបណា។
គួរជំរាបជូនថា ឥរិយាបទខ្មែរ សំដៅលើកាយវិការ សកម្មភាព និងរបៀបរបបនៃការរស់នៅដ៏ល្អប្រពៃ ដែលឆ្លុះបញ្ចាំងពីសីលធម៌ សុជីវធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ដូនតាខ្មែរ។ ឥរិយាបថនេះ រួមបញ្ចូលទាំងការគោរពចាស់ទុំ ការនិយាយស្តីទន់ភ្លន់ ការស្លៀកពាក់សមរម្យ និងការគោរពគ្នាទៅវិញទៅមកក្នុងសង្គម៕
































