អ្នកជំនាញ និងវាគ្មិនល្បីៗក្នុងវិស័យអប់រំ កាលពីថ្ងៃព្រហស្បត្តិ៍ (២០សីហា) បានរួមគ្នាចែករំលែកទស្សនទាន និងបញ្រ្ជាបស្មារតីស្នេហាជាតិដល់យុវជនកម្ពុជា នៅក្នុងព្រឹត្តិការណ៍បាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ»។ កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នដៃគូ ដោយមានការចូលរួមពីសំណាក់សាស្ត្រាចារ្យ បណ្ឌិត ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា ព្រះសង្ឃ និងនិស្សិតប្រមាណ ៤០០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជាវ អានសាន នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា លើកឡើងថា បាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី២ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងចែករំលែកចំណេះដឹងអំពីតួនាទីនៃការអប់រំក្នុងការកសាងសតិជាតិ និងការអភិវឌ្ឍធនធានមនុស្ស ប្រកបតាមបរិបទនៃការពង្រឹងសង្គមសម័យទើប។

ឯកឧត្តម ជាវ អានសាន បានផ្សារភ្ជាប់ពាក្យ «ឧត្តមគតិ» ទៅនឹងឃ្លាថា «ខ្ញុំស្រឡាញ់ ខ្ញុំគាំទ្រ ខ្ញុំការពារកម្ពុជា!» ដែលមានន័យថា ក្នុងនាមជាជនជាតិខ្មែរ ត្រូវតែមានក្ដីស្រឡាញ់ គាំទ្រ មានស្មារតី ភាពជាម្ចាស់ ទំនួលខុសត្រូវ និងឆន្ទៈក្នុងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដើម្បីរួមចំណែកការពារ និងអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោង ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មានប្រសាសន៍ថា ទាក់ទងទៅនឹងការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ គួរគិតគូរពីទស្សនទានចំនួន ២សំខាន់ គឺទី១. ទស្សនជាតិនិយម ទី២.ទស្សនសកលនិយម។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោង ប៉េង បន្តថា បើសិនជាយើងពង្រឹងចំណុចទាំងពីរនេះបាន នោះប្រទេសយើងនឹងមានការរីកចម្រើន ការអភិវឌ្ឍបានល្អ ហើយបានកសាងនូវវប្បធម៌សន្តិភាពមួយ។
សម្រាប់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីបណ្ដុះទឹកចិត្តស្នេហាជាតិ ឬមិនស្នេហាជាតិ គឺមានបុគ្គល ៣ប្រភេទដែលមានឥទ្ធិពលបំផុតនៅក្នុងសង្គម និងជាអ្នកឆ្លាក់សង្គម គឺអ្នកសារព័ត៌មាន សិល្បករ និងគ្រូបង្រៀន។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បន្តថា បើយើងចង់បណ្ដុះទឹកចិត្តស្នេហាជាតិ មិនត្រឹមតែប្រព័ន្ធអប់រំអាចធ្វើបានទេ គឺបុគ្គលទាំង ៣ក្រុមនេះ មានឥទ្ធិពលខ្លាំងបំផុត។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ថា អ្វីដែលអប់រំត្រូវធ្វើ គឺនៅចំណេះទូទៅថ្នាក់តូចៗ ត្រូវបណ្ដុះស្មារតីស្នេហាជាតិ ភាពជាខ្មែរ ឱ្យកុមារមានសុជីវធម៌ ចេះគោរពចាស់ទុំ ចេះស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរ បន្ទាប់មកទើបរៀនផ្នែកវិទ្យាសាស្ត្រនៅថ្នាក់ខ្ពស់ ដើម្បីក្លាយជាមនុស្សអន្តរជាតិ ដែលត្រូវប្រណាំងប្រជែងជាមួយពិភពលោក។
«ការស្រឡាញ់ជាតិ ការពារជាតិមួយ គឺត្រូវស្រឡាញ់ និងស្គាល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិនោះឱ្យបានច្បាស់»

ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង សាស្រ្តាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាភាសាខ្មែរ មានប្រសាសន៍ថា «សតិ» គឺជាស្មារតី ឬជាការចងចាំ ដែលនាំទៅដល់ គំនិត អត្តសញ្ញាណជាតិខ្មែរ។ ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង បន្តថា ការមាន «សតិ» នឹងនាំឱ្យយើងដឹងអំពីអត្តសញ្ញាណជាតិ ដែលនាំឱ្យមានការបណ្ដុះស្មារតីស្រឡាញ់ជាតិ និងការពារទឹកដី៕














































































