ក្រោយពីការប្រកួតធ្វើបទបង្ហាញយ៉ាងស្វិតស្វាញដោយបេក្ខជនចំនួន១០រូប ទីបំផុតគេបានរកឃើញបេក្ខជន៣រូប ជាប់ជ័យលាភីឆ្នើមក្នុងកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៥ ក្រោមប្រធានបទ “ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍”។
បេក្ខជនជ័យលាភីឆ្នើមទាំង៣រូប សុទ្ធតែបានប្រកួតលើប្រធានបទជម្រើសទី១ គឺ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងទីក្រុងសៀមរាប និងតំបន់ជុំវិញ។ សម្រាប់ជ័យលាភីលេខ១ បានទៅលើ បេក្ខនារី ស្រ៊ុនគា នារតី ជានិស្សិតមកពីសាកលវិទ្យាល័យផារ៉ាហ្គន បទបង្ហាញពី Smart Tourism Kiosk with IoT , ជ័យលាភីលេខ២ បានទៅលើ បេក្ខនារី សុខ ស្រីលក្ស្មី ជានិស្សិតមកពីសាកលវិទ្យាល័យខេមតិច បទបង្ហាញពី កម្មវិធី Jurnivers និងជ័យលាភីលេខ៣ បានទៅលើ បេក្ខជន សាយ គីមឡុង ជានិស្សិតមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បទបង្ហាញពី កម្មវិធី Go Siem Reap។
ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ នេះ បង្កើតឡើងដើម្បីបំផុសគំនិត ជំរុញឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនដែលមានសក្កដានុពលនាពេលបច្ចុប្បន្ននេះ ស្វែងយល់ និងចាប់យកការប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ។ ទន្ទឹមគ្នានេះ ជំរុញឱ្យយុវជនមានលំហាត់ការគិត ហ្វឹកហាត់ខួរក្បាលទៅលើប្រធានបទលើវិស័យណាមួយដែលមានសក្កានុពលសម្រាប់ការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បន្ថែមថា បេក្ខជនដែលបានចូលរួមប្រកួតកម្មវិធីនេះ សុទ្ធតែបានចូលរួមបញ្ចេញទស្សនៈរបស់ខ្លួន បានចូលរួមគិត បានចូលរួមចែករំលែកចំណេះដឹង ហើយគំនិតទាំងនេះនឹងអាចក្លាយជាការពិតនៅថ្ងៃណាមួយ។ បើតាម ឯកឧត្តម អាំង សុវណ្ណរ័ត្ន អ្នកដែលបានដាក់ពាក្យចូលរួមប្រកួតកម្មវិធីនេះទាំងអស់ សុទ្ធតែជាអ្នកឈ្នះក្នុងការហ្វឹកហាត់ការគិតរបស់ខ្លួន។

លោក លឹម តូនី បុគ្គលិកស្រាវជ្រាវនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាអ្នករៀបចំកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មីនេះ ឱ្យដឹងថា គិតចាប់ពីថ្ងៃបើកទទួលពាក្យដែលមានរយៈពេល១០ថ្ងៃ កម្មវិធីទទួលបានបេក្ខជនដាក់ពាក្យចូលរួមប្រកួតប្រមាណ ១០០នាក់។ ក្នុងនោះកម្មវិធីសម្រាំងយកបេក្ខជន២០រូប រួចទើបសម្រេចជ្រើសរើសបេក្ខជន១០រូប សម្រាប់ឡើងធ្វើបទបង្ហាញ។
គួរជំរាបជូនថា សម្រាប់រង្វាន់ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ១លាន៨សែនរៀល, ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ១លាន៤សែនរៀល និងជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ១លានរៀល។ សម្រាប់បេក្ខជន៧រូប ផ្សេងទៀត ទទួលបានលិខិតសរសើរ, Eco Bag, អាវយឺត, ដបទឹក, សៀវភៅអត្ថបទស្រាវជ្រាវ៕
































