សិង្ហបុរីបន្តបង្ហាញភាពលេចធ្លោក្នុងវិស័យឧត្តមសិក្សា ដោយមានសាកលវិទ្យាល័យចំនួន២ ជាប់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០លើពិភពលោក ផ្នែកវិស្វកម្ម តាមចំណាត់ថ្នាក់ U.S. News Best Global Universities ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍លើមុខវិជ្ជានេះ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យរបស់ប្រទេសចិនបានគ្រប់គ្រងតារាងកំពូលទាំង១០ ដោយដណ្តើមបានរហូតដល់៧ចំណាត់ថ្នាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីពេលថ្មីៗនេះថា សាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (Nanyang Technological University – NTU) ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក បន្ទាប់ពីសាកលវិទ្យាល័យស៊ីងហួ (Tsinghua University) របស់ប្រទេសចិន ដែលឈរនៅលេខ១។ ចំណែកសាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore – NUS) ជាប់ចំណាត់ថ្នាក់លេខ៨។
ប្រទេសចិនបានបង្ហាញភាពលេចធ្លោខ្លាំងក្នុងការវាយតម្លៃនេះ ដោយមានសាកលវិទ្យាល័យចំនួន៧ ស្ថិតក្នុងចំណោមកំពូលទាំង១០។ ខណៈសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង (Hong Kong Polytechnic University) ជាប់លេខ៦។ រីឯវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) របស់សហរដ្ឋអាមេរិក គឺជាស្ថាប័នដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្រៅទ្វីបអាស៊ី ដោយស្ថិតនៅលេខ១២។
តាម U.S. News ការវាយតម្លៃផ្នែកវិស្វកម្មឆ្នាំនេះ គឺជាចំណាត់ថ្នាក់ដែលមានទំហំធំបំផុតក្នុងចំណោមមុខវិជ្ជាទាំង៥១ ដោយវាយតម្លៃសាកលវិទ្យាល័យចំនួន១,៦១៤ នៅទូទាំងពិភពលោក។ ការចាត់ថ្នាក់ផ្អែកលើសូចនាករចំនួន១២ ដែលវាស់វែងសមត្ថភាពស្រាវជ្រាវ រួមទាំងការបោះពុម្ពផ្សាយអត្ថបទវិទ្យាសាស្ត្រក្នុងអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ និងការដកស្រង់ឯកសាររហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
សាកលវិទ្យាល័យនីមួយៗត្រូវមានការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវផ្នែកវិស្វកម្មយ៉ាងហោចណាស់២៥០ ក្នុងរយៈពេល៥ឆ្នាំ ទើបមានសិទ្ធិចូលរួមក្នុងការវាយតម្លៃ។
ទោះបីសិង្ហបុរីមានសាកលវិទ្យាល័យដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងតំបន់ក៏ដោយ តែម៉ាឡេស៊ីមានចំនួនសាកលវិទ្យាល័យជាប់ក្នុងចំណាត់ថ្នាក់នេះច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមាន១៩ស្ថាប័ន ខណៈវៀតណាមមាន១១ស្ថាប័ន។

ក្រៅពីផ្នែកវិស្វកម្ម សាកលវិទ្យាល័យរបស់សិង្ហបុរីក៏ស្ថិតក្នុងចំណោមកំពូលទាំង១០លើពិភពលោកលើមុខវិជ្ជាជាច្រើនផ្សេងទៀត រួមមាន បញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ព្រមទាំងវិទ្យាសាស្ត្រសម្ភារៈ។
ភាពលេចធ្លោក្នុងវិស័យឧត្តមសិក្សានេះ ស្របពេលដែលទស្សនាវដ្តី The Economist បានចាត់ថ្នាក់សិង្ហបុរីជាប្រទេសមានជាងគេទី២របស់ពិភពលោក ដោយគិតតាមផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ២០២៥៕











































































