ការចិញ្ចឹមកូនដោយក្តីស្រឡាញ់ គឺជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់រូប ប៉ុន្តែការការពារនិងហួងហែងកូនខ្លាំងជ្រុលហួសហេតុ (Overprotective Parenting) អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ការលូតលាស់ផ្លូវចិត្តរបស់កុមារដោយមិនដឹងខ្លួន។ ការសិក្សាស្រាវជ្រាវថ្មីមួយដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Child Development បានបង្ហាញឱ្យឃើញពីទំនាក់ទំនងរវាងការគ្រប់គ្រងហួសហេតុរបស់ឪពុកម្តាយ និងអារម្មណ៍ធ្លាក់ចុះរបស់ក្មេងជំទង់។
អ្វីទៅជាការចិញ្ចឹមកូនបែបហួងហែងជ្រុល?
ការចិញ្ចឹមកូនបែបនេះ ជារឿយៗត្រូវបានគេហៅថា ”Helicopter Parenting” ដែលសំដៅទៅលើអាកប្បកិរិយារបស់ឪពុកម្តាយដែលព្យាយាមគ្រប់គ្រង និងរឹតត្បិតភាពម្ចាស់ការ របស់កូនខ្លាំងពេក តាមរយៈសកម្មភាពមួយចំនួនដូចជា ការមិនអនុញ្ញាតឱ្យកូនប្រឈមមុខនឹងការខកចិត្ត ឬការបរាជ័យកម្រិតស្រាល, ការដោះស្រាយបញ្ហាជំនួសកូនគ្រប់រឿង, ការបំពេញកិច្ចការជំនួសកូន ដើម្បីកាត់បន្ថយភាពតានតឹងផ្លូវចិត្ត, ការតាមដាននិងឃ្លាំមើលហួសហេតុដើម្បីបញ្ចៀសហានិភ័យគ្រប់ប្រភេទ, ការលូកដៃចូលជីវិតផ្ទាល់ខ្លួនរបស់ក្មេងជំទង់ជ្រៅពេក។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Erasmus University Rotterdam ប្រទេសហូឡង់ បានតាមដានក្មេងជំទង់ក្នុងរយៈពេលមួយសប្តាហ៍ ហើយរកឃើញថា ក្មេងជំទង់មានអារម្មណ៍ធ្លាក់ចុះ (Lower mood) នៅពេលពួកគេមានអារម្មណ៍ថាឪពុកម្តាយកំពុងដាក់កំហិត ឬការពារពួកគេខ្លាំងពេក។
បន្ថែមពីនេះ ការសិក្សាកន្លងមកក្នុងឆ្នាំ២០២៣ និង ២០២៤ ក៏បានបញ្ជាក់ស្របគ្នាដែរថា កុមារដែលរងការការពារហួសហេតុ ងាយនឹងជួបការលំបាកផ្នែកអារម្មណ៍ ការគ្រប់គ្រងខ្លួនឯងចុះខ្សោយ និងមានលទ្ធផលសិក្សាធ្លាក់ចុះ។
ហេតុអ្វីបានជាឪពុកម្តាយក្លាយជាមនុស្សហួងហែងជ្រុល?
អ្នកជំនាញផ្នែកចិត្តសាស្រ្តបង្ហាញថា ឥរិយាបថនេះភាគច្រើនកើតចេញពីបំណងល្អ ប៉ុន្តែត្រូវបានជំរុញដោយកត្តាមួយចំនួន៖
- ការព្រួយបារម្ភនិងការភ័យខ្លាច (Parental Anxiety)៖ ចង់ការពារកូនពីបទពិសោធន៍មិនល្អគ្រប់យ៉ាង។
- បច្ចេកវិទ្យា និងពិភពអនឡាញ៖ ភាពស្មុគស្មាញនៃសុវត្ថិភាពលើអ៊ីនធឺណិត និងបណ្តាញសង្គម ដែលឪពុកម្តាយជំនាន់មុនមិនធ្លាប់ឆ្លងកាត់ ធ្វើឱ្យពួកគេពិបាកប៉ាន់ស្មានហានិភ័យ។
- សម្ពាធសង្គម៖ ការរំពឹងទុករបស់សង្គមដែលចង់ឱ្យកូនក្លាយជាមនុស្សល្អឥតខ្ចោះ។
ផលប៉ះពាល់រយៈពេលវែងចំពោះការលូតលាស់របស់កុមារ

លោកវេជ្ជបណ្ឌិត Eric Storch សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor បានពន្យល់ថា កុមារអាចធំធាត់និងរឹងមាំទៅបាន លុះត្រាតែពួកគេបានឆ្លងកាត់ទាំងរឿងល្អ និងរឿងអាក្រក់ក្នុងជីវិត ដើម្បីអភិវឌ្ឍជំនាញដោះស្រាយបញ្ហានិងការទប់ទល់នឹងឧបសគ្គ។
ផ្ទុយទៅវិញ ការការពារជ្រុលហួសហេតុអាចធ្វើឱ្យកុមារ៖
- បាត់បង់ទំនុកចិត្តលើសមត្ថភាពធ្វើការសម្រេចចិត្តដោយខ្លួនឯង
– ខ្វះភាពធន់ (Resilience) នៅពេលជួបបញ្ហាប្រឈមក្នុងជីវិតជាក់ស្តែង
- ក្លាយជាក្មេងដែលពឹងផ្អែកលើអ្នកដទៃខ្លាំង និងបាត់បង់ភាពម្ចាស់ការ
វិធីសាស្ត្រកែប្រែសម្រាប់ឪពុកម្តាយ
ប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងកំពុងស្ថិតក្នុងចំណុចនេះ មិនចាំបាច់មានការព្រួយបារម្ភនោះទេ ព្រោះអ្នកអាចកែសម្រួលបានបន្តិចម្តងៗ៖
1. ចាប់ផ្តើមពីជំហានតូចៗ៖ ផ្តល់ឱកាសឱ្យកូនបានជួបប្រទះការលំបាកកម្រិតស្រាលដែលសមស្របនឹងអាយុរបស់ពួកគេ ដើម្បីឱ្យពួកគេរៀនដោះស្រាយដោយខ្លួនឯង។
2. ពង្រីកលំហសេរីភាពបន្តិចម្តងៗ៖ អនុញ្ញាតឱ្យកូនស្វែងយល់ពីពិភពជុំវិញខ្លួន ខណៈដែលឪពុកម្តាយដើរតួជាអ្នកសង្កេតការណ៍ និងរង់ចាំជួយនៅពេលចាំបាច់ពិតប្រាកដ។
3. បង្រៀនជំនាញជីវិតជាជាងការធ្វើជំនួស៖ បង្រៀនកូនពីសុវត្ថិភាពមូលដ្ឋាន និងបណ្តុះឱ្យពួកគេចេះរៀនសូត្រពីកំហុសឆ្គងតូចតាច។
4. កសាងភាពធន់ក្នុងចិត្តរបស់ឪពុកម្តាយ៖ ឪពុកម្តាយត្រូវរៀនអត់ធ្មត់ និងទទួលយកឱ្យបាននូវការមើលឃើញកូនជួបការលំបាកបន្តិចបន្តួចក្នុងដំណើរការរៀនសូត្រ។
ការចិញ្ចឹមកូនឱ្យមានសុខភាពល្អ មិនមែនគ្រាន់តែជាការការពារពួកគេពីពិភពខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែគឺការស្វែងរកតុល្យភាពរវាងការការពារ និងការរៀបចំកូនឱ្យមានសមត្ថភាពរស់នៅដោយខ្លួនឯង៕












































































