ត្រឹមឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ កុមារកម្ពុជាគ្រប់រូបនឹងទទួលបានអាហារតាមសាលារៀនប្រកបដោយសុខភាព និងអាហារូបត្ថម្ភជារៀងរាល់ថ្ងៃ។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការវិភាគទិដ្ឋភាពគ្រប់ជ្រុងជ្រោយលើកម្មវិធីការផ្ដល់អាហារតាមសាលារៀននៅបណ្ដាប្រទេសសមាជិកអាស៊ាន។
ប្រតិភូនៃបណ្តាប្រទេសសមាជិកអាស៊ាន, លេខាធិការដ្ឋានអាស៊ាន, ក្រសួង ស្ថាប័នសមាជិកគណៈកម្មការដឹកនាំនិងគ្រប់គ្រងកម្មវិធីផ្តល់អាហារតាមសាលារៀន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា (KOICA Cambodia), កម្មវិធីស្បៀងអាហារពិភពលោកស្នាក់ការប្រចាំកម្ពុជា (WFP Cambodia), កម្មវិធីស្បៀងអាហារពិភពលោកទីស្នាក់ការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក , ក្រុមការងារនៃមជ្ឈមណ្ឌល SEARCA, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នានៅរាជធានីភ្នំពេញ កាលពីដើមសប្តាហ៍នេះ ដើម្បី ផ្តល់សុពលភាពលើលទ្ធផលនៃការស្រាវជ្រាវ និងអនុសាសន៍ផ្នែកគោលនយោបាយ, ចែករំលែកឧត្តមានុវត្តន៍នៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ (HGSF), កំណត់បញ្ហាប្រឈមរួម និងឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការថ្នាក់តំបន់, រៀបចំអនុសាសន៍ផ្នែកគោលនយោបាយថ្នាក់តំបន់ ដើម្បីពន្លឿនការដាក់បញ្ចូលស្តង់ដាអាហារូបត្ថម្ភតាមសាលារៀនរបស់អាស៊ានទៅអនុវត្តនៅថ្នាក់ជាតិ និង គាំទ្រការធ្វើស្ថាបនូបនីយកម្មគំនិតផ្តួចផ្តើមស្តីពីការផ្តល់អាហារតាមសាលារៀន នៅក្នុងលេខាធិការដ្ឋានអាស៊ាន។

ថ្លែងទៅកាន់ប្រទេសសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត មានប្រសាសន៍ថា កម្មវិធីផ្ដល់អាហារតាមសាលារៀន មិនត្រឹមតែរួមចំណែកដល់វិស័យអប់រំប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្សារភ្ជាប់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ ការអភិវឌ្ឍវិស័យកសិកម្ម សេដ្ឋកិច្ចមូលដ្ឋាន និងកិច្ចគាំពារសង្គម។ ការផ្ដល់អាហារតាមសាលារៀនជាការវិនិយោគដ៏មានប្រសិទ្ធភាពបំផុតលើការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការស្រាវជ្រាវនេះនឹងផ្ដល់ភស្តុតាងដ៏ទូលំទូលាយអំពីស្ថានភាព អភិបាលកិច្ច ហិរញ្ញប្បទាន និងការអនុវត្តកម្មវិធីនៅបណ្ដាប្រទេសសមាជិកអាស៊ាន ដែលជាមូលដ្ឋានសម្រាប់រៀបចំក្របខ័ណ្ឌរួមថ្នាក់តំបន់ ដោយគោរពតាមបរិបទរបស់ប្រទេសនីមួយៗ។ ហើយក្នុងនាមជាប្រទេសដឹកនាំការស្រាវជ្រាវនេះ កម្ពុជានៅតែប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដោយហេតុថា គ្មានប្រទេសណាមួយត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះដោយពុំមានកិច្ចសហការពីបណ្តាប្រទេសក្នុងតំបន់នោះទេ។
ប្រទេសកម្ពុជាបានផ្តួចផ្តើមអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនកាលពីឆ្នាំ១៩៩៩ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក សហការជាមួយក្រសួងអប់រំ ផ្តោតលើការផ្តល់អាហារដល់កុមារក្នុងខេត្តដែលមានបញ្ហាអសន្តិសុខស្បៀង និងងាយរងគ្រោះបំផុត ដើម្បីជំរុញការចូលរៀន និងកាត់បន្ថយភាពស្រេកឃ្លានរយៈពេលខ្លី។ បន្ទាប់ពីការអនុវត្តការផ្តួចផ្តើមខាងលើបានជោគជ័យ និងស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ការផ្លាស់ប្តូរពីការពឹងផ្អែកលើការឧបត្ថម្ភជាស្បៀងពីម្ចាស់ជំនួយ ទៅជាយុទ្ធសាស្រ្តថ្មីមួយប្រកបដោយនិរន្តរភាពត្រូវបានបង្កើតឡើង។

ក្នុងឆ្នាំ២០១៤ ក្រសួងអប់រំ សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក បានសាកល្បងកម្មវិធីផ្តល់អាហារតាមសាលារៀនប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយផ្សារភ្ជាប់កម្មវិធីផ្តល់អាហារតាមសាលារៀន ទៅនឹងការផលិតស្បៀងក្នុងសហគមន៍មូលដ្ឋាន។
គិតត្រឹមឆ្នាំសិក្សា២០២៤-២០២៥ មានសាលាបឋមសិក្សាគោលដៅ ១១១៤ ក្នុងនោះសិស្ស ៣០៧,៥៥៩នាក់ បាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍៕













































































