ភ្នំពេញ៖ នៅក្នុងដំណាក់កាលរីករាលដាលនៃជំងឺឆ្លងកូវី-១៩ នេះមនុស្សគ្រប់គ្នាមិនអាចចេញទៅក្រៅផ្ទះធ្វើដំណើរបាន បុគ្គលិកមួយចំនួនធ្វើការពីផ្ទះ សិស្ស និស្សិតរៀនពីចម្ងាយតាមប្រព័ន្ធអនឡាញ រួមទាំងការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ ក៏ធ្វើតាមប្រព័ន្ធអនឡាញដូចគ្នា។ រូបភាពនេះនឹងធ្វើមនុស្សធុញថប់ ស្មុគស្មាញ នឹងឈានទៅរកបញ្ហាសុខភាពផ្លូវចិត្តកើតឡើង។ ដំណាក់កាលនេះ ត្រូវការចាំបាច់នូវការលើកទឹកចិត្តគ្នាទៅវិញទៅមក។
កញ្ញា សុទ្ធ ជីវ៉ា ជានិស្សិតសិក្សាជំនាញឆ្នៃម៉ូតសម្លៀកបំពាក់ នៃវិទ្យាស្ថានសិល្បៈអន្តរជាតិភ្នំពេញ បានប្រាប់មកកាន់ AMS ថា ក្នុងកាលៈទេសៈនេះមនុស្សម្នាក់ៗច្បាស់ជាជួបបញ្ហាស្មុគស្មាញ អស់សង្ឃឹម ប៉ុន្តែត្រូវទទួលស្គាល់ការពិតថាពិភពលោកទាំងមូលកំពុងជួបបញ្ហាទាំងនេះដូចគ្នា។

កញ្ញា សុទ្ធ ជីវ៉ា
“យើងគួរតែទទួលស្គាល់ការពិតទាំងនេះ ហើយត្រឡប់មកធ្វើរឿងពីមុនដែលយើងចង់ធ្វើ ប៉ុន្តែមិនបានធ្វើវិញ។ យើងគិតរឿងវិជ្ជមានឱ្យបានច្រើន យកចិត្តទុកដាក់អំពីសុខភាព យកចិត្តទុកដាក់ចំណាយពេលជាមួយគ្រួសារ និងជជែកលេងជាមួយមិត្តភក្ដិជាដើម” កញ្ញា សុទ្ធ ជីវ៉ា”
ចំណែក កញ្ញា ស៊ុន ស្រីអូន បាននិយាយថា ការលើកទឹកចិត្តដល់គ្នាទៅវិញទៅមកពិតជាសំខាន់។ កញ្ញាបន្តថា យុវជនត្រូវរឹងមាំនិងចេះចែករំលែកក្ដីស្រឡាញ់ យកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ។
នេះជាការបញ្ចាក់បន្ថែមរបស់កញ្ញា ស៊ុន ស្រីអូន
“ស្រ្តេសឆាប់កើតឡើងបំផុតនៅពេលដែលមានអារម្មណ៍តានតឹង ហើយគិតថាខ្លួនឯងឯកា ត្រូវការមានមនុស្សមកផ្ដល់កម្លាំងចិត្ត និងជួយលើកទឹកចិត្ត។ មនុស្សម្នាក់ៗត្រូវតែពង្រឹងផ្លូវចិត្តខ្លួនឯងឱ្យបានរឹងមាំជាមុនសិន ទើបអាចលើកទឹកចិត្តខ្លួនឯង លើកទឹកចិត្តមនុស្សជុំវិញខ្លួនឱ្យនៅតែអាចបន្តដំណើរទៅមុខ និងរស់នៅដោយមិនភ័យខ្លាច”
ទន្ទឹមគ្នានេះដែរ លោក ប៊ុន លឹមហ៊ួរ អ្នកផ្តល់ប្រឹក្សាសុខភាពផ្លូវចិត្ត នៃអង្គការ TPO កម្ពុជា មានប្រសាសន៍ថា ដំណាក់កាលនៃការរីករាលដាលជំងឺផ្លូវដង្ហើម Covid-19 នេះ ការថែទាំសុខភាពផ្លូវចិត្តរបស់យុវជនពិតសំខាន់ និងត្រូវយកចិត្តទុកដាក់ឱ្យបានប្រសើរបំផុត។
លោក ប៊ុន លឹមហ៊ួរ
“យុវជនអាចនឹងមានអារម្មណ៍តានតឹង ព្រួយបារម្ភ ថប់អារម្មណ៍ តប់ប្រមល់ ព្រមទាំងប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរដោយសារឥទ្ធិពលកូវីដ-១៩។ ប៉ុន្តែទន្ទឹមគ្នានេះមានវិធីសាស្ត្រជាច្រើនដែលជួយឱ្យសុខភាពផ្លូវចិត្តប្រសើរឡើងដូចជា លើកទឹកចិត្តដល់គ្នា គិតរឿងវិជ្ជមាន អានសៀវភៅ ធ្វើលំហាត់ប្រាណ ប្រសិនបើមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ត្រូវស្វែករកអ្នកជំនាញប្រឹក្សាយោបល់ផ្លូវចិត្ត”
គួររំលឹកថា តាមរយៈព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ បង្ករឱ្យជំងឺកូវី-១៩ ឆ្លងរីករាលដាលនៅក្នុងសហគមន៍ឈានដល់ការបិទខ្ទប់ទីក្រុងភ្នំពេញ និងតំបន់មួយនៅតាមបណ្តាខេត្ត។ អំឡុងពេលនេះ មនុស្សគ្រប់គ្នាចាំបាច់ត្រូវរក្សាទំនាក់ទំនងឱ្យបានល្អចំពោះគ្នាទៅវិញទៅមក និងមិនគួរគិតអវិជ្ជមានច្រើនដែលធ្វើឱ្យមិនសប្បាយចិត្តឡើយ។ ប្រសិនបើមានបញ្ហាថប់បារម្ភ ឬធ្លាក់ទឹកចិត្ត សាធារណជនទាក់ទងសុំប្រឹក្សាយោបល់ពីអ្នកជំនាញផ្លូវចិត្ត នៃអង្គការ TPO កម្ពុជា តាមរយៈលេខទូរសព្ទ ០១៧ ២២២ ៣៧២, ០១០ ២២២ ៤៧៨, ០៩៧ ៩១ ១១ ៩១៨ ដោយឥតគិតថ្លៃ ចាប់ពីម៉ោងប្រាំបីព្រឹក រហូតដល់ម៉ោងដប់យប់ ជារៀងរាល់ថ្ងៃ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។





























