ឈានមួយជំហានពីយុគ្គសម័យឧស្សាហកម្ម មកយុគ្គសម័យបច្ចេកវិទ្យា និងឌីជីថល ប្រទេសទាំងអស់សុទ្ធតែបានមើលឃើញពីសារៈសំខាន់នៃការអនុវត្តសេដ្ឋកិច្ចឌីជីថល ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រទេសឱ្យអភិវឌ្ឍបានលឿនស្របទៅនឹងរបត់នៃបដិវដ្តឧស្សាហកម្មជំនាន់ថ្មី។
សម្រាប់កម្ពុជាវិញ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របទៅនឹងបម្រែបម្រួលនៃបដិវដ្តឧស្សាហកម្ម 4.0 និងទាញយកផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងប្រទេស។ តែទោះជាយ៉ាងនេះក្តី ដើម្បីអនុវត្តគោលដៅជាវិជ្ជមានទាំងអស់នេះបានល្អប្រសើរ កម្ពុជាត្រូវការធនធានមនុស្សជាច្រើនដើម្បីអនុវត្តសកម្មភាពនៅគ្រប់ផ្នែកទាំងអស់នៃការអភិវឌ្ឍ។
ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា «ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែយើងមានការអប់រំបែបឌីជីថល»។ ឯកឧត្តមថា ការអប់រំបែបឌីជីថល ឬអក្ខរកម្មឌីជីថលក្នុងបរិបទកម្ពុជានាសម័យឧស្សាហកម្ម 4.0 មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកែប្រែខ្លួនឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល ព្រោះផ្នែកទាំងអស់នេះត្រូវការអ្នកជំនាញជាច្រើនដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។
ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖
«ដើម្បីឱ្យការអប់រំបែបឌីជីថល ធ្វើឡើងបានកាន់តែប្រសើរ ក្រសួងអប់រំបានធ្វើការងារជាច្រើនដើម្បីបញ្ជ្រាបការបណ្តុះបណ្តាលនៅគ្រប់កម្រិត និងនៅតំបន់នានានៅក្នុងប្រទេសកម្ពុជា»។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការធនធានមនុស្សផ្នែកឌីជីថល ក្រសួងអប់រំ បានបង្កើតឱ្យមានសាលាជំនាន់ថ្មីដែលបញ្ចូលនូវកម្មវិធីសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការបណ្តុះបណ្តាលការសរសេរកូដ រួមទាំងកម្មវិធីសិក្សាដែលជាជំនាញទន់ជាច្រើនទៀតដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងសតវត្សទី21។ លើសពីនេះទៅទៀត ក្រសួងក៏បានរៀបចំរៀបចំអប់រំចំណេះដឹងជាមូលដ្ឋានគ្រឹះសម្រាប់ការអប់រំដោយឆ្លើយតបជាមួយយុគ្គសម័យបច្ចេកវិទ្យា តាមរយៈការធ្វើកំណែទម្រង់សាលារៀន និងកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្សដែលជាធនធានមនុស្សជំនាន់ថ្មីរបស់យើង។

នាពេលបច្ចុប្បន្ននេះ ស្ថាប័នអប់រំនានានៅកម្ពុជា ទាំងកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា បានបញ្ចូលនូវរបៀបអប់រំ និងបច្ចេកវិទ្យាជាច្រើន ដើម្បីធ្វើការឆ្លើយតបបន្តិចម្តងៗទៅនឹងបរិបទនៃការអប់រំ 4.0 ដោយរំពឹងទុកដាក់រយៈពេល 5 ទៅ 10ឆ្នាំទៀត យើងអាចមានធនធានកាន់តែច្រើនដែលចេះប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការធ្វើការងារ ឬចូលរួមក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារសកល។ ឆ្លើយតបជាមួយនឹងបញ្ហានេះ សិស្សានុសិស្ស ឬនិស្សិត ដែលជាយុវជន ក៏មានឱកាសច្រើនផងដែរក្នុងការសិក្សាឱ្យបានទូលំទូលាយពីបច្ចេកវិទ្យា ព្រោះយើងសុទ្ធតែមានធនធានគ្រប់គ្រាន់ផ្នែកបច្ចេកវិទ្យា ដោយស្ទើរតែគ្រប់គ្នាមានទូរស័ព្ទដៃស្មាតហ្វូន ព្រមទាំងមានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតនៅគ្រប់ទីកន្លែង។ លក្ខខណ្ឌនេះជាឱកាសក្នុងការទាញយកចំណេះដឹងដែលមានជុំវិញពិភពលោកដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង។ ហេតុនេះសិស្សនិស្សិតគួរចេះបង្វែរពេលវេលាពីការប្រើប្រាស់បណ្តាញសង្គមដ៏ច្រើនហួសហេតុ មកស្វែងរកប្រភពចំណេះដឹងជាមូលដ្ឋានសម្រាប់បន្តអភិវឌ្ឍសមត្ថភាពក្នុងយុគ្គសម័យឌីជីថលវិញទើបរាប់ថាជាការត្រៀមខ្លួនដ៏ល្អ។

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងផងដែរថា កម្ពុជាត្រូវការធនធានមនុស្សជាច្រើនផ្នែកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាដើម្បីចូលរួមចំណែកអភិវឌ្ឍលើកគ្រប់ផ្នែកទាំងអស់ក្នុងសង្គមនាពេលបច្ចុប្បន្ននេះ តែអ្វីដែលជាបញ្ហាប្រឈមគឺយុវជនចូលចិត្តសិក្សាជំនាញដែលធ្វើការក្នុងការិយាល័យ ឬជំនាញសេវាកម្មច្រើនជាងជំនាញបច្ចេកទេស។ ហេតុនេះ ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការចូលរួមជាចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ សិស្សនិស្សិតគួរងាកចំណាប់អារម្មណ៍មកសិក្សាផ្នែកបច្ចេកទេស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឱ្យបានច្រើន។ ការសិក្សាទៀតសោត ក៏ចាំបាច់ត្រូវខិតខំប្រឹងប្រែងឱ្យបានស៊ីជម្រៅដើម្បីមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងប្រទេស និងក្នុងតំបន់ ព្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល ការប្រកួតប្រជែងកាន់តែមានលក្ខណៈទូលាយនៅគ្រប់តំបន់ទាំងអស់លើពិភពលោក៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។






























