ប្រើប្រាស់វិធីសាស្រ្ត នៃការកែប្រែខ្លួនឯងតាមរយៈការកម្ចាត់ភាពខ្ជិល កាត់ចោលការរកលេសមិនអភិវឌ្ឍន៍ខ្លួន ជំនួសឱ្យការបង្កើតនូវទម្លាប់រក្សាវិន័យ ដើម្បីសម្រេចគោលដៅ បញ្ចប់ជំនាញដែលរៀន រួមទាំងក្លាយជាបុគ្គលមានឥទ្ធិពល ផលិតមាតិកាផ្តល់ផលវិជ្ជមានទៅកាន់សង្គម នេះជាការនិទានសាច់រឿងផ្ទាល់ខ្លួន អ្នកផលិតមាតិកា Leng-ឡេង តាមរយៈកម្មវិធីវេទិកា និយាយជាសាធារណៈនៃ RYL ឆ្នាំ២០២៤។
អ្នកផលិតមាតិការូបនេះ បានឱ្យដឹងថា ប្រហែលប្រាំពីរឆ្នាំមុន កញ្ញាក៏ធ្លាប់មានបទពិសោធន៍ជាមនុស្សដែលខ្ជិលច្រអូស ទទួលបានការស្តីបន្ទោសពីគ្រូដែរ ប៉ុន្តែអ្វីៗអាចកែប្រែបានក្នុងការបង្កើតអនាគតថ្មីសម្រាប់ខ្លួនឯង។ យ៉ាងណាគ្រាន់តែនិយាយថា ឈប់ខ្ជិល គឺជារឿងដែលងាយស្រួល ដោយឡែកពេលអនុវត្តន៍ជាក់ស្ដែង ហាក់មិនស្រួលប៉ុន្មានទេ រឿងខ្លះទាល់តែជួបបញ្ហាសិន បានដឹងថា គួរតែធ្វើបែបណា ហើយដើម្បីបង្កើតអនាគតថ្មីបាន ទាល់តែយើងជួបជាមួយនឹងបញ្ហា និងរៀនដោះស្រាយបញ្ហា។
មូលហេតុអ្វីបានខ្ញុំកែប្រែអនាគតថ្មីសម្រាប់ខ្លួនឯងបាន គឺតាមរយៈការដាស់តឿនពីសាស្រ្តាចារ្យ ពាក់ព័ន្ធនឹងការដាក់វិន័យចំពោះខ្លួនឯង ការងារយឺត ផ្ញើកិច្ចការសាលាយឺត ដែលទាំងនេះគេហៅថាបាត់បង់ទំនួលខុសត្រូវ។ តាមរយៈការដាស់តឿន ទើបមានខ្ញុំថ្ងៃនេះ តែកំឡុងពេលគ្រូប្រាប់ដំបូងៗ ខ្ញុំអារម្មណ៍ខឹងសម្បារដូចគ្នា។
Leng-ឡេង អ្នកផលិតមាតិកា

មានកត្តាមួយទៀតដែលដាស់តឿនស្មារតី Leng ឡេង បាន គឺតាមរយៈការហ៊ាននិយាយត្រង់ទៅ ត្រង់មក ពីសំណាក់សាស្រ្តាចារ្យដែលបង្រៀននាងនៅសាកលវិទ្យាល័យ គ្រូរបស់នាងបានប្រាប់ថា អ្នកឯងឆ្លាតប៉ុន្តែខ្ជិល។ ប្រយោគដ៏ខ្លីនេះ បានធ្វើឱ្យនាងចាប់ផ្តើមគិតមកវិញថា តើខ្ញុំពិតជាមនុស្សឆ្លាតមែនឬ? គ្រានោះក្នុងខ្លួនមិនសូវសម្បូរទំនុកចិត្តចំពោះខ្លួនឯងផង នាងបន្តសួរខ្លួនឯងដដែលៗថា ខ្ញុំពិតជាឆ្លាតមែនឬ? ហើយសភាពខ្ជិល ពិតជាប៉ះពាល់មែនឬ? ក្រោយពិចារណាបានមួយខណៈ ធ្វើឱ្យ ឡេង កាន់តែយល់ថា វាដល់ពេលដែលត្រូវមានរបៀបរស់នៅមួយ ដែលមានវិន័យច្បាស់លាស់ហើយ។
ឡេង បន្តថា ការបង្កើតវិន័យទៀតសោត គឺកុំធ្វើអ្វីតាមគេតាមឯង ប៉ុន្តែត្រូវធ្វើតាមតម្រូវការជាក់ស្តែង។ ប៉ុន្តែតើទៅមុខរួចដោយរបៀបណា? គឺតាមរយៈ ការមានទស្សនៈវិស័យសម្រាប់ខ្លួនឯង។
ស្របពេលជាមួយគ្នា ខ្ញុំក៏ទទួលបានការទូន្មានពីឪពុកថា កូនឯងជាមនុស្សឆ្លាត អ្វីក៏កូនឯងអាចធ្វើបានដែរ ឱ្យតែកូនឯងពិតជាខំមែន។ ពាក្យមួយមាត់នេះ ដូចជាកាតាលីករ ជំរុញ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំឆ្លាតមែនតើ! ខ្ញុំគួរតែចាប់ផ្តើមបង្កើតទម្លាប់ខ្លួនឯង ខ្ញុំត្រូវតែធ្វើអ្វីម្នាក់ឯង ខ្ញុំហ៊ានសាកល្បងម្នាក់ឯង ខ្ញុំអត់ត្រូវចាំគេទេ។ ក្ដីស្រមៃរបស់ខ្ញុំ អត់មានណាគេរត់តាម មកជាមួយខ្ញុំបានទេ។
Leng-ឡេង អ្នកផលិតមាតិកា

កញ្ញាបន្តថា នៅពេលដែលនាង ចាប់ផ្តើមមានវិន័យក្នុងខ្លួន មានទស្សនវិស័យច្បាស់លាស់ គឺល្អបាន៥០ភាគរយហើយ ប៉ុន្តែសួរថា ធ្វើយ៉ាងម៉េចឱ្យកាន់តែល្អ? ត្រូវត្រឡប់ទៅមើលចរិត កម្ចាត់ភាពខ្ជិល បញ្ចៀសការអូសបន្លាយពេលវេលាតាមគ្នា និងការឈប់រកលេសក្នុងការបង្អាក់ខ្លួនឯង។
ប្រសិនបើលេសច្រើន តើយើងនឹងអាចបញ្ចប់ដោយរបៀបណា? ខ្ញុំជឿថា អ្នកទាំងអស់គ្នា មិនថាអ្នកណា ក៏ដោយ តែងតែមានអ្នកមកប្រាប់យើងថា ធ្វើនេះល្អធ្វើនោះល្អ ជាក់ស្តែងខ្លួនឯងក៏ដឹងថា តើ ប៉ុន្តែយើងនៅតែមិនធ្វើ។ ជាទូទៅអ្នកមកប្រាប់ សុទ្ធសឹងតែអ្នកស្និទ្ធស្នាលយើង ហើយមិនមែនយើងអត់ជឿគាត់ទេ គ្រាន់តែថាយើងសម្បូរដោយលេសអត់ចេះចប់ទេ។
Leng-ឡេង អ្នកផលិតមាតិកា
អ្នកផលិតមាតិការូបនេះបន្តរំលេចថា បើសិនជា មុនឬក្រោយ យើងត្រូវធ្វើដដែល ដូច្នេះតើយើងនៅចាំអ្វីទៀត? ចាប់ផ្តើមឥឡូវនេះ ជាពាក្យដែលគេនិយាយច្រើន ហើយវាពិតជាត្រូវមែន ប៉ុន្តែត្រូវការការប្តេជ្ញាខ្ពស់។ បើសិនជាយើងកម្ចាត់លេសបាន គឺយើងបានឃើញភាពជោគជ័យបានលឿនជាងមុន។ “ឆ្លៀត និងផ្តល់ឱកាសឱ្យខ្លួនឯង បន្ទាប់ពីយើងឆ្លៀត គឺយើងនឹងអាចទទួលបានអ្វីគ្រប់យ៉ាង”៕




























