កាលពីមុនអ្នកចេះដឹង គឺជាអ្នកដែលដឹងរឿងច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នយុវជនត្រូវមានចំណេះដឹង និងសមត្ថភាពក្នុងការវិនិច្ឆ័យ និងដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងឆាប់រហ័សដោយប្រើប្រាស់បច្ចេកវិទ្យា។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងសន្និបាតប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាមួយអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃ មានសមត្ថភាពរៀនគិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។ បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិត (AI) ត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជា វិស័យអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ នេះមានន័យថា យុវជនត្រូវមានចំណេះដឹង មានសមត្ថភាពក្នុងការវិនិច្ឆ័យ និងដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងឆាប់រហ័សដោយប្រើប្រាស់បច្ចេកវិទ្យា។
រដ្ឋមន្ត្រីក្រសួងអប់រំ ធ្លាប់លើកឡើងថា ដើម្បីឱ្យវិស័យអប់រំអាចប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) បម្រើដល់ការសិក្សារបស់សិស្ស គឺចាំបាច់ត្រូវមានតម្លាភាព ភាពជឿទុកចិត្ត គឺការគោរពទិន្ន័យឯកជន យកផលប្រយោជន៍រួចជាធំ ហើយគ្រូត្រូវចេះសម្រេចចិត្តដោយវិជ្ជាជីវៈជៀសវាងធ្វើតាមម៉ាស៊ីន។ លើសពីនេះ ត្រូវការពារទិន្ន័យផ្ទាល់ខ្លួនរបស់សិស្ស គ្រប់គ្រងទិន្នន័យ មិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍រួម និងផលប្រយោជន៍ឯកជនរបស់អ្នកប្រើប្រាស់។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ត្រូវការពារកុំឱ្យមានអ្នកហេក (Hack) ពង្រឹងសុវត្ថិភាពអ៊ីនធឺណិត ត្រូវការពារសុវត្ថិភាពរបស់សិស្ស និងគ្រូ និងមានក្រមសីលធម៌សម្រាប់ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI)។ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ ត្រូវរៀបចំគោលនយោបាយដើម្បីឆ្លើយតបនឹងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងវិស័យអប់រំ ត្រូវរៀបចំក្របខណ្ឌបញ្ញាសប្បនិម្មិត្តប្រកបដោយសីលធម៌ ដែលគោរពដល់មនុស្សជាតិ។
បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្ននេះ ក្រសួងអប់រំ បាននិងកំពុងខិតខំធ្វើកំណែទម្រង់ការអប់រំនៅកម្រិតសាលារៀន ដើម្បីឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងឆ្លើយតបនឹងវិធានការគន្លឹះ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ១. អភិបាលកិច្ចសាលារៀន ២. សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ ៣. សុខភាពសិក្សា និង៤. ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ៕

































