ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជននិទ្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វា នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពជា បានលើកទឹកចិត្តដល់បេក្ខជនដែលមិនទទួលបានលទ្ធផលល្អ សូមកុំបោះបង់ចោលការសិក្សា ព្រោះផ្លូវនៅវែងឆ្ងាយ ដែលត្រូវដើរទៅមុខទៀត។
សម្តេចធិបតីមានប្រសាសន៍ថា ក្មួយៗដែលស្ថិតនៅក្នុងជំនាន់នេះ គឺមានឱកាសច្រើន ក្នុងនោះអ្នកដែលជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា មិនថាតែនៅរាជធានីភ្នំពេញនោះទេ តែក៏អាចបន្តការសិក្សានៅតាមបណ្តាខេត្តផ្សេងៗបាន ។ ហើយសម្រាប់ក្មួយៗដែលបានជាប់ ក៏អាចរៀនថ្នាក់បរិញ្ញាបត្ររង ឬរៀនឡើងវិញដើម្បីប្រឡងបាក់ឌុបនៅឆ្នាំក្រោយ។
ខ្ញុំលើកទឹកចិត្តដល់ក្មួយៗដែលមិនបានជាប់ឆ្នាំនេះ… យើងបានខិតខំរៀនសូត្រ១២ឆ្នាំ ហើយយើងបានទៅប្រឡង លទ្ធផលមិនបានដូចចិត្តរបស់យើង ប៉ុន្តែកុំអស់សង្ឃឹម កុំបោះបង់ចោល ផ្លូវនៅវែងឆ្ងាយ ដើរទៅមុខ…
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា


សូមរម្លឹកថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ ចប់សព្វគ្រប់ដោយជោគជ័យ។ ក្នុងការប្រឡងលើកនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងចំនួន ១៣៧៤១២ នាក់ ស្រី ៥៣,៣២ ភាគរយ, បេក្ខជនបានមកប្រឡងចំនួន ១៣៥០៧២ នាក់ ស្រី ៥៣,៥៦ ភាគរយ និងបេក្ខជន បានប្រឡងជាប់សរុប ៩៨៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ ក្នុងនោះ បេក្ខជនទទួលបាន៖ ១. និទ្ទេស A ចំនួន ១ ៦៧៣ នាក់ ស្រី ៩៤៧ នាក់, ២. និទ្ទេស B ចំនួន ៦ ៩៦៤ នាក់ ស្រី ៤ ១៦៦ នាក់, ៣. និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ ស្រី ១១ ៥១៩ នាក់, ៤. និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់ ស្រី ២០ ៣២១ នាក់ និង ៥. និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់ ស្រី ១៩ ៥៣៩ នាក់៕































