សម្រាប់អ្នកដែលមានអាយុច្រើនលើសពី៣០ឆ្នាំ តែមិនទាន់មានជំនាញវិជ្ជាជីវៈណាមួយសម្រាប់បំពេញការងារ ឬប្រកបរបរចិញ្ចឹមជីវិត សូមកុំទាន់អស់សង្ឃឹម ព្រោះសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មិនរើសអាយុសិស្សក្នុងការសិក្សានោះឡើយ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេស ( NPIC ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈមិនប្រកាន់អាយុសិក្សានោះទេ ទោះពួកគេស្ថិតនៅក្នុងវ័យណាក៏ដោយ សាលានៅតែបើកឱកាសដល់អ្នកដែលមានអាយុច្រើនដែលមិនទាន់មានចំណេះជំនាញវិជ្ជាជីវៈណាមួយ អាចមកសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈបានដើម្បីស្វែងរកការងារធ្វើ ឬប្រកបមុខរបរជីវិតចិញ្ចឹមជីវិត។

អ្នកដែលមានអាយុ ៣០ឆ្នាំ ៤០ឆ្នាំ ឬ៥០ ឆ្នាំ បើមិនទាន់មានមុខជំនាញទេ ត្រូវតែស្វះស្វែងមុខជំនាញ សាលាបណ្តុះបណ្តាលបច្ចេកទេសមិនប្រកាន់អាយុសម្រាប់មុខរបរវិជ្ជាជីវៈនោះទេ
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេស ( NPIC )
លោកនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសមានប្រសាសន៍បន្ថែមថា ក្រោយពីសិស្សរៀនជំនាញបច្ចេកទេស ចប់ ពួកគេអាចមានមុខរបរដោយខ្លួនឯងបានបើមានដើមទុន តែបើមិនទាន់មានដើមទុននៅឡើយទេ ពួកគេអាចធ្វើការឱ្យគេក៏បាន។
លោកបានពន្យល់បន្ថែមថា ចង់រុញប្រទេសមួយឱ្យជឿនលឿន មានសេដ្ឋកិច្ចខ្ពស់ ដរាបណាមនុស្សមានគុណភាព ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ដូច្នេះមនុស្សត្រូវតែមានជំនាញខ្ពស់ដែរ ហើយបើចង់បានជំនាញខ្ពស់ទាល់តែពួកគេសិក្សានៅសាលា។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយរបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាចឆ្លើយតប បានទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងភាពធន់នឹងវិបត្តិ ទាំងចំពោះមុខ និងទាំងអនាគត៕































