ភ្នំពេញ – នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវមោទនភាព នៃវឌ្ឍនភាព វិស័យសិក្សាធិការ ការបណ្តុះបណ្តាលធនធានមនុស្ស ហើយថា វឌ្ឍនភាពនេះ គឺឆ្លុះបញ្ចាំងពីការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់ប្រទេសជាតិយើង។
សម្តេចតេជោបានរម្លឹងថា កាលពីឆ្នាំ១៩៧៥ អ្នកដែលមានបញ្ញាបត្រ គឺមានចំនួនតិចតួចណាស់ ប៉ុន្តែបច្ចុប្បន្ននេះ និស្សិតដែលមានបរិញ្ញាបត្រគឺមានកាន់តែច្រើន, ក្នុងនោះ ក៏មានបរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ ហើយក៏មានអ្នករៀនដល់ថ្នាក់បណ្ឌិត ព្រមជាមួយនឹងប្រជាជនកាន់តែច្រើនទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
“ដំណាក់កាលសេដ្ឋកិច្ច នៃចំណេះដឹង គឺជាដំណាក់កាលដែលមានការចាំបាច់ត្រូវបណ្តុះបណ្តាលធនធានមនុស្ស “
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា កម្ពុជាកំពុងតែជំរុញការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹង និងទន់ ក្នុងនោះធនធានមនុស្ស ក៏ជាហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ដែលត្រូវយកចិត្តទុកដាក់ ។ សម្តេចបន្តថា យើងមិនខ្លាចជាមួយការចំណាយដើមទុនសម្រាប់ការវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សនោះទេ ព្រោះថា ផលដែលត្រឡប់មកវិញ គឺធំធេងណាស់ ដូចជាការបង្កើតចំណេះដឹងសម្រាប់យុវជន យុវនារី និងប្រជាពលរដ្ឋ ដែលវាជាផលចំណេញខាងសេដ្ឋកិច្ច សង្គម សម្រាប់ការអភិវឌ្ឍជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភាពធន់របស់សេដ្ឋកិច្ច នៃប្រទេសមួយ គឺមិនមែនផ្អែកលើប្រាក់ចំណូលម្តងម្កាលនោះទេ តែវាគឺផ្អែកលើចំណេះដឹង ហើយថា ដំណាក់កាលណាក៏ដោយ គឺធនធានមនុស្សបានបង្កើតឡើងនូវទ្រព្យសម្បត្តិ ដែលមិនអាចមើលរំលងបានទេ៕































