ភ្នំពេញ – កម្ពុជាជាប្រទេសដែលស្ថិតនៅចំកណ្តាលនៃសហគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬតំបន់អាស៊ាន មានទីតាំងភូមិសាស្ត្រអំណោយផង មានសក្តានុពលសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មានធនធានធម្មជាតិល្អៗ និងមានធនធានមនុស្សភាគច្រើនជាប្រជាជនសកម្ម ។

តាមទិន្នន័យជំរឿនឆ្នាំ ២០១៩ របស់ក្រសួងផែនការ បានបញ្ជាក់ថា ប្រជាជនកម្ពុជាមានចំនួនជាង ១៥លាននាក់ (១៥ ៥៥២ ២១១នាក់) ហើយបើគិតជាគ្រួសារមានចំនួនជាង ៣លានគ្រួសារ (៣ ៥៥៣ ០២១ គ្រួសារ) ។ ក្នុងនោះមានប្រជាជនប្រមាណជាង ៦លាននាក់ (៦ ១៣៥ ១៩៤ នាក់) ស្ថិតក្នុងតំបន់ទីប្រជុំជន និងជាង ៩លាននាក់ (៩ ១៤៧ ០១៧នាក់ស្ថិត) រស់នៅតំបន់ជនបទ ។

ទិន្នន័យដដែលបានបញ្ជាក់ថា កម្ពុជាមានប្រជាជនអាយុពី ០ ដល់ ១៤ឆ្នាំ ចំនួន ២៩,៤ ភាគរយ និងអាយុចាប់ពី ១៥ ដល់ ៥៩ឆ្នាំ ដល់ទៅ ៦១,៧ភាគរយ ខណៈប្រជាជនអាយុ ៦០ឆ្នាំឡើងទៅមានត្រឹមតែ ៨,៩ភាគរយប៉ុណ្ណោះ ។
តាមរយៈទិន្នន័យនេះ យើងអាចឃើញបានថា កម្ពុជាមានចំនួនប្រជាជនសកម្មច្រើនសម្រាប់បម្រើការងារលើគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ ។ ចំណុចនេះ ក៏ជាសក្តានុពលមួយផងដែរសម្រាប់ដំណើរការអភិវឌ្ឍ និងជាចំណុចដ៏រឹងមាំក្នុងការទាក់ទាញអ្នកវិនិយោគ ។
ទោះជាយ៉ាងនេះក្តី នៅក្នុងរឿងដ៏គួរឱ្យរីករាយនេះ អ្នកជំនាញផ្នែកអប់រំមួយចំនួនបានមើលឃើញថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចនានាដែលរាំងស្ទះដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជាគឺអំពើហិង្សាលើកុមារ ។

ទិន្នន័យដែលចេញដោយក្រសួងកិច្ចការនារី អង្គការ UNICEF ការអង្កេតស្តីពីអំពើហិង្សាលើកុមារនៅឆ្នាំ ២០១៤ បានបញ្ជាក់ថា ការខាតបង់ថវិកាទៅលើផ្នែកសុខភាព ដោយសារអំពើហិង្សាលើកុមារនៅឆ្នាំ ២០១៣ តែមួយប៉ុណ្ណោះ ត្រូវបានគេប៉ាន់ប្រមាណថា ចំណាយអស់ទឹកប្រាក់ប្រមាណ ១៦៨លានដុល្លារអាមេរិក ឬស្មើនឹង១,១% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) និងបណ្តាលឱ្យមានផលវិបាករយៈពេលវែងលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ។
តើអ្វីជាផលប៉ះពាល់បណ្តាលមកពីអំពើហិង្សា ? សម្រាប់អ្នកជំនាញអប់រំធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិកុមារបានបញ្ជាក់ថា អំពើហិង្សាលើកុមារពិតជាមានផលប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្ស ព្រោះកាលណាកុមារទទួលរងអំពើហិង្សា គាត់មិនមែនប៉ះពាល់តែផ្នែកសុខភាពផ្លូវកាយប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ផ្លូវចិត្តផងដែរ។
លោក ឆាយ វាសនា ប្រធានគ្រប់គ្រងកម្មវិធីកិច្ចការពារ និងការចូលរួមរបស់កុមារនៃអង្គការទស្សនៈពិភពលោក (World Vision) មានប្រសាសន៍ថា ៖
“ដោយសារតែកុមារកម្ពុជាមួយចំនួនទទួលរងអំពើហិង្សា ធ្វើឱ្យគាត់ខ្វះភាពក្លាហាន មិនសូវហ៊ានសម្រេចចិត្ត អៀនប្រៀនច្រើន និងមិនសូវមានគំនិតបង្កើតថ្មី ដែលធ្វើឱ្យអនាគតទៅគាត់ក្លាយជាធនធានមនុស្សដែលមិនសូវមានសមត្ថភាពខ្លាំងសម្រាប់អភិវឌ្ឍស្ថាប័នដែលគាត់បម្រើការងារ ឬលំបាកប្រកួតប្រជែងជាមួយធនធានមនុស្សមកពីតំបន់ដទៃ”
“អំពើហិង្សាវាធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ច ឧទាហរណ៍ថា កូនឈឺត្រូវយកកូនទៅពេទ្យព្យាបាល ពេលនោះត្រូវអស់លុយ ហើយខាតពេលវេលា ខាតទាំងថវិកា ដោយសារយើងត្រូវចំណាយលុយព្យាបាលកូន”
នេះជាការបញ្ជាក់បន្ថែមរបស់លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិដើម្បីកុមារ ។
តាមរយៈរបាយការណ៍ស្តីពីការរកឃើញស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៣ របស់ក្រសួងកិច្ចការនារី អង្គការយូនីសេហ្វកម្ពុជា និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ការត្រួតពិនិត្យនិងបង្ការជំងឺ បានឱ្យដឹងថា កុមារភាគច្រើនមានអាយុចន្លោះពី ១៣ ទៅ១៧ ឆ្នាំ រាយការណ៍ថា ធ្លាប់ឆ្លងកាត់អំពើហិង្សាលើរាងកាយ ក្នុងនោះមាន ៦១,១% ជាក្មេងស្រី និង ៥៨,២% ជាក្មេងប្រុស។
ចំណែកផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ភាគច្រើននៃកុមារដែលធ្លាប់ឆ្លងកាត់អំពើហិង្សា បានបញ្ជាក់ថា ឪពុកម្តាយជាពិសេសម្តាយ អ្នកថែទាំ និងសមាជិកក្រុមគ្រួសារដែលពេញវ័យផ្សេងទៀតគឺជាអ្នកប្រព្រឹត្តញឹកញាប់ជាងគេ សម្រាប់អំពើហិង្សាលើរាងកាយ ផ្លូវចិត្ត និងផ្លូវភេទមកលើកុមារ។ តាមពិត “ផ្ទះ” ជាទីកន្លែងដែលកុមាររងអំពើហិង្សាច្រើនជាងគេ ដែលភាគច្រើនបំផុតគឺការដាក់ទ័ណ្ឌកម្មលើរាងកាយ និងផ្លូវចិត្ត ។
ត្រង់ចំណុចនេះ លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិដើម្បីកុមារ មានប្រសាសន៍បញ្ជាក់ថា ការ អំពើហិង្សាលើកុមារអាចលុបបំបាត់បានដោយចាប់ផ្តើមចេញពីសមាជិកគ្រួសារនីមួយៗចូលរួម ។
លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិដើម្បីកុមារ ៖
“គ្រួសារមួយចំនួនគិតថា កាលណាគាត់មិនវាយកូន កូននឹងមិនស្ដាប់ រហូតវាយកូនក្លាយជាទម្លាប់ ហើយគិតថាបើកូនមានកំហុសដាច់ខាតវាយកូន ។ បើយើងគិតឱ្យស៊ីជម្រៅ អំពើហិង្សាលើកុមារមិនមែនជាជំងឺតពូជនោះទេ វាមកពីការប្រព្រឹត្តរបស់ម្តាយឪពុក វាមិនមែនជាជំងឺដែលមិនអាចព្យាបាលបាននោះទេ”
ក្រៅពីមជ្ឈដ្ឋានផ្ទះ គ្រូបង្រៀន (ជាពិសេសគឺគ្រូប្រុស) គឺជាអ្នកប្រព្រឹត្តអំពើហិង្សាលើរាងកាយ ញឹកញាប់ជាងគេបំផុត។ ក្មេងប្រុសស្រីជាងពាក់កណ្តាលដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ បានរាយការណ៍ថាធ្លាប់ឆ្លងកាត់អំពើហិង្សាលើរាងកាយដែលប្រព្រឹត្តដោយគ្រូប្រុស (ក្នុងនោះក្មេងស្រី ៥៨,៦% និងក្មេងប្រុស ៥១,៧%) យ៉ាងហោចមួយលើក ហើយ២៩% នៃកុមារដែលមានអាយុពី ១២ ដល់ ១៥ឆ្នាំ មានការឆ្លងកាត់ដោយផ្ទាល់នូវការដាក់ទណ្ឌកម្មលើរាងកាយដោយគ្រូបង្រៀនក្នុងរយៈកាល ១២ខែ ចុងក្រោយនេះ។ នេះបើតាមការអង្កេតស្តីពីហិង្សាលើកុមារនៅកម្ពុជា ឆ្នាំ២០១៣ របស់ក្រសួងកិច្ចការនារី ។
ទោះជាយ៉ាងនេះក្តី យើងឃើញថា ប្រសិនបើយើងអាចទប់ស្កាត់បញ្ហាអសកម្មទាំងអស់នេះបាន កម្ពុជានឹងចំណេញជាច្រើនក្នុងផ្នែកសេដ្ឋកិច្ច ។ អ្នកជំនាញកុមារ បានបកស្រាយបន្តថា ប្រសិនបើយុវជនជាអ្នកបន្តវេន បានជៀសផុតពីអំពើហិង្សាគ្រប់ទម្រង់ក្នុងការអប់រំ ទាំងនៅផ្ទះ និងនៅសាលារៀននោះកុមារទាំងអស់នឹងក្លាយជាធនធានដែលមានថាមពល មានភាពរឹងមាំផ្នែកផ្លូវចិត្ត និងគំនិតបង្កើតថ្មីសម្រាប់ចូលរួមយ៉ាងសកម្មលើគ្រប់វិស័យទាំងអស់នៅថ្ងៃអនាគត ។ កុមារកម្ពុជាជាច្រើន ក៏នឹងក្លាយជាធនធានដែលមានសមត្ថភាពប្រកួតប្រជែងជាសកលទាំងផ្នែកវិទ្យសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM) ។ កម្ពុជានឹងសំបូរធនធានប្រកបដោយបញ្ញាញាណ អត្តចរិត ភាពជាអ្នកដឹកនាំ និងឆ្លើយតបបានជាមួយតម្រូវការនាសតវត្សទី២១ នេះ ។
ហេតុនេះហើយទើបក្រុមប្រឹក្សាជាតិដើម្បីកុមារ (CNCC) បានរៀបចំផែនការសកម្មភាពជាច្រើនដើម្បីចូលរួមចំណែកជាយន្តការថ្នាក់ជាតិ និងតាមដានបន្តដល់ថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើសកម្មភាពលុបបំបាត់ហិង្សាលើកុមារ ។
ប្រសិនបើកុមារកម្ពុជា ភាគច្រើនបំផុតត្រូវបានគាំពារ និងជៀសផុសតពីអំពើហិង្សា ពួកគាត់នឹងមានថាមពលផ្លូវចិត្តកាន់តែខ្លាំងដើម្បីក្លាយជាកោសិកាយ៉ាងរឹងមាំសម្រាប់ទ្រទ្រង់ឱ្យគ្រប់ផ្នែកក្នុងសេដ្ឋកិច្ច ។ នៅពេលនោះ ផលិតភាពការងារ ភាពច្នៃប្រឌិដ្ឋ និងសក្តានុពលរបស់ពួកគេនឹងក្លាយជាកម្លាំងចលករយ៉ាងមានថាមពលសម្រាប់ជំរុញកម្ពុជាឱ្យសម្រេចគោលដៅសំខាន់ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ ២០៥០ ។
“ការប្រព្រឹត្ត ឬការធ្វើគំរូបែបអហិង្សាមានន័យថា កុំយកដៃប៉ះដៃកុំយកជើងប៉ះជើង ! វាជាគំរូល្អមួយដើម្បីជំរុញឱ្យកុមារមើលគំរូតាមមនុស្សចាស់ ។ គ្មានអំពើហិង្សាបង្ហាញថា កុមារកម្ពុជារស់នៅក្នុងសង្គមមួយដែលមានផ្ដល់ភាពក្តៅ”
លោកជំទាវ សម្បត្តិ សុគន្ធា បញ្ជាក់
តាមរយៈទិន្នន័យ និងការបង្ហាញរបស់អ្នកជំនាញ យើងមើលឃើញថា អំពើហិង្សាលើកុមារ ពិតជាឧបសគ្គចម្បងរាំងស្ទះដល់ការអភិវឌ្ឍផ្នែកសង្គមនិងសេដ្ឋកិច្ច ប៉ុន្តែរនាំងនេះមានវិធីជាច្រើនដើម្បីលុបបំបាត់ ហើយទាញយកផលចំណេញយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍនៅថ្ងៃអនាគត ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រឹងប្រព័ន្ធការពារកុមារតាមរយៈគោលនយោបាយថ្មីៗ ហើយតាមរយៈការប្រែក្លាយជា “ប្រទេសត្រួសត្រាយផ្លូវ” របស់កម្មវិធីភាពជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ។ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs គោលដៅទី១៦.២ បញ្ចប់ការរំលោភបំពាន និងកេងប្រវ័ញ្ចការជួញដូរនិងគ្រប់ទម្រងទាំងអស់នៃអំពើហិង្សា និងការដាក់ទណ្ឌកម្មកុមារ ។
ការលុបបំបាត់អំពើហិង្សាលើកុមារ មិនមែនជាតួនាទីរបស់រាជរដ្ឋាភិបាល ឬប្រជាជនតែមួយមុខនោះទេ តែត្រូវការចូលរួមពីគ្រប់ផ្នែកទាំងអស់ ទាំងអាជ្ញាធរជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន សាលារៀន និងក្រុមគ្រួសារទាំងអស់នៅក្នុងប្រទេស៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...
អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...
អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2025
កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2026
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...





























