គ្រួសារគំរូអហិង្សា

ភ្នំពេញ – មានសម្បុរស្រអែបស្រស់ ​ទឹកមុខពោពេញដោយទំនុកចិត្ត និងមានសម្តីមួយៗប៉ុន្តែច្បាស់លាស់ ព្រម​ទាំ​ង​​​​ស្រ​​ឡា​ញ់​ការ​​សិ​ក្សា​​តាំងពីរ​កុមារ នេះ​ជា​យុវ​តី សារុន ដាឌីណា អាយុ១៨ឆ្នាំ កំពុងសិក្សាថ្នាក់ទី១២​ នៃសាលាចំណេះទូទៅ មីគីវ៉េ នៅរាជធានី​ភ្នំ​ពេ​​ញ ​។ សារុន ដាឌីណា និងមិត្តភក្តិបួននាក់ទៀតបានក្លាយជាម្ចាស់​​ជ័យ​លាភី​លេ​ខ​១ នៃ​កម្មវិធី​ជជែក​ដេ​ញ​​ដោល​យុវជន​ថ្នាក់​ជា​តិ​២០​២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ។​​ តាមរយៈជ័យលាភីលេខ១ នៅពេលនេះ បានធ្វើ​ឱ្យសមាជិក​គ្រួសារទាំង​អស់​សា​ទ​​រ​យ៉ាង​ខ្លាំង​ចំពោះកា​រខិត​ខំប្រឹង​ប្រែង​រប​ស់​កូន​ស្រី ។ 

ក្នុងនាមជាប្រធានក្រុមដឹកនាំការប្រកួតតស៊ូមតិយុវជនថ្នាក់ជាតិ សារុន ដាឌីណា ដើរតួនាទីជាអ្នកសម្របសម្រួល​ការងារ​ក្រុម​ដ៏​ឆ្នើម​​ម្នាក់​ ដែលដឹកនាំសកម្មភាព​សិក្សាស្រាវជ្រាវ សម្របសម្រួលរបៀបធ្វើការ និង​គ្រប់គ្រង​រាល់​សកម្ម​ភាព​ផ្សេង​ៗ​នៅ​ក្នុង​ក្រុម​​ពោរ​​ពេញ​ដោ​យ​​ទេព​កោសល្យ ។ តើអ្វីនៅពីក្រោយខ្នងនៃភាពក្លាហាន និងការខិតខំប្រឹងប្រែងរបស់យុវតីសារុន ដាឌីណា?​

ឆ្លើយនឹងសំណួរមួយនេះ សារុន ដាឌីណា បានបញ្ជាក់ទាំងស្នាមញញឹមថា នាងមានសំណាងដែលទទួលបានការអប់រំល្អពីម្តាយ​ឪពុកតាំងពីកុមារ ហើយម្តាយឪពុកតែងតែគាំទ្រ ផ្តល់ឱកាស និងរង់ចាំលើកទឹកចិត្តជានិច្ច ។

កូនស្រីច្បងនៅក្នុងគ្រួសាររូបនេះ បាននិយាយទាំងអារម្មណ៍រីករាយថា ៖

“ពេលដែលប៉ាម៉ាក់ខ្ញុំគាត់បង្រៀនខ្ញុំ គាត់តែងតែប្រើវិធីសាស្រ្តបង្រៀន​​បែ​ប​​វិជ្ជមាន ដោយព្យាយាមពន្យល់មួយៗឱ្យខ្ញុំយល់កាន់​តែ​​ច្បា​ស់​ទៅ​លើ​មេរៀ​ន ! គាត់ព្យាយាមពន្យល់ទៅលើលំ​​ហាត់ដែលខ្ញុំអត់យល់ ហើយបើខ្ញុំនៅតែអត់យល់ មានអារ​ម្មណ៍​​​ថាធុ​ញថ​ប់ ខ្ញុំអាចចេញទៅលេងកម្សាន្តបន្តិចសិន​ ហើ​យ​មក​ចាំ​រៀនជាមួយគាត់វិញ”

កញ្ញា សារុន ដាឌីណា បានបន្តថា តាំងពីវ័យកុមារម្តាយឪពុកមិនដែលស្តីប្រដៅដោយពាក្យសម្តីធ្ងន់ៗ ឬបើអំពើហិង្សាអប់រំកូនៗនៅក្នុងគ្រួសារនោះទេ ។ ម្តាយឪពុកតែងអប់រំកូនដោយអហិង្សា ព្រមទាំងប្រើពាក្យពេចន៍​លើកទឹកចិត្តកូនជានិច្ច ពិសេសបង្ហាញពីសកម្មភាពគំរូជាច្រើនដល់កូន ។   

កញ្ញា សារុន ដាឌីណា បានរំលឹកពីទឹកចិត្តឪពុក ដោយបញ្ជាក់បន្ថែមថា ៖

“ថ្ងៃមួយដែលខ្ញុំទៅថតវីដេអូជុំគ្នា ប៉ាគាត់មកអង្គុយចាំគាត់ជិតមួយម៉ោងជាង គាត់អត់ធ្មត់ ពេលខ្ញុំថតចប់គាត់រត់ទៅមកឱបខ្ញុំ ហើយគាត់ញញឹមលើកទឹកចិត្តកូនគាត់ ខ្ញុំឃើញអីចឹង ខ្ញុំមានអារម្មណ៍អរ គឺប៉ាថាស្រឡាញ់ខ្ញុំ គាត់អត់មានខឹង ឬសួរថាកូនម៉េចបានថតយូរនោះទេ”

ទាក់ទងនឹងការចិញ្ចឹមកូនបែបវិជ្ជមាន និងអប់រំកូនឱ្យបានល្អនៅក្នុងគ្រួសារលោក អ៊ុន សារ៉ាវុធ អាយុ ៥១ឆ្នាំ ជាឪពុករបស់កញ្ញា សារុន ដាឌីណា បាននិយា​យ​ថា កូនស្រីរបស់លោកគោរពនិងស្តាប់ពាក្យពេចន៍ទូន្មានរបស់ម្តាយឪពុកជានិច្ច ។ លោកតែងអប់រំកូនតាមវិធីសាស្ត្រអហិង្សា ដើម្បីឱ្យកូនក្លាយជាពលរដ្ឋល្អមួយរូបនៅសង្គម ។

និយាយបណ្តើរលើកដៃកាយវិការពន្យល់ពីបំណងអប់រំកូនបណ្តើរ លោក អ៊ុន សារ៉ាវុធ ជឿកជាក់ថា មានតែវិធីសាស្ត្រអប់រំកូន​បែបអហិង្សាតែមួយគត់ ដែលជួយឱ្យកូនរបស់លោករៀនសូត្រពូកែ និងទទួលចំណាត់ថ្នាក់ល្អជានិច្ច ។  

“ពាក់ព័ន្ធនឹងការបង្ហាត់បង្រៀនកូន ខ្ញុំណែនាំគាត់តាំងពីតូចរហូតគាត់ទទួលបានជ័យលាភីនេះ (កម្មវិធីជជែកដេញដោលយុវជន) គឺខ្ញុំបានយកចិត្តទុកដាក់ពន្យ​ល់​​ណែនាំជានិច្ច មិនប្រើហិង្សាបង្ខំឱ្យរៀននោះទេ ! ដោយសារខ្ញុំមានបទពិសោធន៍កាលពីខ្ញុំនៅតូចៗប៉ាខ្ញុំគាត់បង្រៀនខ្ញុំ គាត់តែងតែប្រើអំពើហិង្សា ខោកខ្ញុំ វាយខ្ញុំ ខ្ញុំរៀនអត់ចេះទេ គាត់មកដល់គឺខ្ញុំញ័រ គឺខ្ញុំលែងចង់ចេះអីទាំងអស់ ខ្ញុំយល់ថាមិនល្អទេវិធីសាស្ត្រអប់រំកូនបែបហ្នឹង”

នេះបើតាមលោក លោក អ៊ុន សារ៉ាវុធ

ងាកមកនិយាយជាមួយម្តាយជុំវិញសកម្មភាពអប់រំកូននៅក្នុងគ្រួសារ លោកស្រី អ៊ុន សោភ័ណ្ឌ អាយុ ៤២ឆ្នាំ បានបញ្ជាក់ថា គ្រួសារលោកស្រីមិនត្រឹមតែអបរំកូនដោយអហិង្សាប៉ុណ្ណោះទេ សូម្បីតែការជជែកគ្នានៅក្នុងគ្រួសារក៏មិនដែលប្រើពាក្យសម្តីធំទៅកាន់សមាជិកគ្រួសារទាំងអស់ដែរ ។ 

លោកស្រី អ៊ុន សោភ័ណ្ឌ មានប្រសាសន៍បន្តថា ៖

“ខ្ញុំមិនដែលវាយ ឬប្រើពាក្យសម្តីធ្ងន់ៗទៅកាន់កូនទេ មានតែនិយាយពាក្យល្អៗទៅគាត់ ជំរុញឱ្យគាត់ខំប្រឹងប្រែង ! ដាច់ខាតខ្ញុំអត់យកអំពើហិង្សាមកបង្រៀន មកប្រើជាមួយគាត់ទេ”

រំលឹកដល់ថ្ងៃដែល ដាឌីណា ទទួល​​ជ័យ​លាភី​លេ​ខ​១ នៃ​កម្មវិធី​ជជែក​ដេ​ញ​​ដោល​យុវជន​ថ្នាក់​ជា​តិ​២០​២១ របស់ក្រសួងអប់រំ យុវជន និងកីឡា និងសម្លឹងទៅកាន់លិខិតសរសើរដែលកូនទទួលបាន លោក អ៊ុន សារ៉ាវុធ និយាយទាំងមានទំនុកចិត្តទៅកាន់កូ​ន​​​​ស្រី​របស់​លោ​ក​ថា ​មិននឹកស្មានសោះថាកូនស្រីក្លាហានហ៊ាននិយាយជាសាធារណៈ ហើយអាចចូលរួមប្រកួតគំនិតជា​មួ​យ​​​យុវ​ជ​នឆ្នើមៗមកពីសាលាដទៃទៀតដោយទំនុកចិត្ត ពិសេសចេះធ្វើការងារក្រុមបានយ៉ាងល្អ ។

លោក អ៊ុន សារ៉ាវុធ បាននិយាយថា ៖

“ខ្ញុំជឿលើកូនខ្ញុំអាចក្លាយជាគម្រូដល់ក្មេងៗ និងយុវជនជំនាន់ក្រោយ ! ថ្ងៃក្រោយគាត់ទៅជាឪពុកម្ដាយគេ ក៏មិនអំពើហិង្សាបានអប់រំកូនចៅគាត់ដែរ សង្គមនឹងមានធនធានមនុស្សល្អៗជាច្រើនមិនខាន”

លោក អ៊ុន សារ៉ាវុធ មានកូនស្រីពីរនាក់នៅក្នុងបន្ទុកគ្រួសារ រស់ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និយាយពីកូនស្រីច្បង សារុន ដាឌីណា មានក្តីស្រមៃចង់ក្លាយខ្លួនជាគ្រូបង្រៀនផ្នែកគណិតវិទ្យាដ៏ឆ្នើមម្នាក់ ព្រោះវាជាមុ​ខ​​វិជ្ជា​ដែលនាងស្រលាញ់ ព្រមទាំងបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយឱ្យស្រលាញ់គណិតវិទ្យា មុខវិជ្ជាវិទ្យាសាស្ត្រ ឬ STE​M ​ឱ្យបា​នច្រើន ។

ព្រះតេជគុណនន់ រិទ្ធី គ្រូបង្គោលជួយបង្ហាត់បង្រៀនបេក្ខជនត្រៀមខ្លួនប្រកួតកម្មវិធី​ជជែក​ដេ​ញ​​ដោល​យុវជន​ថ្នាក់​ជា​តិ​២០​២១  មានដីកាថា ដាឌីណា ជាក្មេងដែលមានអត្តចរិតស្លូតបូត និងឆ្លាតវៃពីធម្មជាតិ ព្រមទាំងទទួលបានការអប់រំល្អពីម្តាយ​ឪពុក ។

ព្រះតេជគុណនន់ រិទ្ធី មានដីកាបន្តថា ៖

“ក្មេងនេះទទួលបានការអប់រំល្អពីគ្រួសារ មិនមែនជាការអប់រំបែបហិង្សា ។ ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកអប់រំទាំងឡាយ គួរគប្បីប្រើប្រាស់វិធីសាស្រ្តអប់រំបែបថ្មី មានន័យថា យើងអប់រំមិ​ន​​តឹងពេក ឬមិនធូរពេក និងប្រកាន់ផ្លូវកណ្ដាលទើបល្អបំផុត ! ក្មេងប្រៀបដូចជាក្រដាសស នៅពេលដែលយើងដាក់ពណ៌អីចូលទៅ គាត់នឹងដក់ជាប់នៅស្នាមពណ៌ហ្នឹងជារៀងរហូត”

តាមឯកសារស្តីពីការចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី បានបញ្ជាក់ថា

 ការចិញ្ចឹមបីបាច់កូន ឪពុកម្តាយ អាណាព្យា​បាល ឬអ្នកថែទាំគ្រប់រូប តែងតែចង់ឱ្យកូនរបស់ខ្លួនមានអនាគតល្អ ប៉ុន្តែជួនកាលគោលបំណងរបស់ពួកគាត់អាចមិនបានសម្រេ​ចដូចអ្វីដែលពួកគាត់រំពឹងទុកនោះទេ ទាំងនេះអាចបណ្តាលមកពីកត្តាដំណរពូជ គ្រួសារ និងសង្គមរស់នៅ ។

ទន្ទឹមគ្នាការអប់រំដែលខ្វះចំណេះដឹង ខ្វះជំនាញ ខ្វះលទ្ធភាព ឬសមត្ថភាព មិនអាចឱ្យកូនក្លាយទៅជាមនុស្សដែលពួកគាត់ចង់បានយ៉ាងពិតប្រាកដឡើយ ។ ដូច្នេះហើយ ការចូលរួមពីគ្រប់ភាគីមានទាំងថ្នាក់ជាតិ ថ្នាក់មូលដ្ឋាន អាជ្ញាធរ សង្គម និងក្រុមគ្រួសារ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលធ្វើឱ្យការអប់រំកុមារបែបវិជ្ជមាន លេចរូបរាងឡើង ដើម្បីកម្ពុជាមានធនធានមនុស្សល្អ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...