បន្ទប់ដែលមានប្រដាប់ប្រដាក្មេងលេងច្រើនពេក អាចធ្វើឱ្យកុមារបែកអារម្មណ៍ និងពិបាកផ្តោតអារម្មណ៍ ហើយជាមួយគ្នាបើគ្មានកន្លែងទុកដាក់ច្បាស់លាស់ទេ ផ្ទះរបស់អ្នកនឹងពោរពេញទៅដោយគំនរប្រដាប់ប្រដាក្មេងលេងរាយប៉ាយគ្រប់ទិសទី។ ជំនួសឱ្យការរៀបចំបន្ទប់ អ្នកជំនាញផ្នែកចិញ្ចឹមកូនបានណែនាំតិចនិកថ្មីមួយគឺ Play Pocket ដែលជួយទាំងកូន និងឪពុកម្តាយ។
តើ Play Pocket ជាអ្វី?
អ្នកស្រី លីហ្ស៊ី អាសា (Lizzie Assa) គ្រូបង្វឹកផ្នែកចិញ្ចឹមកូន និងជាស្ថាបនិកគេហទំព័រ The Workspace For Children បានបង្កើតគំនិតនេះឡើង ដោយសង្កេតឃើញថា កុមារតូចៗតែងតែចង់នៅក្បែរឪពុកម្តាយគ្រប់ពេល មិនថានៅក្នុងផ្ទះបាយ ឬបន្ទប់គេងឡើយ។ ដូច្នេះ ការប្រមូលប្រដាប់ក្មេងលេងទាំងអស់ទុកក្នុងបន្ទប់តែមួយ គឺមិនសូវមានប្រសិទ្ធភាពទេ។ ផ្ទុយទៅវិញ ការរៀបចំប្រដាប់ក្មេងលេងមួយចំនួនតូច ដាក់តាមជ្រុងនានាក្នុងផ្ទះដែលឪពុកម្តាយឧស្សាហ៍ធ្វើការងារ ឬចំណាយពេលនៅទីនោះ គឺជាដំណោះស្រាយដ៏ល្អបំផុត។
អ្នកស្រីបានពន្យល់ថា «ក្មេងតូចៗចង់នៅក្បែរមនុស្សធំដែលពួកគេទុកចិត្ត។ នៅពេលពួកគេមើលឃើញអ្នក និងមានអារម្មណ៍កក់ក្តៅ ពួកគេនឹងប្រើថាមពលទៅលើការលេង និងរៀនសូត្រ ជាជាងការព្រួយបារម្ភ ឬរត់តាមសួររកជំនួយគ្រប់ពេល»។
របៀបរៀបចំ Play Pocket នៅក្នុងផ្ទះ
ការបង្កើតកូនជ្រុងលេង មិនមែនជាការទុកប្រដាប់ក្មេងលេងរាយប៉ាយពេញផ្ទះនោះទេ ប៉ុន្តែត្រូវរៀបចំដោយមានរបៀបរៀបរយ និងគិតគូរច្បាស់លាស់៖
ជ្រើសរើសប្រដាប់លេងដែលកូនស្គាល់ច្បាស់៖ ចាប់ផ្តើមជាមួយរបស់លេងដែលកូនចេះលេងស្រាប់ និងឧស្សាហ៍ចាប់កាន់ញឹកញាប់ ព្រោះវាបង្ហាញថាកូនមានទំនុកចិត្តក្នុងការលេងរបស់ទាំងនោះ រួចបន្ថែមប្រដាប់លេងពិសេសដែលកូនចូលចិត្តបំផុតចំនួន ១ មុខទៀត។

ដាក់នៅកន្លែងដែលងាយស្រួលលេងភ្លាមៗ៖ ឧទាហរណ៍ ដាក់កន្ត្រកតូចមួយដែលមានដុំឈើតគ្នា តុក្កតា ឬក្រដាស និងខ្មៅដៃ នៅក្បែរតុធ្វើការរបស់អ្នក ឬក្បែរផ្ទះបាយ។
កាត់បន្ថយឧបសគ្គ៖ របស់លេងទាំងនោះមិនគួរដាក់ក្នុងប្រអប់បិទជិតដែលពិបាកបើក ឬត្រូវការមនុស្សធំជួយរៀបចំនោះទេ ពោលគឺឱ្យកូនដើរមកដល់ អាចអង្គុយលេងបានភ្លាមៗដោយខ្លួនឯង។
អត្ថប្រយោជន៍សំខាន់ៗចំពោះកុមារ និងឪពុកម្តាយ
១. ជួយឱ្យកូនមានទំនុកចិត្ត និងហ៊ានលេងដោយឯករាជ្យ ៖ លោកស្រីបណ្ឌិត ម៉ាស៊ី អាតឃីន (Marcy Atkins) អ្នកចិត្តវិទ្យាកុមារ បានលើកឡើងថា នៅពេលកុមារមានអារម្មណ៍សុវត្ថិភាពដោយសារនៅក្បែរឪពុកម្តាយ ប្រព័ន្ធប្រសាទរបស់ពួកគេនឹងស្ងប់ល្អ ដែលអនុញ្ញាតឱ្យខួរក្បាលផ្តោតលើការរៀនសូត្រ និងការច្នៃប្រឌិត។ លើសពីនេះ ឪពុកម្តាយគ្រាន់តែនៅក្បែរ តែមិនបាច់ចូលទៅដឹកនាំការលេងរបស់កូនគ្រប់ពេលនោះទេ ដែលការណ៍នេះជួយបណ្តុះភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាដោយខ្លួនឯងរបស់កុមារ។
២. កាត់បន្ថយភាពតានតឹងរបស់ឪពុកម្តាយ ៖ អ្នកស្រី លីសា ហ្គ្រីនស្ទីន (Lisa Greenstein) អ្នកព្យាបាលផ្លូវចិត្ត បានបញ្ជាក់ថា ឪពុកម្តាយថ្មីថ្មោងជាច្រើនតែងតែបាត់បង់ពេលវេលាផ្ទាល់ខ្លួន សូម្បីតែពេលងូតទឹក ឬផឹកកាហ្វេក្តៅៗមួយពែងក៏ពិបាករកដែរ ដែលយូរៗទៅអាចបង្កជាជំងឺបាក់ទឹកចិត្ត។ ការមានកូនជ្រុងលេងដែលកូនអាចលេងដោយសុវត្ថិភាព នឹងផ្តល់ពេលវេលា ៥ ទៅ ១០ នាទីដល់ឪពុកម្តាយ ដើម្បីសម្រាកលំហែ ឬធ្វើកិច្ចការផ្ទាល់ខ្លួនបានខ្លះ។
៣. កាត់បន្ថយភាពរញ៉េរញ៉ៃ និងសន្សំសំចៃទីធ្លា ៖ វិធីសាស្ត្រនេះល្អបំផុតសម្រាប់គ្រួសារដែលមានផ្ទះតូច ឬគ្មានបន្ទប់លេងដាច់ដោយឡែក។ ម្យ៉ាងទៀត ឪពុកម្តាយនឹងមើលឃើញច្បាស់ថា តើប្រដាប់លេងណាខ្លះដែលកូនពិតជាចូលចិត្ត និងមួយណាដែលកូនមិនរវីរវល់ ដែលធ្វើឱ្យងាយស្រួលក្នុងការរៀបចំទុកដាក់ ឬបរិច្ចាគរបស់ដែលលើសចេញពីផ្ទះ៕













































































