តើអ្នកធ្លាប់មានអារម្មណ៍ថា ធុញថប់ ស្ពឹកស្រពន់ ឬពិបាកផ្ដោតអារម្មណ៍លើការងារ និងកិច្ចការផ្ទះដែរឬទេ? អារម្មណ៍ដែលហាក់ដូចជាមានអ្វីមួយមកខ្ទប់ខួរក្បាលមិនឱ្យគិតអ្វីចេញនោះ គឺជាសញ្ញាព្រមានថា «ថាមពលខួរក្បាល» របស់អ្នកកំពុងតែខ្សោះអស់ពីធុងហើយ។
ថាមពលខួរក្បាលដើរតួសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ ទាំងការសម្រេចចិត្ត ការចងចាំ ការគ្រប់គ្រងអារម្មណ៍ និងការផ្ដោតអារម្មណ៍។ ប្រសិនបើខួរក្បាលអស់ថាមពល វាក៏នឹងទាញឱ្យរាងកាយរបស់អ្នកទន់ជ្រាយ និងអស់កម្លាំងតាមនោះដែរ។
ទោះជាយ៉ាងណា តាមរយៈ Healthline បានបង្ហាញវិធីសាស្ត្រងាយៗចំនួន ៧ ដែលអាចជួយអ្នកសាកបញ្ចូលថាមពលខួរក្បាលឡើងវិញបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព៖
១. ផ្ដល់អាហាររូបត្ថម្ភល្អៗដល់រាងកាយ

ខួរក្បាលត្រូវការថាមពលពីអាហារដែលយើងញ៉ាំ។ ដើម្បីរក្សាថាមពលខួរក្បាលឱ្យនៅល្អជានិច្ច អ្នកគួរជ្រើសរើសញ៉ាំអាហារដូចជា ត្រីដែលមានជាតិខ្លាញ់ល្អ, បន្លែបៃតង, អាហារមានប្រូតេអ៊ីន (សាច់មាន់ សាច់ទា និងផលិតផលធ្វើពីសណ្តែកសៀង), គ្រាប់ល្ពៅ, សូកូឡាខ្មៅ (Dark Chocolate), ផ្លែប៊ឺរី ឬផ្លែបឺរ។
២. ក្រេបកាហ្វេ ឬទឹកតែមួយកែវ
ជាតិកាហ្វេអ៊ីន (Caffeine) នៅក្នុងកាហ្វេ ឬតែ អាចជួយដាស់ស្មារតីឱ្យស្វាងភ្លាមៗ។ លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្ម (Polyphenols) នៅក្នុងកាហ្វេក៏ជួយការពារខួរក្បាល និងបង្កើនសមត្ថភាពចងចាំផងដែរ។ តែយ៉ាងណា គួរញ៉ាំក្នុងកម្រិតសមល្មម និងចៀសវាងញ៉ាំនៅពេលរសៀល ឬពេលល្ងាច ព្រោះវាអាចធ្វើឱ្យរំខានដល់ដំណេក។
៣. ធ្វើចលនារាងកាយ (ហាត់ប្រាណបន្តិចបន្តួច)
នៅពេលដែលខួរក្បាលចាប់ផ្តើមគាំង ចូលក្រោកឈរ ហើយធ្វើចលនា។ ការដើររហ័ស ដើរត្រឡប់ចុះឡើង ឬការហាត់ប្រាណស្រាលៗ ជួយជំរុញរំហូរឈាមទៅកាន់ខួរក្បាល និងបញ្ចេញសារធាតុគីមីរីករាយ (Serotonin និង Dopamine)។ ដូច្នេះអ្នកគ្រាន់តែធ្វើការលាតសន្ធឹងសាច់ដុំ ឬបោសសម្អាតផ្ទះបន្តិចបន្តួច ក៏អាចជួយបានដែរ។
៤. ប្តូរបរិយាកាស ឬទៅរកធម្មជាតិ

ការជក់ចិត្តលើការងារខ្លាំងពេកនឹងធ្វើឱ្យខួរក្បាលស្ពឹក។ ចូរផ្តល់ពេលឱ្យខួរក្បាល «ចេញលេង» ពី ២០ ទៅ ៣០ នាទី ដោយដើរទៅរកកន្លែងដែលមានពណ៌បៃតង ដូចជាសួនច្បារក្នុងផ្ទះ ដើរលេងក្នុងសួនសាធារណៈ ឬកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ និងពន្លឺថ្ងៃ។ ពន្លឺព្រះអាទិត្យនឹងជួយជំរុញអារម្មណ៍របស់អ្នកឱ្យស្រស់ស្រាយ (ស្វាង) ភ្លាមៗ។
៥. ធ្វើសមាធិ
ការធ្វើសមាធិបែបស្មារតី (Mindfulness Meditation) ត្រឹមតែ ៣ ទៅ ៥ នាទី អាចជួយបង្កើត «លំហដ៏ស្ងប់ស្ងាត់» ឱ្យខួរក្បាលបានសម្រាក, ដូច្នេះអ្នកអាច រកកន្លែងអង្គុយប្រកបដោយផាសុកភាព បិទភ្នែក ហើយផ្ដោតលើដង្ហើមចេញចូលយឺតៗ និងវែងៗ។ បើមានអារម្មណ៍រវើរវាយ គ្រាន់តែដឹងខ្លួន រួចទាញអារម្មណ៍មកផ្ដោតលើដង្ហើមវិញ។
៦. រៀបចំតារាងការងារ (To-Do List) ឡើងវិញ
ភាពស្ត្រេសពីការងារច្រើនលើសលប់ រួមចំណែកយ៉ាងធំធេងក្នុងការបំផ្លាញថាមពលខួរក្បាល តាមរយៈការបញ្ចេញអរម៉ូនស្ត្រេស (Cortisol)។ ចូរពិនិត្យមើលកាលវិភាគរបស់អ្នកឡើងវិញ កាត់បន្ថយ ឬពន្យារពេលកិច្ចការណាដែលមិនទាន់ប្រញាប់ ហើយកុំខ្លាចក្នុងការសុំជំនួយពីមិត្តភក្តិ ឬមិត្តរួមការងារដើម្បីសម្រាលបន្ទុក។
៧. គេងឱ្យបានគ្រប់គ្រាន់ និងមានគុណភាព

មនុស្សពេញវ័យត្រូវការការគេងពី ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ។ ពេលយើងគេង ខួរក្បាលនឹងធ្វើការសម្អាតកាកសំណល់ និងរៀបចំទុកដាក់ព័ត៌មានផ្សេងៗ។ ដើម្បីគេងលក់បានស្កប់ស្កល់ គួររៀបចំបន្ទប់ឱ្យងងឹត និងត្រជាក់ល្មម ចៀសវាងការលេងទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកមុនពេលគេង និងបង្កើតទម្លាប់ចូលគេងឱ្យទៀងពេល។
ត្រឡប់មកវិញ ប្រសិនបើអ្នកសង្កេតឃើញថា អាការៈអស់កម្លាំង ល្ហិតល្ហៃ និងគិតអ្វីមិនចេញនេះ កើតឡើងជាប់ជានិច្ចមិនបាត់សោះ វាអាចជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត ដូចជាជំងឺបាក់ទឹកចិត្ត (Depression) ជាដើម។ ក្នុងករណីនេះ ការស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ឬអ្នកចិត្តវិទ្យា គឺជាជម្រើសដ៏ល្អបំផុតដើម្បីទទួលបានដំណោះស្រាយប្រកបដោយសុវត្ថិភាព៕














































































