ការមានសញ្ញាបត្របរិញ្ញាបត្រ ៤ ឆ្នាំ មិនមែនជាលក្ខខណ្ឌចាំបាច់សម្រាប់ទទួលបានការងារដែលមានប្រាក់ខែខ្ពស់នៅសហរដ្ឋអាមេរិកទៀតឡើយ ខណៈទិន្នន័យថ្មីបង្ហាញថា មានការងាររហូតដល់ ៣០ ប្រភេទ ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយត្រូវការត្រឹម Associate Degree ឬការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) ប៉ុណ្ណោះ។
សារព័ត៌មាន VN Express ដោយយោងតាមរបាយការណ៍ Career Outlook ដែលចេញផ្សាយនៅខែកុម្ភៈ និងផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក (BLS) បានបង្ហាញថា ការងារជាច្រើនក្នុងវិស័យសុខាភិបាល វិទ្យាសាស្ត្រ និងវិស្វកម្ម កំពុងមានតម្រូវការខ្ពស់ និងផ្តល់ប្រាក់ឈ្នួលល្អ ខណៈមិនតម្រូវឱ្យបេក្ខជនមានសញ្ញាបត្របរិញ្ញាបត្រឡើយ។
ក្នុងចំណោមមុខរបរទាំងនេះ អ្នកជំនាញអនាម័យមាត់ធ្មេញ (Dental Hygienist) ឈរនៅលំដាប់កំពូល ដោយទទួលបានប្រាក់ខែមធ្យមប្រចាំឆ្នាំរហូតដល់ ៩៤,២៦០ ដុល្លារ។ បន្ទាប់មកគឺ អ្នកថតសំឡេងវេជ្ជសាស្ត្រវិនិច្ឆ័យរោគ (Diagnostic Medical Sonographer) ដែលរកចំណូលបានជាមធ្យម ៨៩,៣៤០ ដុល្លារ និង អ្នកបច្ចេកទេស MRI ដែលទទួលបានប្រហែល ៨៨,១៨០ ដុល្លារ ក្នុងមួយឆ្នាំ។
របាយការណ៍ដដែលបានបញ្ជាក់ថា ការងារទាំងនេះភាគច្រើនត្រូវការត្រឹមសញ្ញាបត្រជំនាញបច្ចេកទេសប៉ុណ្ណោះ ប៉ុន្តែអាចផ្តល់ប្រាក់ចំណូលខ្ពស់ជាងការងារមួយចំនួនដែលតម្រូវឱ្យមានសញ្ញាបត្របរិញ្ញាបត្រ។ ប្រាក់ចំណូលមធ្យមរបស់ការងារទាំងនេះ ក៏លើសពីប្រាក់ឈ្នួលមធ្យមរបស់កម្មករអាមេរិកទូទៅ ដែលមានប្រមាណ ៤៩,៥០០ ដុល្លារ ក្នុងមួយឆ្នាំ។

វិស័យសុខាភិបាលត្រូវបានចាត់ទុកថាជាវិស័យដែលមានសក្ដានុពលខ្លាំងជាងគេ ទាំងផ្នែកប្រាក់ខែ និងឱកាសការងារ។ ជាពិសេស អ្នកបច្ចេកទេសផ្នែកសុខភាពផ្លូវចិត្ត (Psychiatric Technicians) និង អ្នកបច្ចេកទេសវេជ្ជសាស្ត្រភ្នែក (Ophthalmic Medical Technicians) ត្រូវបានព្យាករថានឹងកើនឡើងដល់ ២០% នៅឆ្នាំ២០៣៤ ដែលជាអត្រាកំណើនខ្ពស់ជាងមធ្យមភាគការងារទូទៅយ៉ាងច្រើន។
ក្រៅពីវិស័យសុខាភិបាល ការងារក្នុងវិស័យវិទ្យាសាស្ត្រ និងវិស្វកម្មក៏បន្តផ្តល់ប្រាក់ខែល្អផងដែរ ទោះបីអត្រាកំណើនមានល្បឿនយឺតជាងបន្តិចក៏ដោយ។ ក្នុងនោះ អ្នកបច្ចេកទេសសុខភាព និងសុវត្ថិភាពការងារ (Occupational Health and Safety Technicians) ត្រូវបានព្យាករថានឹងកើនឡើងប្រមាណ ៩% នៅទសវត្សរ៍ខាងមុខ។
ទោះជាយ៉ាងណា BLS បានបញ្ជាក់ថា ការងារភាគច្រើននៅក្នុងក្រុមនេះ នៅតែតម្រូវឱ្យមានការបណ្ដុះបណ្ដាលជាក់ស្ដែងនៅកន្លែងធ្វើការ ចន្លោះពី ១ ខែ ទៅ ១២ ខែ ដើម្បីឱ្យបុគ្គលិកអាចស្គាល់ឧបករណ៍ បច្ចេកទេសការងារ និងនីតិវិធីវិជ្ជាជីវៈផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។
អ្នកជំនាញមើលឃើញថា និន្នាការនេះកំពុងបង្ហាញពីការផ្លាស់ប្តូរទីផ្សារការងារនៅអាមេរិក ដែលកាន់តែផ្ដោតលើជំនាញ និងសមត្ថភាពជាក់ស្តែង ជាជាងការពឹងផ្អែកលើសញ្ញាបត្រសាកលវិទ្យាល័យតែមួយមុខ ដោយបើកឱកាសឱ្យយុវជន និងអ្នកស្វែងរកការងារកាន់តែច្រើនអាចចូលទៅកាន់ការងារដែលមានប្រាក់ចំណូលខ្ពស់បាន៕













































































