ភ្នំពេញ — ស្រ្តីប្រមាណ១៧០០នាក់ នៅព្រឹកថ្ងៃទី១២ ខែមីនា បានចូលរួមដើរដោយថ្មើជើង ពីមុខវត្តបទុមវតី រាជធានីភ្នំពេញ ឆ្ពោះទៅកាន់រមនីយដ្ឋានវត្តភ្នំ ក្នុងព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ដែលក៏ជាយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនាផងដែរ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយកម្ពុជា ដែលចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍នោះ មានប្រសាសន៍ថា ការដើររួមគ្នារបស់យើង មិនមែនជាការដើរធម្មតានោះទេ, រាល់ជំហានរបស់យើង គឺជាសារដ៏មានអត្ថន័យ, ជាជំហានដែលនិយាយថា យើងជ្រើសរើសសន្តិភាពជំនួសអំពើហិង្សា, ជាជំហានដែលនិយាយថា យើងជ្រើសរើសសាមគ្គីភាពជំនួសការបែកបាក់, ជាជំហានដែលនិយាយថា យើងជ្រើសរើសក្តីសង្ឃឹម ជំនួសការភ័យខ្លាច ហើយជាជំហានដែលនិយាយថា យើងមិនទុកឱ្យស្រ្តី កុមារ និងគ្រួសារណាម្នាក់ឈរតែម្នាក់ឯង នៅក្នុងពេលលំបាកឡើយ។

លោកជំទាវបណ្ឌិត មានប្រសាសន៍ទៀតថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថា មានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាពគឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។ សម្រាប់គ្រួសារ សន្តិសុខគឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនា ការជួយគាំទ្រគ្នាទៅវិញទៅមក និងជាស្ថេរភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសយុវជន យុវនារី បន្តរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព អហិង្សា ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងសេចក្តីថ្លៃថ្នូរបស់មនុស្សគ្រប់រូប។
“សូមចាប់ផ្តើមពីគ្រួសាររបស់យើងនីមួយៗ ដោយការនិយាយនូវពាក្យពេចន៍ទន់ភ្លន់ មិនប្រើហិង្សា ចូលរួមគាំទ្រដល់ស្រ្តី និងកុមារ ជាពិសេសស្រ្តីមេម៉ាយ អប់រំកូនចៅឱ្យស្គាល់តម្លៃនៃសន្តិភាព និងការរួបរួមគ្នាកសាងសហគមន៍ ដែលពោរពេញដោយក្តីស្រឡាញ់ និងការយោគយល់គ្នា”

លោកជំទាវលើកឡើងថា សន្តិភាព និងសន្តិសុខ គឺមិនអាចកើតឡើងដោយឯកឯងនោះទេ វាត្រូវការចាំបាច់នូវការសាមគ្គីភាព និងការចូលរួមការពារថែរក្សា និងការទទួលខុសត្រូវពីយើងម្នាក់ៗ, លោកជំទាវសង្កត់ធ្ងន់ថា ប្រសិនបើយើងទាំងអស់គ្នារួបរួមគ្នាថែរក្សាសន្តិភាព ដូចដែលយើងថែរក្សាគ្រួសាររបស់យើងផ្ទាល់ នោះកម្ពុជានឹងបន្តដើរទៅមុខសោយភាពរឹងមាំ ថ្លៃថ្នូរ និងក្តីសង្ឃឹម កាន់តែធំធេងឡើង សន្តិភាពគឺចាប់ផ្តើមពីយើងម្នាក់ៗ សន្តិភាព គឺដើម្បីយើងទាំងអស់គ្នា៕





























