ទិវាគុណអ្នកម្តាយ ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃអាទិត្យ សប្តាហ៍ទីពីរនៃខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល មិនមានអ្វីអាចប្រៀបផ្ទឹមបាន នៃមាតាគ្រប់រូប ដែលខិតខំចំណាយកម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែរ មិនគិតដល់ការហត់នឿយ និងមានសន្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះបុត្រគ្រប់រូប។
ក្នុងសម័យបច្ចេកវិទ្យា សង្គមអនឡាញ តើមនុស្សកើតក្នុងជំនាន់ Gen Z (១៩៩៧-២០១២) មានទស្សនៈបែបណាចំពោះគុណអ្នកម្តាយ ហើយពួកគេនឹងធ្វើអ្វីខ្លះនៅថ្ងៃនោះ?
កញ្ញា នង យូឡាយ វ័យ២៦ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀនមួយរូប បានប្រាប់ឱ្យដឹងថា ជាទូទៅកញ្ញាតែងបង្ហាញក្តីស្រឡាញ់ទៅអ្នកម្តាយរបស់ខ្លួនតាមរយៈ ការជូនសម្លៀកបំពាក់ ស្បែកជើង កាបូប ក៏ដូចជាធ្វើម្ហូបជូនម្ដាយពិសា។ កញ្ញាបន្តថា ការបង្ហាញក្តីស្រឡាញ់តាមរយៈការទិញជាវត្តុអនុស្សាវរីយ៍ជូនទៅកាន់អ្នកម្តាយ កញ្ញាមិនអៀនខ្មាស់នោះទេ ប៉ុន្តែអ្វីដែលកញ្ញាអៀនខ្មាស់ គឺមិនហ៊ាននិយាយប្រាប់ដោយផ្ទាល់ថា “កូនស្រឡាញ់ម៉ែ” មិនហ៊ានឱបគាត់ និងមិនដែលប្រាប់គាត់ទេថា “រាល់ពេលដែលម៉ែនៅឆ្ងាយពីកូន គឺកូនពិតជានឹកម៉ែ និងយំនឹកម៉ែទៀតផង!”។
គ្រូបង្រៀនរូបនេះ គិតថា ម្តាយ មិនត្រូវការអ្វីពីកូនរបស់ខ្លួនឡើយ គាត់គ្រាន់តែចង់ឃើញកូនសប្បាយចិត្ត ជោគជ័យក្នុងការងារ និងទៅថ្ងៃអនាគតអាចជួបជីវិតគូរដែលល្អប្រសើរតែប៉ុណ្ណោះ។ កញ្ញា នង យូឡាយ បន្តថា សម្រាប់ម្តាយកញ្ញារីករាយនៅពេលគាត់ឃើញកូនគាត់រីកចម្រើន និងនៅពេលដែលកូនរបស់គាត់ចេះតុបតែងកាយបានស្អាត។
“ក្នុងទិវាអ្នកម្តាយ ខ្ញុំគ្រោងនឹងចង់ទិញបាច់ផ្កាលុយជូនគាត់ និងមាននំខេកផងដែរ”
កញ្ញា នង យូឡាយ ក៏បានលើកទឹកចិត្តទៅកាន់យុវជនជំនាន់ Gen Z ទាំងអស់ឱ្យក្លាហានឡើង និងត្រូវពង្រឹងផ្លូវចិត្តខ្លួនឯងឱ្យរឹងមាំ។ Gen Z ហា! សូមក្លាហានឡើងក្នុងការបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សដែលខ្លួនស្រឡាញ់ ជាពិសេសអ្នកដែលមានឈ្មោះថា ជាអ្នកផ្តល់កំណើត ឬជាអ្នកម្តាយនេះឯង។
ជាមួយគ្នានេះ យុវតី ឆូ គីមហ័រ ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា នាងតែងបង្ហាញក្តីស្រឡាញ់ទៅកាន់ម្តាយ តាមរយៈការជូនទៅដើរលេងនៅខាងក្រៅ ចំណាយពេលញ៉ាំអាហារជាមួយគាត់ និងនិយាយលេងជាមួយគ្នា ដើម្បីស្វែងយល់ពីគ្នាឱ្យបានច្រើនជាងមុន។ ជាពិសេស គីមហ័រ តែងតែបង្ហាញការស្រលាញ់ទៅកាន់ម្ដាយបន្ថែមដោយការឱប និងនិយាយប្រាប់គាត់ថា “កូនស្រលាញ់ម៉ាក់!”។
“រាល់ពេលបង្ហាញក្ដីស្រលាញ់ទៅកាន់ម៉ាក់ ខ្ញុំមិនសូវអៀននោះទេ ព្រោះតែខ្ញុំតែងតែចង់ចំណាយពេលនៅជាមួយគាត់ ដូចជាការចំណាយពេលនៅជាមួយមិត្តភក្តិផងដែរ ហើយវានឹងបង្កើនភាពស្និទ្ធស្នាលរវាងម្តាយ និងកូន”
យុវតីវ័យ២១ឆ្នាំរូបនេះ គិតថា អ្នកម្តាយគ្រប់រូបតែងតែចង់ឃើញកូនៗធ្វើអំពើល្អ រៀនពូកែ មានអនាគតត្រចះត្រចង់ ជាមនុស្សល្អ ហើយជាកូនល្អ ស្តាប់បង្គាប់ម្តាយឪពុក ពិសេសការចំណាយពេលជួបជុំគ្រួសារ មានពេលវេលានៅជាមួយអ្នកផ្ទះឱ្យបានច្រើន ក៏ជាអ្វីដែលម្តាយឪពុកគ្រប់រូបរមែងចង់បានពីកូនៗ។ គីមហ័រ បន្តថា សម្រាប់ម្តាយរបស់នាងនឹងរីករាយពេលដែលនាងរៀនពូកែ ក៏ដូចជាបានចំណាយពេលនៅជាមួយគាត់បានច្រើនជាងមុន និយាយជាមួយគ្នាយល់ពីគ្នាកាន់តែច្រើន ហើយភាពស្និទ្ធស្នាលរវាងម្តាយកូនកាន់តែកើនឡើង ធ្វើឱ្យសម្ព័ន្ធភាពគ្រួសាររឹតតែរឹងមាំ។
ក្នុងទិវាអ្នកម្តាយ យុវតី ឆូ គីមហ័រ មានបំណងជូនម្ដាយទៅពិសារអាហារនៅខាងក្រៅ ដើរលេងជាមួយគាត់ និងពិភាក្សារឿងក្នុងចិត្តជាមួយគាត់។
ជាមួយគ្នានេះ គីមហ័រ ក៏បានលើសទឹកចិត្តទៅកាន់យុវជនជំនាន់ Gen Z ទាំងអស់ឱ្យបង្ហាញការស្រឡាញ់ទៅកាន់អ្នកម្តាយ ហើយសូមកុំអៀនខ្មាស់ចំពោះការដែលបង្ហាញសេចក្តីស្រលាញ់ទៅកាន់អ្នកម្តាយ។ គួរតែមានពេលវេលានៅជាមួយគាត់ឱ្យបានច្រើន ជជែកគ្នាលេងជាមួយគាត់ជាជាងចំណាយពេលជាមួយប្រព័ន្ធបណ្តាញសង្គមខាងក្រៅ ព្រោះគ្មានក្តីស្រលាញ់ណាដែលធំធេងជាងក្តីស្រលាញ់របស់ម្តាយនោះទេ។ យុវតី គីមហ័រ បន្តថា ពេលដែលយើងបានចំណាយពេលនៅជាមួយម្តាយប្រាកដណាស់ថា ទំនាក់ទំនងម្តាយកូននឹងល្អប្រសើរហើយជិតស្និទ្ធិគ្នាជាងមុន ពិសេសឧស្សាហ៍និយាយពាក្យថា « កូនស្រលាញ់ម៉ាក់ » ទៅកាន់អ្នកម្តាយរបស់អ្នកផង។
លោក ហ៊ីង ឡុងលីហ្សា ជាបុគ្គលិកបារីស្តា វ័យ២៦ឆ្នាំ និយាយថា លោកតែងបង្ហាញក្ដីស្រឡាញ់ទៅអ្នកម្ដាយតាមរយៈការជួយកិច្ចការផ្ទះ ដូចជា ការសម្អាតផ្ទះ ពេលទំនេរជូនម្ដាយទៅពិសាអាហារខាងក្រៅ និងឧស្សាហ៍ជជែកលេងជាមួយគាត់ពេលចេញពីធ្វើការ។
យុវជនរូបនេះ បន្ថែមថា លោកមានអារម្មណ៍អៀនខ្លាំងនៅពេលនិយាយពាក្យថា “ខ្ញុំស្រឡាញ់ម៉ាក់!” ដោយសារមិនធ្លាប់និយាយពាក្យនេះទៅកាន់ម្ដាយដោយផ្ទាល់ ប៉ុន្តែចូលចិត្តបង្ហាញទង្វើយកចិត្តទុកដាក់។ លោកបន្តថា ម្ដាយមិនត្រូវការអ្វីច្រើនពីកូនច្រើននោះទេ ក្រៅពីចង់ឃើញកូនជោគជ័យក្នុងវិស័យការងារ មានសុខភាពល្អ និងសប្បាយចិត្តគ្រប់ពេលវេលា ដែលធ្វើឱ្យម្ដាយសប្បាយចិត្ត។ ហើយក្នុងទិវាអ្នកម្តាយខាងមុខនេះ លោក ឡុងលីហ្សា មានគម្រោងជូនម្ដាយទៅពិសាអាហារជួបជុំគ្រួសារ ក៏ដូចជាមានបាច់ផ្កាជូនគាត់។
លោក ហ៊ីង ឡុងលីហ្សា ក៏បានលើកទឹកចិត្តទៅកាន់យុវជនជំនាន់ Gen Z ដូចគ្នាថា ការបង្ហាញក្ដីស្រឡាញ់ទៅកាន់ម្ដាយពិតជាមានអត្ថន័យដែលធ្វើឱ្យម្ដាយរបស់យើងសប្បាយចិត្ត។ យើងត្រូវជំនះនិយាយពាក្យ “ខ្ញុំស្រឡាញ់ម៉ាក់ខ្លាំងណាស់!” ទៅកាន់អ្នកម្ដាយ ព្រោះគាត់ខិតខំពរពោះ និងចិញ្ចឹមបីបាច់យើងតាំងពីតូចរហូតដល់ធំពេញវ័យ ហើយក៏ត្រូវធ្វើឱ្យអ្នកម្ដាយសប្បាយចិត្តជារៀងរាល់ថ្ងៃ៕

































