ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)» បានប្រកាសជ្រើសរើសបេក្ខជនដើម្បីទទួលអាហារូបករណ៍ថ្លៃសិក្សា ១០០% ចំនួន ៦០នាក់ (ផ្ដល់អាទិភាពនារី ៥០%) ថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (សជគ) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។
ជំនាញសិក្សា និងចំនួនអាហារូបករណ៍
អាហារូបករណ៍សរុបចំនួន ៦០កន្លែង ត្រូវបានបែងចែកស្មើគ្នាលើមុខជំនាញសំខាន់ៗចំនួន ៤៖
- សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ៖ ១៥ កន្លែង
- បច្ចេកវិទ្យាហិរញ្ញវត្ថុ ៖ ១៥ កន្លែង
- វិទ្យាសាស្ត្រកុំព្យូទ័រ ៖ ១៥ កន្លែង
- ការគ្រប់គ្រងផែនការទីក្រុងឆ្លាតវៃ ៖ ១៥ កន្លែង
លក្ខខណ្ឌជ្រើសរើស
បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវបំពេញតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
-ជាសិស្សានុសិស្សមានសញ្ជាតិខ្មែរ
-ជាបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ ២០២៦
-ជាសិស្សនៃវិទ្យាល័យគោលដៅក្រោមគម្រោង SE4HC ដែលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាតាមប្រព័ន្ធអនឡាញលើមុខវិជ្ជា «មូលដ្ឋានគ្រឹះសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល» និង «មុខវិជ្ជាគណិតវិទ្យាអនុវត្តន៍»
-មិនទាន់ទទួលបានអាហារូបករណ៍ណាមួយពីក្រសួងអប់រំ ឬស្ថាប័នផ្សេងទៀតក្នុងអំឡុងពេលដាក់ពាក្យ
-ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសសមត្ថភាពផ្ទាល់

វិញ្ញាសាប្រឡង និងកាលបរិច្ឆេទសំខាន់ៗ
វិញ្ញាសាប្រឡង (រយៈពេល ៤៥នាទី ក្នុងមួយវិញ្ញាសា)៖
-ភាសាអង់គ្លេស
-គណិតវិទ្យាអនុវត្តន៍ (ជាភាសាអង់គ្លេស)
-មូលដ្ឋានគ្រឹះសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (ជាភាសាអង់គ្លេស)
កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ (វេលាម៉ោង ៥:០០ នាទីល្ងាច)។
ការពិនិត្យឈ្មោះបេក្ខជន៖ ថ្ងៃទី១៤ និង ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ឬតាមគេហទំព័រ [fde.num.edu.kh]
កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង
ការប្រកាសលទ្ធផល៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦
កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៦
របៀបដាក់ពាក្យស្នើសុំ
សិស្សានុសិស្សដែលចាប់អារម្មណ៍ អាចបំពេញពាក្យស្នើសុំ និងភ្ជាប់ឯកសារពាក់ព័ន្ធតាមរយៈតំណភ្ជាប់អនឡាញ [https://forms.gle/bpQ1b4Y7VSzp5u6Y6]។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១០ ២៤៤ ៣៤៩៕













































































