កម្មវិធីស្បៀងអាហារពិភពលោក (WFP) កំពុងបន្តគាំទ្រកម្មវិធីអាហារសាលាដល់កុមារជាង ១,៨០០នាក់ ដែលកំពុងស្ថិតក្នុងទីតាំងស្នាក់នៅបណ្តោះអាសន្នចំនួន៣កន្លែង ក្នុងខេត្តព្រះវិហារ បន្ទាប់ពីគ្រួសាររបស់ពួកគេបានផ្លាស់ទីលំនៅដោយសារជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។
លោកស្រី ឃ្យុងណាន់ ផាក នាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងអំឡុងវិបត្តិ មានប្រជាជនរាប់សែននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះ ខណៈប្រជាជនភាគច្រើនបានវិលត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែកុមារជាង ១,៨០០នាក់នៅតែបន្តផ្លាស់ទីលំនៅនៅតាមទីតាំងចំនួន៣ ក្នុងខេត្តព្រះវិហារ និងមិនទាន់អាចត្រឡប់ទៅផ្ទះបាននៅឡើយ។
លោកស្រីបន្តថា ទោះបីស្ថិតក្នុងស្ថានភាពផ្លាស់ទីលំនៅក៏ដោយ កុមារទាំងនេះនៅតែបន្តទៅសាលារៀន ដោយសារសាលារៀនមិនត្រឹមតែផ្តល់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់មិត្តភាព ស្ថិរភាព និងអារម្មណ៍នៃភាពធម្មតា ក្នុងអំឡុងពេលដ៏លំបាក។

លោកស្រី ឃ្យុងណាន់ ផាក បានបញ្ជាក់ថា អាហារសាលាប្រចាំថ្ងៃមានតួនាទីសំខាន់ក្នុងការជួយឱ្យកុមារបន្តការសិក្សា ដោយជួយផ្តល់អាហារូបត្ថម្ភ ជួយឱ្យពួកគេមានការផ្តោតអារម្មណ៍ និងផ្ចង់អារម្មណ៍ក្នុងការសិក្សា។
លោកស្រីមានប្រសាសន៍ថា ការងារនេះជាកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីសាលារៀន ឪពុកម្តាយសិស្ស សហគមន៍ អាជ្ញាធរមូលដ្ឋាន និង WFP។
លោកស្រីបន្ថែមថា កិច្ចសហការរួមគ្នានេះកំពុងជួយធានាថា កុមារអាចទទួលបានអាហារសាលាថ្មីៗជារៀងរាល់ថ្ងៃ មិនថាពួកគេស្ថិតនៅទីណាក៏ដោយ។ បទពិសោធន៍របស់កម្ពុជាបង្ហាញពីសារៈសំខាន់នៃប្រព័ន្ធជាតិដែលរឹងមាំ ព្រោះនៅពេលមានវិបត្តិ ប្រព័ន្ធទាំងនេះអាចសម្របខ្លួន និងបន្តការពារកុមារ។
ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានប្រមូលផ្តុំ និងចល័តស្បៀងអាហារយ៉ាងឆាប់រហ័ស សម្រាប់សិស្សានុសិស្សនៅក្នុងជំរំផ្លាស់ទីលំនៅភូមិបៃតងតាកឹង។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការគាំទ្ររបស់ WFP មានសារៈសំខាន់ក្នុងការធានាថា សិស្សដែលកំពុងស្ថិតក្នុងស្ថានភាពផ្លាស់ទីលំនៅ នៅតែអាចទទួលបានអាហារូបត្ថម្ភតាមរយៈកម្មវិធីអាហារសាលា និងបន្តការសិក្សារបស់ពួកគេបាន។
លោកស្រី ឃ្យុងណាន់ ផាក បានគូសបញ្ជាក់ថា តាមរយៈការធ្វើការរួមគ្នា ភាគីពាក់ព័ន្ធអាចជួយធានាថា ការផ្លាស់ទីលំនៅមិនក្លាយជាឧបសគ្គដល់ការសិក្សា ឬអនាគតរបស់កុមារ៕












































































