យោងតាម WE Forum បានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំពីរនាក់នៅទូទាំងពិភពលោក មានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)។ រោគវិនិច្ឆ័យ នៃស្ថានភាពជំងឺនេះគឺ មានដូចជា ពិបាកផ្ចង់អារម្មណ៍ កង្វះការយកចិត្តទុកដាក់ ជំងឺអូទីស្សឹម ឬលក្ខណៈរបៀបគិតរបស់មនុស្សដែលខុសពីលំនាំសរសៃប្រសាទ។ ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
«ការរចនាបាយអូហ្វីលៀ – Biophilic design» គឺជាការរួមបញ្ចូលនូវសមាសធាតុធម្មជាតិទៅក្នុងបរិយាកាសសាងសង់អាគារ ដែលផ្ដល់នូវអត្ថប្រយោជន៍ដល់អ្នកដែលមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)។
តើអ្វីជា «ការរចនាបាយអូហ្វីលៀ – Biophonic design»?
ពាក្យ «បាយអូហ្វីលៀ – biophilia» គឺជាការរួមបញ្ចូលគ្នានូវពាក្យក្រិកចំនួនពីរ ក្នុងនោះមាន «Bio» មានន័យថា ជីវិត និង «philia» មានន័យថា ក្ដីស្រឡាញ់។ ដូច្នេះ ពាក្យថា Biophilia គឺសំដៅដល់គំនិត ដែលមនុស្សត្រូវការ មានបំណងប្រាថ្នា ឬមានទំនោរចង់ភ្ជាប់ជីវិត ជាមួយនឹងភាវៈរស់ និងធម្មជាតិ។

គោលបំណងនៃ «ការរចនាបែបជីវសាស្ត្រ – Biophilic design» គឺ ដើម្បីបង្កើតអគារ ដែលភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ នៅក្នុងទីក្រុងទំនើប។ ការរចនាបែបជីវសាស្ត្រនេះ មានបីទម្រង់ ហើយទម្រង់នីមួយៗគឺអាចបង្កើនគុណភាពជីវិត សម្រាប់មនុស្សដែលកំពុងមានបញ្ហាប្រព័ន្ធប្រសាទ។
១. បទពិសោធន៍ធម្មជាតិ – Natural experiences ៖ ការទទួលបានបទពិសោធន៍ផ្ទាល់ជាមួយធម្មជាតិ អាចកើតឡើង តាមរយៈការភ្ជាប់អារម្មណ៍ជាមួយ អ្វីៗដែលយើងបានឃើញ ឮ អាចប៉ះ ហិតក្លិន ឬទទួលបានរសជាតិ។ សមាសធាតុអាគារ ដែលមានលក្ខណៈធម្មជាតិ ត្រូវរួមបញ្ចូលនូវ ទឹក រុក្ខជាតិ ឬសត្វ ពន្លឺធម្មជាតិ កម្ដៅ និងលំហូរខ្យល់ ដែលអាចជំរុញឱ្យមនុស្សទទួលបានបទពិសោធន៍ពិតៗជាមួយធម្មជាតិ។

មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទច្រើនតែជួបប្រទះនឹងបញ្ហាការគ្រប់គ្រងឥន្ទ្រីយ៍ ឬញាណទាំង៥មិនបានល្អ និងមានអារម្មណ៍រំជើបរំជួលដោយសារសំឡេង ឬធាតុផ្សេងទៀតនៅជុំវិញគេ។ ប៉ុន្តែការស្រាវជ្រាវបានរកឃើញថា ធម្មជាតិអាចជួយឱ្យកុមារមានជំងឺអូទីហ្សឹម ឬមានបញ្ហាប្រព័ន្ធប្រសាទ មានភាពអត់ធ្មត់ និងដំណើរការព័ត៌មានដែលខួរក្បាលគេទទួលបានៗល្អ។
២. ផ្ដល់បទពិសោធន៍ដែលមានភាពជាក់ស្ដែង ៖ ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ មិនត្រូវបានកំណត់ថា ទាល់តែមានវត្តមានធម្មជាតិ ដែលមានលក្ខណៈពិតជាក់ស្ដែងនោះទេ។ រូបតំណាង ឬអ្វីដែលអាចប្រៀបធៀបទៅនឹងធម្មជាតិ តាមរយៈការធ្វើត្រាប់តាមលំនាំធម្មជាតិ ដូចជា សម្ភារៈ ទម្រង់ និងសារធាតុនៅក្នុងបរិស្ថាន ក៏អាចជួយឱ្យមនុស្សបង្កើតទំនាក់ទំនងផ្លូវអារម្មណ៍បានដែរ។

គម្រូនេះអាចកាត់បន្ថយអារម្មណ៍ពិបាកក្នុងខ្លួនសម្រាប់មនុស្ស ដែលមានប្រតិកម្មខ្លាំង។ វត្ថុធាតុដើមធម្មជាតិ ដូចជា ឈើ ថ្ម និងក្រណាត់ដែលផលិតពីវត្ថុធាតុដើមធម្មជាតិ គឺមានភាពពេញនិយម សម្រាប់ការឌីហ្សាញបរិយាកាសសម្រាប់អ្នកជំងឺអូទីហ្សឹម។
៣. បង្កើតលំហធម្មជាតិ ៖ ការកសាងបរិស្ថាន ដែលអំណោយផលសម្រាប់ការរស់នៅ និងធ្វើការ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតបទពិសោធន៍ស្រដៀងគ្នា ទៅនឹងអ្វី ដែលមាននៅក្នុងធម្មជាតិ។ ចំណុចនេះ មានន័យថា វាបានឆ្លុះបញ្ចាំងអំពីលំហស្រឡះមួយ ដែលអនុញ្ញាតឱ្យមនុស្សអាចបម្លាស់ទីបាន, ទីធ្លាដែលមានទំនាក់ទំនងរវាងផ្នែកខាងក្នុង និងខាងក្រៅ (transitional space), កន្លែងសម្រាប់ជ្រក ព្រមទាំងមានការរៀបចំបានយ៉ាងមានរបៀបរៀបរយ និងមានលក្ខណៈធម្មជាតិ។ ការរចនាបែបនេះ នឹងជួយមនុស្សឱ្យមនុស្សដែលបានបញ្ហាប្រព័ន្ធប្រសាទ និងកុមារអូទីស្សឹមមានអារម្មណ៍ស្ងប់ស្ងាត់ កាត់បន្ថយភាពថប់បារម្ភ និងមានអារម្មណ៍ធូរស្បើយជាងមុន៕






























