«សាកថ្មជីវិត» ជារឿងល្អសម្រាប់យុវជន តែវានឹងអាក្រក់វិញ ប្រសិនបើសាកមិនត្រឹមត្រូវ

ចាប់តាំងពីមានការរីករាលដាល នៃជំងឺកូវីដ-១៩ ពោលគឺរយៈពេល២​ ទៅ៣ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ចំនួនអ្នកមានចំណង់ចំណូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ ឬសហគមន៍អេកូទេសចរណ៍កំពុងមានភាពពេញនិយម ជាពិសេសសម្រាប់យុវជន ។ ទន្ទឹមនឹងនេះ ដោយសារវិបត្តិសេដ្ឋកិច្ច សម្ពាធការងារ សម្ពាធការសិក្សា និងទំនាក់ទំនងត្រូវកាត់ផ្ដាច់ពីមនុស្សជុំវិញខ្លួន ទើបទាមទារឱ្យមានដំណើរកម្សាន្តផ្សារភ្ជាប់ជាមួយធម្មជាតិ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនថាមពលជីវិតឡើងវិញ ដែលបច្ចុប្បន្ន យុវវ័យយើងនិយមប្រើពាក្យថា «សាកថ្មជីវិត»

ពាក្យថា «សាកថ្មជីវិត» កំពុងពេញនិយមប្រើក្នុងស្រទាប់យុវវ័យក្នុងន័យផ្ដល់ពេលវេលាសម្រាកដល់ខ្លួនឯង ទម្លាក់ចោលការងារដែលស្មុគស្មាញ ដើម្បីទៅដល់ទីកន្លែងស្ងប់ស្ងាត់មានទេសភាពបៃតងដូចជា ព្រៃភ្នំ ក្បែរមាត់ទឹកជាដើម។ ទន្ទឹមគ្នានេះ  ពាក្យ «សាកថ្មជីវិត» នេះ ក៏មានការឱ្យនិយមន័យខុសប្លែកពីគ្នាផងដែរ ទៅតាមទស្សនៈយល់ឃើញរបស់បុគ្គលម្នាក់ៗផងដែរ។

តើការសាកថ្មជីវិតនេះ ផ្ដល់ប្រយោជន៍អ្វីខ្លះសម្រាប់ភាពជាយុវវ័យ ? តើការសាកថ្មជីវិតកម្រិតណាទើបល្អសម្រាប់ភាពជាយុវវ័យ ?

បច្ចុប្បន្ននេះ យុវវ័យភាគច្រើនមានសម្ពាធផ្លូវចិត្តច្រើនពីគ្រួសារផង ការងារផង ការរៀនសូត្រផង គឺពួកគេចាំបាច់ត្រូវការកន្លែងមួយដើម្បីកាត់បន្ថយភាពតានតឹងចិត្ត (ស្រ្តេស) និងបង្កើនថាមពលជីវិតឡើងវិញ។ ទន្ទឹមគ្នានេះ នៅពេលមនុស្សមានការបាក់ទឹកចិត្ត មានសម្ពាធច្រើន ធម្មជាតិអាចជាឱសថល្អបំផុត ដែលអាចជួយឱ្យអារម្មណ៍ស្រស់ស្រាយ។

ទោះជាយ៉ាងណាក្ដី យើងអាចសង្កេតឃើញថា ការផ្ដល់ឱកាសឱ្យខ្លួនឯងបានសម្រាកពីការងារ ឬមានដំណើរកម្សាន្តទៅតំបន់ធម្មជាតិ ពិតជាជួយឱ្យអារម្មណ៍ធូរស្រាលបានមួយកម្រិត ប៉ុន្តែប្រសិនបើយុវជនគិតតែពីដើរកម្សាន្ត និងមិនយកចិត្តទុកដាក់ចំពោះការសិក្សា និងការងារ នោះក៏អាចផ្ដល់ផលប៉ះពាល់ដល់ខ្លួនឯងវិញផងដែរ។​  

លោក សំ សុពេជ្រ អ្នកបង្កើតមាតិកា និងជាអ្នកមានចំណូលចិត្តធ្វើដំណើរកម្សាន្តតាមព្រៃភ្នំ យល់ឃើញថា ការសាកថ្មជីវិត គឺជាការបង្កើននូវថាមពល បង្កើននូវកម្លាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកថា នៅពេលមានដំណើរកម្សាន្តតាមព្រៃភ្នំ ធ្វើឱ្យទទួលបានថាមពលយ៉ាងខ្លាំងពីធម្មជាតិ ដោយចាប់ផ្ដើមស្គាល់ពីខ្លួនឯង រៀនរស់ជាមួយនឹងធម្មជាតិ ផ្ដាច់ទំនាក់ទំនងពីប្រព័ន្ធអេឡិចត្រូនិចមួយចំនួន បង្កើនមិត្តភាព ព្រមទាំងរួមចំណែកជួយដល់សហគមន៍ទេសចរណ៍ទៀតផង។

ខ្ញុំលើកទឹកចិត្តយុវជនទៅបោះតង់ទៅស្វែងយល់ពីបរិស្ថាន ស្វែងយល់ពីធម្មជាតិទាំងអស់នោះ ហើយក៏អាចជួយដល់បញ្ហាផ្លូវចិត្តរបស់យុវជនយើងដែរ

លោក សំ សុពេជ្រ អ្នក​បង្កើតមាតិកា

អ្នកបង្កើតមាតិការូបនេះ បន្ថែមថា ការសាកថ្មជីវិតដែលល្អ គឺអាស្រ័យលើកម្រិតនៃជីវភាព កម្រិតហិរញ្ញវត្ថុ និងពេលវេលា។ ទន្ទឹមគ្នានេះ ប្រសិនបើមួយខែម្ដង គឺល្អបំផុត ព្រោះដំណើរកម្សាន្តម្ដងអាចចំណាយថវិកាប្រហែលជា ៥០ដុល្លារ ដែលយើងអាចចាយបាន ហើយក៏ជួយឱ្យយើងមានថាមពលជីវិត និងបង្កើនមិត្តភាពផងដែរ ។

ក្នុងនាមជាអ្នកមានចំណូលចិត្តធ្វើដំណើរកម្សាន្តតាមព្រៃភ្នំ លោក សំ សុពេជ្រ សំណូមពរដល់យុវជន នៅពេលមានដំណើរកម្សាន្ត ទី១.កុំច្រៀងខារ៉ាអូខេ រញ៉េរញ៉ៃ ទី២. កុំទៅសាកថ្មជីវិតហើយទៅបំផ្លាញបរិស្ថាន ចោលសំរាមរញ៉េរញ៉ៃ ៣. ទៅសាកថ្មជីវិត យើងត្រូវគិតថា តើទទួលបានប្រយោជន៍អ្វី? យើងរៀនបានពីអ្វីខ្លះ? និង ៤. អាជ្ញាធរដែលនៅតំបន់ព្រៃភ្នំគួរយកចិត្តទុកដាក់ជួយអន្តរាគមន៍ទាន់ពេលវេលានៅពេលមានគ្រោះថ្នាក់។

ដោយឡែក លោក លី រស្មី អ្នកផលិតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក និងជាស្ថាបនិកសាលាបោះតង់ លើកឡើងថា ជីវិតមនុស្សប្រៀបដូចជាឧបករណ៍អគ្គិសនីនៅពេលប្រើប្រាស់ច្រើនវាអស់ថ្ម យើងត្រូវសាកថ្ម។ ហើយជីវិតយើងក៏ដូចគ្នាដែរ គឺត្រូវសាកថ្មជីវិតឡើងវិញ នៅពេលយើងធ្វើការច្រើន ស្រ្តេសច្រើន ខិតខំរៀនសូត្រខ្លាំងនៅសាលា មានអារម្មណ៍តប់ប្រមល់ ឬមានសម្ពាធខ្លាំង។ ដូច្នេះ គេត្រូវទៅរកតំបន់ណាមួយដើម្បីកម្សាន្ត ឬកាត់បន្ថយភាពតានតឹងទាំងអស់នោះឱ្យត្រឡប់មកធម្មតាវិញ ឬប្រសើរឡើងវិញ។ 

នៅពេលស្រ្តេសខ្លាំង យើងអាចទៅរកតំបន់ណាមួយដើម្បីកម្សាន្ត ឬកាត់បន្ថយភាពតានតឹង

លោក លី រស្មី បន្ថែមថា ការសាកថ្មជីវិត គេអាចទៅដើរលេងធម្មតាៗ មានដំណើរកម្សាន្តជិតៗ ដើម្បីសម្រាកលំហែខួរក្បាល គេចពីភាពតានតឹង ។ ប៉ុន្តែប្រសិនជាទូទៅគេសង្កត់លើការទៅបោះតង់ ឬការផ្សងព្រេងវិញ ការសាកថ្មជីវិត គឺពិតជាមានអត្ថប្រយោជន៍ច្រើនជាងការលំហែខួរក្បាល។ ម៉្យាងវិញទៀត អ្នកបោះតង់នៅពេលដែលមានបទពិសោធន៍ច្រើន ពួកគាត់អាចជាមនុស្សម្នាក់ដែលពូកែដោះស្រាយបញ្ហា ឈ្លាសវៃ ឆ្លាត រហ័សរហួន សុខភាពល្អទាំងផ្លូវចិត្តនិងរាងកាយ និងមើលឃើញឱកាសច្រើនក្នុងការរកស៊ី និងឱកាសក្នុងការជួយសង្គម។

សម្រាប់ខ្ញុំផ្ទាល់ ការងារខ្ញុំពេញម៉ោងទាក់ទងជាមួយការផ្សព្វផ្សាយតំបន់ទេសចរណ៍ ខ្ញុំប្រើប្រាស់ដំណើរកម្សាន្ត ការដើរលេងរបស់ខ្ញុំ ដើម្បីជួយទៅតាមតំបន់ទេសចរណ៍នីមួយៗផ្សព្វផ្សាយដល់ប្រជាជនកម្ពុជាឱ្យបានដឹង

លោក លី រស្មី អ្នក​ផលិតមាតិកា និងស្ថាបនិកសាលាបោះតង់
ការសាកថ្មជីវិត គឺពិតជាមានអត្ថប្រយោជន៍ច្រើនជាងការលំហែខួរក្បាល

អ្នកផលិតមាតិកាផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុករូបនេះ បន្ថែមថា សម្រាប់ការសាកថ្មជីវិតដែលមិនត្រឹមត្រូវ គឺការទៅតំបន់ធម្មជាតិប្រើគ្រឿងស្រវឹងជ្រុល ឬចាក់ឧបករណ៍បំពងសំឡេងខ្លាំងៗ ។ ទន្ទឹមគ្នានេះ សម្រាប់យុវវ័យលោកមិនលើកទឹកចិត្តឱ្យដើរលេងជ្រុលហួសហេតុពេកដែរ ដោយគួរតែងាកត្រឡប់មកលើការសិក្សា ព្រោះដំណើរកម្សាន្តនេះ គឺគ្រាន់តែឱ្យយើងចូលសង្គមបានខ្លះ ស្គាល់ពីការធ្វើដំណើរ ឱ្យយើងរៀនសូត្រ រឹងមាំបាន។ សម្រាប់អ្នកធ្វើការ ត្រូវបត់បែនទៅតាមពេលវេលា ឬម៉ោងពេលនៃការធ្វើការ ព្រោះចំណូលសំខាន់ដើម្បីយកមកផ្គត់ផ្គង់ដែលយើងមិនអាចចំណាយពេលទាំងស្រុងរបស់យើងទៅដើរលេង ឬទៅផ្សងព្រេងនោះឡើយ។

តើមុននឹងចង់សាកថ្មីជីវិត យុវជនត្រូវត្រៀមចំណេះដឹងអ្វីខ្លះ?

ស្ថាបនិកសាលាបោះតង់ លោក លី រស្មី បញ្ជាក់ថា មុននឹងសាកថ្មជីវិត យុវជនត្រូវត្រៀមចំណេះដឹងជាច្រើន រួមមាន ទី១. ស្រាវជ្រាវតំបន់ណាមួយអំពីផ្លូវ ឬហានិភ័យដែលយើងអាចជួបក្នុងតំបន់នោះ ទី២. អាហារ និងការស្នាក់នៅ តើយើងត្រូវញ៉ាំអី គួរត្រៀមលក្ខណៈបែបណាខ្លះ ? ត្រូវគេងបែបណាតាមតំបន់នីមួយៗ? ទី៣. យើងត្រូវដឹងពីសុខភាព និងកម្លាំងខ្លួនឯងថា យើងអាចទៅរួចឬអត់ បញ្ហាសុខភាពរបស់យើងយ៉ាងម៉េចដែរពេលទៅកាន់តំបន់នោះ។

ការទៅសាកថ្មជីវិត ក៏ត្រូវដឹងពីសុខភាព និងកម្លាំងខ្លួនឯងដែរ

លោក លី រស្មី បន្ថែមថា យុវជនទាំងអស់គួរត្រឡប់មកគិតអំពីការផ្សងព្រេង ឬការសាកថ្មជីវិតឱ្យមានអត្ថប្រយោជន៍ដល់ខ្លួនឯងនិងសង្គម និងយល់ឱ្យស៊ីជម្រៅពីការធ្វើដំណើរកម្សាន្ត កុំគិតថាគ្រាន់តែការបោះតង់សោះហេតុអ្វីចាំបាច់ត្រូវគិតច្រើន និងរៀបចំច្រើន ប៉ុន្តែគឺយើងត្រូវសិក្សាឱ្យបានស៊ីជម្រៅ ឬបើមានឱកាសអាចចូលសិក្សាកម្មវិធីសាលាបោះតង់ដើម្បីទទួលបានបទពិសោធន៍ នៃការដើរលេងឱ្យមានសុវត្ថិភាព និងមានភាពងាយស្រួល។

លោក លី រស្មី ក៏បានសំណូមពរដល់យុវវ័យទាំងអស់នៅពេលទៅធ្វើការផ្សងព្រេងសូមកុំសេពគ្រឿងស្រវឹងច្រើនពេក ព្រោះយើងត្រូវការស្មារតីរឹងមាំ និងរឹងពឹង ហើយនៅពេលជួបហានិភ័យ ស្មារតីយើងនៅល្អ យើងអាចបង្វៀង ឬយ៉ាងហោចណាស់មានស្មារតីទប់ទល់ជាមួយបញ្ហាទាំងនោះបាន។

ជារួមមក មុននឹងទៅ «សាកថ្មជីវិត» យុវជនអាចស្វែងយល់ពីខ្លួនឯងបន្ថែមនៅក្នុងការចំណាយពេលវេលា និងធនធានរបស់ខ្លួនសម្រាប់ធ្វើដំណើរកម្សាន្ត ដែលផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯង និងសហគមន៍ទេសចរណ៍។ ជាពិសេស ស្វែងយល់ពីរបៀបបោះតង់ ឬដំណើរកម្សាន្តបែបផ្សងព្រេងក្នុងព្រៃភ្នំជាដើម ធ្វើយ៉ាណាឱ្យខ្លួនឯងអាចទទួលបានអារម្មណ៍ល្អប្រសើរ និងមានសុវត្ថិភាព៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)