ពេលគិតដល់វ័យ ៧០ ឆ្នាំ យើងច្រើនតែស្រមៃឃើញរូបភាពមនុស្សចាស់ដែលឈឺជង្គង់ ដើរមិនសូវរួច ភ្លេចភ្លាំងច្រើន និងត្រូវលេបថ្នាំប្រចាំកាយជារៀងរាល់ថ្ងៃ។ ប៉ុន្តែការសិក្សាវេជ្ជសាស្ត្រថ្មីៗបានរកឃើញថា ភាពទ្រុឌទ្រោមទាំងអស់នេះ មិនមែនកើតឡើងដោយចៀសមិនរួចនោះឡើយ។
លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០ ទៅ ៩៥ ឆ្នាំបាន ប្រសិនបើយើងចេះថែទាំរាងកាយឱ្យបានត្រឹមត្រូវ។ ក្នុងនោះ វ័យ ៣០ ឆ្នាំ គឺជាចំណុចរបត់ដ៏សំខាន់បំផុត ព្រោះជាពេលដែលសាច់ដុំ ឆ្អឹង និងប្រព័ន្ធដុតរំលាយអាហារក្នុងខ្លួន ចាប់ផ្ដើមស្រកចុះបន្តិចម្តងៗដោយយើងមិនដឹងខ្លួន។
ខាងក្រោមនេះជាទម្លាប់ងាយៗ ៤ យ៉ាង ដែលយុវជនគួរចាប់ផ្ដើមធ្វើពីពេលនេះតទៅ៖
១. សន្សំកម្លាំងសាច់ដុំ ទុកដូចជាការសន្សំប្រាក់

ការហាត់ប្រាណក្នុងវ័យ ៣០ ឆ្នាំ ប្រៀបដូចជាការដាក់ប្រាក់សន្សំក្នុងធនាគារអញ្ចឹងដែរ។ បើយើងកសាងកម្លាំងសាច់ដុំ និងបេះដូងឱ្យកាន់តែរឹងមាំពីក្មេង ពេលចាស់ទៅយើងនឹងមាន «ដើមទុនសុខភាព» ច្រើន មិនងាយទន់ដៃទន់ជើង ឬបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ។
ពង្រឹងសាច់ដុំជើង៖ បញ្ហាធំបំផុតរបស់មនុស្សចាស់គឺការរអិលដួល។ ការរក្សាសាច់ដុំជើងឱ្យរឹងមាំ ជួយទប់លំនឹងបានល្អ និងកាត់បន្ថយគ្រោះថ្នាក់បានច្រើន។
ជ្រើសរើសកីឡាដែលចូលចិត្ត៖ ការលេងវាយសី (Badminton) វាយតេន្នីស ឬការជិះកង់ ត្រូវបានគេរកឃើញថាជួយឱ្យអាយុវែង និងកាត់បន្ថយជំងឺបេះដូង។
សកម្មភាពសាមញ្ញប្រចាំថ្ងៃ៖ មិនចាំបាច់ហាត់ប្រាណដល់ថ្នាក់រត់ម៉ារ៉ាតុងនោះទេ។ ការដើរញាប់ៗត្រឹមតែ ១៥ នាទីក្រោយបាយរួច ក៏ជួយពន្យឺតភាពចាស់នៃខួរក្បាល និងសម្រួលដល់ការរំលាយអាហារបានយ៉ាងមានប្រសិទ្ធភាពដែរ។
២. ថែទាំធ្មេញ និងកាត់បន្ថយការផឹកគ្រឿងស្រវឹង ដើម្បីការពារខួរក្បាល
ជំងឺភ្លេចភ្លាំង (Dementia) ពេលចាស់ អាចចាប់ផ្ដើមបង្កឡើងដោយសារទម្លាប់តូចតាចពីវ័យក្មេង៖
ដុសធ្មេញឱ្យបានស្អាត៖ ការរលាកអញ្ចាញធ្មេញរ៉ាំរ៉ៃ បង្កើតមេរោគនិងការរលាកក្នុងរាងកាយ ដែលអាចរាលដាលដល់ខួរក្បាល និងធ្វើឱ្យការចងចាំចុះខ្សោយ។ ដូច្នេះការដុសធ្មេញឱ្យបានទៀងទាត់ និងកាត់បន្ថយភេសជ្ជៈផ្អែមៗ គឺជាខែលការពារខួរក្បាលដ៏ល្អ។
បន្ថយការជួបជុំផឹកស៊ី៖ ជាតិអាល់កុលមិនត្រឹមតែបំផ្លាញថ្លើមនោះទេ ប៉ុន្តែវាជំរុញឱ្យកោសិកាឆាប់ចាស់មុនអាយុ និងបំផ្លាញគុណភាពនៃការគេងទាំងស្រុង។
៣. គេងឱ្យទៀងម៉ោង

រាងកាយរបស់មនុស្សយើងដំណើរការតាមចង្វាក់ ២៤ ម៉ោង។ ពេលយើងគេងលក់ គឺជារយៈពេលដែលកោសិកាជួសជុលចំណុចខូចខាត និងលាងសម្អាតជាតិពុលចេញពីខួរក្បាល។
ចូលគេង និងក្រោកឱ្យចំម៉ោងដដែលៗ៖ ការគេងមិនទៀងទាត់ ធ្វើឱ្យប្រព័ន្ធមេតាបូលីសរញ៉េរញ៉ៃ អស់កម្លាំង និងប៉ះពាល់ដល់ការផ្ដោតអារម្មណ៍។ ដូច្នេះ ជំនួសឱ្យការប្រើនាឡិការោទិ៍ដើម្បីដាស់ឱ្យភ្ញាក់ពីគេង ចូរដាក់រោទិ៍នៅពេលយប់ដើម្បីដាស់តឿនខ្លួនឯងឱ្យបិទទូរសព្ទ ហើយចូលគេងឱ្យទាន់ម៉ោង។
៤. សាកល្បងរូបមន្តញ៉ាំអាហារ ១២:១២
កោសិការាងកាយដំណើរការក្រោមគោលការណ៍សាមញ្ញមួយ «ពេលញ៉ាំគឺកសាង ពេលតមគឺជួសជុល»។ បើយើងញ៉ាំអីពេញមួយថ្ងៃ រាងកាយត្រូវរវល់តែរំលាយអាហារ គ្មានពេលទំនេរដើម្បីជួសជុលកោសិកាចាស់ៗឡើយ។
មិនចាំបាច់តមអាហារតឹងរ៉ឹងពេកទេ គ្រាន់តែអនុវត្តរូបមន្ត ១២:១២ គឺគ្រប់គ្រាន់។ ឧទាហរណ៍៖ បើអ្នកញ៉ាំអាហារពេលល្ងាចចប់នៅម៉ោង ៧:០០ យប់ សូមកុំញ៉ាំចំណីផ្ដេសផ្ដាសទៀត ហើយរង់ចាំដល់ម៉ោង ៧:០០ ព្រឹកថ្ងៃបន្ទាប់ ទើបញ៉ាំអាហារពេលព្រឹក។ រយៈពេល ១២ ម៉ោងនេះ (ដែលរួមបញ្ចូលទាំងពេលគេងយប់ផង) គឺគ្រប់គ្រាន់ឱ្យរាងកាយបានសម្រាក និងជួសជុលខ្លួនឯងបានពេញលេញ។
ការកែប្រែទម្លាប់រស់នៅមិនដែលមានពាក្យថាយឺតពេលនោះទេ ប៉ុន្តែការចាប់ផ្ដើមតាំងពីវ័យ ៣០ ឆ្នាំ តាមរយៈការដើរបន្តិចបន្តួច គេងឱ្យទៀងពេល និងបន្ថយការផឹកគ្រឿងស្រវឹង គឺជាជម្រើសដ៏ល្អបំផុត ដើម្បីធានាថាពេលយើងឈានដល់វ័យ ៧០ ឆ្នាំ យើងនៅតែរស់នៅដោយមានកម្លាំងមាំមួន និងមានភាពឯករាជ្យលើខ្លួនឯង៕













































































