ក្រសួងអប់រំ យុវជន និងកីឡា កំពុងតែធ្វើយុទ្ធនាការក្នុងការចងមេត្រីភាព រវាងអង្គភាពថ្នាក់កណ្តាលរបស់ខ្លួន ជាមួយសាលារៀនដែលរងគ្រោះដោយសារជម្លោះ ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីគាំទ្រសេវាអប់រំ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
នាយកដ្ឋានអប់រំ យុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន គឺជាអង្គភាពមួយ ក្នុងចំណោមអង្គភាពថ្នាក់កណ្តាលចំណុះឱ្យក្រសួងអប់រំ យុវជន និងកីឡា ដែលបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពជាមួយសាលាបឋមសិក្សាតេជោបុស្បូវ ស្ថិតក្នុងមណ្ឌលជនភៀសសឹកបាក់កាំ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ មីនា។
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំ យុវជន និងកុមារ មានប្រសាសន៍ថា ការចងសម្ព័ន្ធមេត្រីភាព របស់អង្គភាពថ្នាក់កណ្តាល នៃក្រសួងអប់រំ យុវជន និងកីឡា ជាមួយសាលារៀននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នេះ គឺជាយន្តការមួយដែលដាក់ចេញដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយគាំទ្រ និងស្តារឡើងវិញ នូវការផ្តល់សេវាអប់រំ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងទាន់ពេលវេលាចំពោះគ្រឹះស្ថានសិក្សាដែលរងផលប៉ះពាល់ ពីការឈ្លានពានរបស់ប្រទេសជិតខាង។

បើតាមលោក ផនសីហា ការចងសម្ព័ន្ធមេត្រីភាពជាមួយសាលារៀននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនមែនមានត្រឹមតែអង្គភាពថ្នាក់កណ្តាលរបស់ក្រសួងអប់រំប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏រួមមានទាំងមន្ទីរអប់រំ រាជធានីខេត្តទាំង២៥ ព្រមជាមួយវិទ្យាល័យ ក៏ដូចជាសាកលវិទ្យាល័យដែលមានលទ្ធភាពផងដែរ។
តាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ មានសាលារៀនរដ្ឋសរុបចំនួន ១២២៧ ស្ថិតក្នុងខេត្តចំនួន៧តាមបណ្តោយព្រំដែនបានរងផលប៉ះពាល់ ក្នុងនោះសាលារៀនចំនួន ២៧បានប៉ះពាល់លើអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធអប់រំ។

បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីចុងខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់នឹងសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២៦នេះ នៅមានសាលារៀនចំនួន ២០ មិនទាន់បានបើកដំណើរការឡើងវិញនៅឡើយទេ, នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦៕





























