យោងតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ថ្នាក់មួយ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី (NGS-G) ដែលមានសិស្សសរុប ៣៦នាក់ ពួកគេទទួលបាននិទ្ទេស A រហូតដល់ទៅ៣២នាក់ ខណៈ ៤នាក់ផ្សេងទៀត ទទួលបាននិទ្ទេស B។
លោក សំ គឹមសាន្ត នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី មានប្រសាសន៍ថា តាមរយៈលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ លោកពិតជាមានអារម្មណ៍សប្បាយរីករាយ និងរំជួលចិត្តដែលលទ្ធផលនេះ បង្ហាញពីការងារដែលបានខិតខំប្រឹងប្រែង។
ជាការពិតទៅ លទ្ធផលល្អនេះ វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី ទទួលបានជារៀងរាល់ឆ្នាំ ពោលគឺសិស្សទទួលបាននិទ្ទេស A ច្រើនដូចគ្នាដែរ ប៉ុន្តែការចាប់អារម្មណ៍សម្រាប់ឆ្នាំនេះ គឺសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បានធ្វើកំណែទម្រង់ដោយផ្ដោតលើការប្រឡងបាក់ឌុបនេះតែម្តង ដោយប្រៀបធៀបឃើញថា សិស្សដែលប្រឡងថ្នាក់ទី១២ NGS-G ឆ្នាំទៅ មានសិស្សសរុប ៣៦នាក់ ទទួលបាននិទ្ទេស A ២៧នាក់ ក្រៅពីនោះទទួលបាននិទ្ទេស B ហើយសម្រាប់ឆ្នាំនេះ ថ្នាក់ទី១២ NGS-G គឺមានសិស្ស ៣២នាក់ ទទួលបាននិទ្ទេស A និងមានសិស្សតែ ៤នាក់ប៉ុណ្ណោះទទួលបាននិទ្ទេស B។
នេះជាការធ្វើការងារដោយមោទនភាព តាមរយៈលទ្ធផលនេះ យើងសប្បាយរីករាយនឹងទទួល ហើយវាជាការរៀបចំផែនការមួយដ៏ត្រឹមត្រូវ
នាយករងនៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ បន្ថែមថា លទ្ធផលនេះ បានមកពីផែនការយុទ្ធសាស្រ្តគាំទ្រសិស្ស ២ចំណុចសំខាន់ៗរបស់សាលា គឺទី១. លោកគ្រូ អ្នកគ្រូ ត្រូវស្គាល់ពីតម្រូវការកូនសិស្ស និងរបៀបរៀនរបស់សិស្សឱ្យអស់ ដោយរៀបចំផែនការគាំទ្រសិស្សទៅតាមកម្រិតយល់ដឹងរបស់សិស្ស ទី២. សាលាត្រូវគាំទ្រគ្រូបង្រៀន សិស្ស និងអាណាព្យាបាលសិស្ស ដោយសហការតាមដានការសិក្សា និងលើកទឹកចិត្តជាដើម។
លោក សំ គឹមសាន្ត លើកឡើងថា តាមរយៈការខិតខំប្រឹងប្រែងនេះ គឺជាអាទិភាពមួយរបស់សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដោយជាក់ស្ដែងក្នុងចំណោមសិស្សដែលប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ គឺមានចំនួន ៦៧នាក់ដែលបានធ្វើដំណើរត្រៀមបន្តការសិក្សានៅក្រៅប្រទេសរួចជាស្រេច តាមរយៈការទទួលបានអាហារូបករណ៍លើជំនាញផ្សេងៗគ្នារួមមាន ផ្នែកបច្ចេកវិទ្យា សុខាភិបាល សេដ្ឋកិច្ច បដិសណ្ឋារកិច្ច នៅបណ្ដាប្រទេសដូចជា ចិន អូស្រ្តាលី ជប៉ុន កូរ៉េ ជាដើម។
លោក សំ គឹមសាន្ត សង្ឃឹមថា ការប្រឹងប្រែងដែលទទួលបានលទ្ធផលល្អនេះ សិស្សានុសិស្សនឹងក្លាយជាធនធានមនុស្សរបស់ជាតិ ហើយក៏នឹងក្លាយជាមូលធនរបស់ប្រទេសមួយដ៏ចាំបាច់បំផុត ដើម្បីចូលរួមជួយដល់កំណើនសេដ្ឋកិច្ច។
ក្នុងនាមជាថ្នាក់ដឹកនាំសាលាមួយរូប លោក សំ គឹមសាន សង្កត់ធ្ងន់ថា នៅឆ្នាំបន្ទាប់ សាលានឹងបន្តធ្វើតាមផែនការយុទ្ធសាស្រ្តដែលកំពុងជោគជ័យ ក៏ដូចជាបន្តពង្រឹងនូវការងារគ្រប់គ្រងអប់រំឱ្យកាន់តែច្បាស់លាស់ និងម៉ឺងម៉ាត់ថែមទៀត និងស្វែងរកកម្មវិធីសិក្សា ព័ត៌មានសំខាន់ផ្សេងៗទៀត សម្រាប់ផ្ដល់ជាផែនទីបង្ហាញផ្លូវឱ្យសិស្សបានដឹងទាក់ទងនឹងជំនាញសិក្សា ការជ្រើសរើសសាកលវិទ្យាល័យ ឱកាសទទួលបានអាហារូបករណ៍សិក្សានៅក្រៅប្រទេសអំឡុងពេលសិស្សរៀននៅថ្នាក់ទី១០ ទី១១ និងទី១២។ ”ក្នុងនាម យើងជាគណៈគ្រប់គ្រងសាលាមិនផ្ដោតតែលើការរៀនធ្វើតែលំហាត់មិនគ្រប់គ្រាន់ទេ យើងត្រូវបង្ហាញជាគន្លងអាជីពដល់ពួកគេនីមួយៗទៅទៀត”។
បើតាម លោក សំ គឹមសាន្ត សិស្សថ្នាក់ទី១២ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ មានចំនួន ៦ថ្នាក់ ដែលមានបេក្ខជនសរុបទាំងអស់ ២៤៦នាក់។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦នេះ បេក្ខជនប្រឡងជាប់មានចំនួន ១២៥,៩៧៥នាក់ ស្មើនឹង ៨៤.០៦% នៃចំនួនបេក្ខជនដែលបានមកប្រឡង ខណៈបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២,០២២នាក់៕















































































