វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅតែបន្តរក្សាលំនឹង ដោយមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ១០០ភាគរយ និងគ្មានសិស្សនិទ្ទេស E ឡើយ នៅក្នុងឆ្នាំនេះ ក្នុងនោះ សិស្សទទូលបាននិទ្ទេស A មានចំនួន ១៥នាក់, និទ្ទេស B ៧៥នាក់, និទ្ទេស C ៧៧នាក់ និងនិទ្ទេស D ១៣នាក់។
លោក សឿង រដ្ឋា នាយកវិទ្យាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស មានប្រសាសន៍ថា លទ្ធផលរបស់សិស្សប្រឡងបាក់ឌុបជាប់ ១០០ភាគរយ និងគ្មានសិស្សនិទ្ទេស E គឺជាភាពជោគជ័យរបស់វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ដែលបានអនុវត្តកន្លងមក គឺការរៀនពេញមួយថ្ងៃ។ លោកថា កម្មវិធីនេះ ផ្ដោតលើគោលការណ៍៣ចំណុចសំខាន់ៗរួមមាន ទី១. គុណភាព ទី២. ប្រសិទ្ធភាព និងទី៣. ជំនឿជាក់ និងទំនុកចិត្ត ដែលធ្វើឱ្យមាតាបិតា អាណាព្យាបាលសិស្ស មានការជឿជាក់ និងចូលរួមគាំទ្រសាលារហូតមកដល់ពេលបច្ចុប្បន្ននេះ។
នាយកវិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស បន្ថែមទៀតថា មកដល់ពេលនេះ កម្មវិធីរៀនពេញមួយថ្ងៃ បាននិងកំពុងអនុវត្ត ដែលបន្តជួយសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ គឺចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ដែលជំរុញឱ្យសិស្សមានមូលដ្ឋានគ្រឹះកាន់តែប្រសើរឡើង។ លោក រដ្ឋា បន្តថា ការធ្វើឱ្យលទ្ធផលសិក្សាសិស្សកាន់តែប្រសើរឡើង ក៏ដោយសារមានការលះបង់ ការទទួលខុសត្រូវទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួនពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាការប្ដេជ្ញាចិត្ត និងមនសិការវិជ្ជាជីវៈខ្ពស់របស់លោកគ្រូ អ្នកគ្រូ ទាំងអស់ក្នុងសាលា ក៏ដូចជាមានការចូលរួមពីអាណាព្យាបាល សិស្សានុសិស្ស រួមជាមួយអាជ្ញាធរផងដែរ។

ជាមួយគ្នានេះ លោក សឿង រដ្ឋា មានក្ដីរំពឹងយ៉ាងមុតមាំថា សិស្សានុសិស្សដែលចេញពីវិទ្យាល័យដើមឫស នឹងក្លាយជាធនធានមនុស្សដែលពោរពេញទៅដោយសក្ដានុពល តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្របន្តទៅថ្នាក់ឧត្តមសិក្សា ឬចាប់យកជំនាញវិជ្ជាជីវៈទៅតាមចំណង់ចំណូលចិត្ត ក៏ដូចជាស្របទៅតាមសមត្ថភាព និងសក្កដានុពលរបស់ខ្លួន ដើម្បីរួមចំណែកជួយអភិវឌ្ឍសង្គមជាតិនាពេលអនាគត។
គួរជម្រាបជូនដែរថា រយៈពេល១០ឆ្នាំមកនេះ វិទ្យាល័យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស មានសិស្សត្រឹមតែ ២នាក់ប៉ុណ្ណោះដែលមិនទទួលបានជោគជ័យក្នុងការប្រឡង ដោយមានសិស្សម្នាក់ប្រឡងធ្លាក់នៅឆ្នាំ២០១៨ និងម្នាក់ទៀតនៅឆ្នាំ២០២៣។ ក្រៅពីនេះ សាលាសម្រេចបានលទ្ធផលជាប់ជាបន្តបន្ទាប់ ខណៈឆ្នាំ២០២៦នេះ ក៏នៅតែរក្សាបានអត្រាជាប់ ១០០ភាគរយ និងគ្មានសិស្សនិទ្ទេស E ៕













































































